ក្រុមហ៊ុនយន្តហោះអាមេរិកបង្ហាញចំណាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា
នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានផ្នែកលក់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក អូស្រ្តាលី និងនូវែលសេឡង់ នៃក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប លោក Julien Nargeot បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងការចាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា។ លោក Julien Nargeot បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន Gulfstream Aerospace Corporation គឺជាក្រុមហ៊ុនផ្គត់ផ្គត់យន្តហោះឈាឈានមុខមួយរបស់សហរដ្ឋអាមេរិក ដោយផ្តោតលើយន្តហោះឯកជន(Private Jet)។ ក្រុមហ៊ុន Gulfstream Aerospace Corporation មានបំណងចូលរួមអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា ដើម្បីរួមចំណែកពពង្រីកការតភ្ជាប់ និងទេសចរណ៍ នៅក្នុងតំបន់ និងពិភពលោក។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ក៏ដូចជាសម្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ការធ្វើធុរកិច្ចក្នុងឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា នឹងផ្តល់ឱកាសល្អដល់ក្រុមហ៊ុន។ បន្ថែមលើនេះ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធនានា ដើម្បីស្វែងយល់លម្អិតបន្ថែមអំពីសក្តានុពលនៃការវិនិយោគនៅក្នុងឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជាផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី