បង្ក្រាបជនជាតិចិនជាង១០នាក់ដែលកំពុងលួចធ្វើដំណើរឆ្លងខេត្តដោយបន្លំជិះក្នុងឡានដឹកទំនិញ
TNM(ខេត្តកំពត) ៖ កម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានបង្ក្រាបជនជាតិចិន ១៤នាក់ ដែលបម្រុងធ្វើដំណើរឆ្លងកាត់ខេត្តកំពត ទៅរាជធានីភ្នំពេញ បន្លំជិះក្នុងរថយន្ដដឹកជំនិញដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។
បើតាមប្រភពពីនគរបាលខេត្តកំពងបានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូកបានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភំ្នពេញ 2AH-0465 នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានដឹកជនជាតិចិនចំនួន១១នាក់ (ប្រុស) ល្មើសបម្រាមរាជរដ្ឋាភិបាលដោយឆ្លងកាត់ពីខេត្តព្រះសីហនុ មកខេត្តកំពត ឆ្លងកាត់ភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។
ប្រភពបានបញ្ជាក់ថា តាមការសួរនាំជំហ៊ានដំបូង ពួកគេធ្វើដំណើរមកពីខេត្តព្រះសីហនុ ហើយក្នុងគោលដៅទៅរាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្ដខាងលើនេះ បិទបាំងកេសស្នោនៅជុំវិញកញ្ចប់ ដើម្បីបន្លំភ្នែកសមត្ថកិច្ចថាជារថយន្ដដឹកគ្រឿងសមុទ្រ។ បច្ចុប្បន្នជនសង្ស័យទាំង១៤នាក់នោះ ត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីស្រាវជ្រាវតាមខ្លួនមេក្លោងបន្ដទៀត៕