នាយករដ្ឋមន្រ្តីកម្ពុជា និងថៃ សន្យាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រីផេថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានសន្យាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយគ្នាឲ្យកាន់តែ ខ្លាំងក្លាបន្ថែមទៀត ហើយប្រកាសនឹងរៀបចំឲ្យមានសកម្មភាពមួយចំនួនដើម្បីអបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ នាឆ្នាំ២០២៥ខាងមុខនេះផងដែរ។

ការសន្យារបស់នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ(កម្ពុជា-ថៃ)នេះគឺបានធ្វើឡើងនៅក្នុងកិច្ចជំនួប មួយនាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះនៅរដ្ឋធានីវៀងច័ន្ទន៍ប្រទេសឡាវក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនោះ។

ក្នុងឱកាសនៃជំនួបនោះលោកនាយករដ្ឋមន្រ្តីថៃ បានថ្លែងអំណរគុណ សម្ដេចបវរធិបតី ដែលបានផ្ញើសារអបអរសាទរលោកជំទាវ មុនគេបង្អស់នៅពេលដែលលោកជំទាវត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី។ លោកជំទាវ នាយករដ្ឋមន្រ្តី បានកត់សម្គាល់ដោយក្តីរីករាយនូវភាពរីកចម្រើនថែមទៀតនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចបវរធិបតីនៅប្រទេសថៃ កាលពីខែកុម្ភៈឆ្នាំ ២០២៤។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរសម្ដេចបវរធិបតីនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ថៃ ដែលត្រូវបានដំឡើងដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឆ្នាំ២០២៤នេះ។ សម្តេចបវរធិបតី និងលោកជំទាវនាយករដ្ឋមន្រ្តី បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន៖ ការចាប់ផ្ដើមឡើងវិញនូវកិច្ចប្រជុំយន្តការទ្វេភាគីមួយចំនួន ការសិក្សាអំពីលទ្ធភាពនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបំពេញគ្នាទៅវិញទៅមក ការតភ្ជាប់រវាងប្រជាជននិងប្រជាជន វិស័យទេសចរណ៍ វិស័យការពារជាតិ និងសន្តិសុខ ជាដើម។

ជាមួយគ្នានោះដែរ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរក៏បានឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លា និងប្រគល់ជូនក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីសម្របសម្រួលកិច្ចពិភាក្សាបន្ត ពាក់ព័ន្ធនឹងប្រធានបទខាងលើ ព្រមទាំងរៀបចំឱ្យមានសកម្មភាពមួយចំនួន ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ នាឆ្នាំ២០២៥៕   សម្រួលដោយ ​ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង