ឯកឧត្តម ហ៊ុន ម៉ាណែត “ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមការងារយើងមិនទាន់មានសិទ្ធិសម្រាកទេ”

TNM(ភ្នំពេញ) ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះថា បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ កម្រិតស្រាលនៅកោះពេជ្រជំហានទី២ ដែលបង្កើនចំនួនគ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ នៅមណ្ឌលកោះពេជ្រដល់ប្រមាណជិត២៦០០គ្រែ ក្រុមការងារបានបន្តទៅរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ មួយកន្លែងទៀតនៅក្នុងខណ្ឌដង្កោ ដើម្បីត្រៀមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងករណីមានតម្រូវការចាំបាច់។

ខ្ញុំនិងក្រុមការងារសង្ឃឹមថាការឆ្លងនិងរីករាលដាលនៃជំងឺកូវីដ១៩ នឹងត្រូវបញ្ចប់នៅក្នុងពេលឆាប់គ្រប់មុខ ហើយទីតាំងដែលយើងរៀបចំទាំងនេះនឹងមិនមានតម្រូវការប្រើប្រាស់នោះទេ។ ប៉ុន្តែទោះជាយ៉ាងណា ក៏យើងនឹងខិតខំប្រឹងប្រែងរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ ទាំងនេះឲ្យបានឆាប់រហ័សនិងបានល្អ ក្នុងករណីមានតម្រូវការចាំបាច់ក្នុងការទទួលព្យាបាលបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៏អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស៕

អត្ថបទដែលជាប់ទាក់ទង