សន្និបាត​បញ្ញវន្ត​ពិភពលោកពង្រឹកសក្តានុពល​ធនធាន​មនុស្សរបស់កម្ពុជា

នេះជាឆ្នាំទី ១០ ដែលសន្និបាត​បញ្ញវន្ត​ពិភពលោកប្រព្រឹត្តឡើង និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសសម្រាប់សិស្ស និស្សិត និងបញ្ញវន្តរាប់ម៉ឺននាក់សម្រេចនូវក្តីស្រមៃបន្តការសិក្សានៅបរទេស តាមរយៈវេទិកាជំនួបបញ្ញវន្តពិភពលោក និង
ពិព័រណ៍ការសិក្សា និងការងារដ៏ធំជាងគេនៅកម្ពុជា។

សន្និបាតនឹងចាប់ផ្តើមជាមួយនឹងកម្មវិធីអាហារពេលល្ងាចនាល្ងាចថ្ងៃសុក្រទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញដោយមានការចូលរួមពីសំណាក់អតីតសិស្ស និស្សិត អ្នកតំណាងស្ថាប័នអប់រំអន្តរជាតិ មន្ត្រីក្នុងបណ្តាក្រសួង និងស្ថានទូតនានា សហគ្រិន និងថ្នាក់ដឹកនាំធុរកិច្ច និងសង្គមស៊ីវិលជាច្រើនជុំវិញពិភពលោក។

លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងសាលា ACE និងជាស្ថាបនិកនៃសន្និបាត​បញ្ញវន្ត​ពិភពលោកបានលើកឡើងថា៖ <<សន្និបាត​បញ្ញវន្ត​ពិភពលោក បង្ហាញពីសក្តានុពល​ធនធាន​មនុស្សរបស់កម្ពុជាដោយបានប្រមូលផ្តុំនូវបញ្ញវន្តក្រោយបញ្ចប់ការសិក្សានៅបរទេស និងចូលរួមអភិវឌ្ឍសង្គមជាតិ។ វេទិកានេះពិតជាបានជម្រុញដល់អ្នកចូលរួមដទៃទៀត ស្វែងយល់អំពីគុណតម្លៃនៃការអប់រំប្រកបដោយគុណភាព និងអនុញ្ញាតឲ្យជួបប្រឹក្សាផ្ទាល់ជាមួយអ្នកតំណាងស្ថាប័នលើគ្រប់កម្រិតសិក្សាមកពីជុំវិញពិភពលោក។>>

សន្និបាតនឹងបន្តជាមួយនឹងពិព័រណ៍ការសិក្សា និងការងារ (ក្រោមការចូលរួមដោយឥតគិតថ្លៃ) រយៈពេល ២ ថ្ងៃ នៅថ្ងៃទី៩ ខែវិច្ឆិកា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ និងនៅថ្ងៃទី១០ ខែវិច្ឆិកា នៅឯសណ្ឋាគារសូហ្វីតែលក្រុងសៀមរាប សម្រាប់សិស្ស និស្សិត បញ្ញវន្ត និងអាណាព្យាបាលស្វែងយល់ព័ត៌មានអំពីជម្រើសសិក្សាលំដាប់ពិភពលោកនៅបរទេសរួមមាន ប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស និងអៀរឡង់ សហរដ្ឋអាមេរិក កាណាដា ជាដើម។

ក្នុងនោះវាគ្មិនជាតិ និង អន្តរជាតិជាច្រើនរូបក៏នឹងចែករំលែកទ្រឹស្តី និងបទពិសោធន៍ការងារដល់អ្នកចូលរួមជាច្រើនពាន់នាក់ អំពីការជ្រើសរើសមុខជំនាញសិក្សាដែលឆ្លើយតបនឹងតម្រូវការ លក្ខខ័ណ្ឌសិក្សា និងរស់នៅបរទេស គន្លឹះនៃការដាក់ពាក្យអាហារូករណ៍ ព្រមទាំងការអភិវឌ្ឍន៍ជំនាញសំខាន់ៗដើម្បីទទួលបានឱកាសការងារដ៏ប្រពៃ។

ក្នុងនោះ សាលា ACE និង IDP IELTS ក៏មានវត្តមានដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ជំនាញភាសាអង់គ្លេស និងប្រឡងតេស្ត IELTS ព្រមទាំងអ្នកតំណាងកម្មវិធីអាហារូករណ៍នានារួមមាន  Australia Awards, New Zealand Scholarships, Chevening និង Fulbright ជាដើម។

សនិ្នបាតបញ្ញវន្តពិភពលោកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ និងប្រារព្ធជារៀងរាល់ឆ្នាំដោយប្រមូលផ្តុំនូវសិស្ស និស្សិតកម្ពុជា ដែលបានបញ្ចប់ការសិក្សាពីប្រទេសអូស្ត្រាលី កម្ពុជា កាណាដា ចិន បារាំង ជប៉ុន កូរ៉េ ម៉ាឡេស៊ី ណូវែលហ្សេឡង់ រូស្ស៊ី សិង្ហបុរី ថៃ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

ស្ថាប័ន IDP Education ជាស្ថាប័នឈានមុខគេលើពិភពលោកលើសេវាប្រឹក្សាយោបល់ទៅសិក្សានៅបរទេស បច្ចុប្បន្នមាន ២៣០ ការិយាល័យ នៅបណ្តា ៩០ ប្រទេសជុំវិញពិភពលោក។ វត្តមានដំបូងនៅកម្ពុជាក្នុងឆ្នាំ ១៩៩២ ស្ថាប័នក៏កំពុងបន្តពង្រីកវិសាលភាពលើសេវាកម្មអប់រំ និងបណ្តុះបណ្តាលជំនាញតាមរយៈកម្មវិធីសិក្សាលំដាប់ពិភពលោកពីសាលា ACE ដែលរួមមាន ៦ ទីតាំងក្នុងរាជធានីភ្នំពេញ និងក្រុងសៀមរាប។ ស្ថាប័នក៏ជាអ្នកផ្តល់តេស្ត IELTS ផ្លូវការនៅកម្ពុជាផងដែរ។

ដើម្បីចូលរួម៖ gac@idp.com ឬ 086 667 135

ជួបគ្នាឆាប់ៗនេះ!

 

អត្ថបទដែលជាប់ទាក់ទង