ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានដាំដើមឈើចំនួនមួយពាន់ដើមជាងនៅក្នុងក្រុងសៀមរាប
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ក្រោមកិច្ច សហការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីដាំដើមឈើប្រភេទដើមឥន្ធនេលចំនួន ១៣៥០ ដើម នៅតាមបណ្តោយផ្លូវជាតិលេខ៦ ពីស្តុបសណ្ឋាគារសុខា រហូតដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ក្នុងក្រុងសៀមរាប។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងវត្តមានថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន អ អិម អេ ដៃគូអាជីវកម្ម មន្រ្តីរាជការ កងកម្លាំងរក្សាសន្តិសុខ អ្នកស័្មគ្រចិត្ត និងសប្បុរសជនផងដែរ។
ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តម យុន លីនណេ បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានបង្ហាញឱ្យឃើញថាការចូលរួមរវាងវិស័យរដ្ឋ និងវិស័យឯកជននៅពេលនេះ គឺកាន់តែរឹងមាំ ហើយសមាជិកនៃវិស័យឯកជនទាំងអស់គឺជាផ្នែកមួយនៃការរួមចំណែកដល់សេដ្ឋកិច្ចខេត្តសៀមរាប និងសេដ្ឋកិច្ចប្រទេសជាតិទាំងមូល»។ លោកបានបន្តទៀតថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានរួមចំណែក ធំបំផុតក្នុងយុទ្ធនាការដាំដើមឈើក្នុងខេត្តសៀមរាប ដោយបានឧបត្ថម្ភដើមឈើចំនួន ១៣៥០ ដើម ក្នុងចំណោមចំនួនសិត្ថិដើមឈើទាំងអស់ដែលត្រូវបានដាំប្រមាណជាង ៧០០០ ដើម។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានលើកឡើងថា ការរួមគ្នាក្នុងបុព្វហេតុដ៏មានអត្ថន័យមួយនេះ បានសរបង្ហាញឱ្យឃើញពីនិមិត្តរូបនៃសាមគ្គីភាព និងចលនាបំផុសគំនិត បណ្តុះសា្មរតីដល់យុវជនជំនាន់ក្រោយឱ្យចេះស្រលាញ់ ការពារបរិស្ថាន អភិរក្សធនធានធម្មជាតិដែលមានស្រាប់ និងបន្តដាំដុះបន្ថែម ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរួមមួយ ក្នុងការប្រែក្លាយខេត្តសៀមរាបឱ្យទៅជាខេត្តបៃតង មានសោភ័ណ្ឌស្អាត និងល្បីល្បាញថែមមួយកម្រិតទៀត ហើយក៏អាចជាការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យមកលេងកំសាន្តតំបន់ទេសចរណ៍មួយនេះកាន់តែច្រើនកុះករផងដែរ។
ជាមួយគ្នានេះដែរ លោកអគ្គនាយកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិបាលរងខេត្ត រដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន អ អិម អេ មន្ទីរពាក់ព័ន្ធ ដៃគូអាជីវកម្ម អតិថិជន អ្នកស្ម័គ្រចិត្ត បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដែលបានចូលរួមចំណែកក្នុងការឧបត្ថម្ភ និងដាំដើមឈើជាមួយនឹងក្រុមហ៊ុន។
ជានិច្ចកាល ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមចំណែកក្នុងសកម្មភាពសង្គមដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម។ ថ្មីៗនេះក្រុមហ៊ុនបានរៀបចំនូវយុទ្ធនាការដាំដើមឈើចំនួន ១០០០ ដើមក្នុងខេត្តពោធិ៍សាត់ និងជាច្រើនដើមទៀតនៅខេត្តតាកែវ និងខេត្តកំពត។ បន្ថែមពីនេះ ក្រុមហ៊ុនបានធ្វើការឧបត្ថម្ភរថយន្តដឹកវ៉ាក់សាំង រថយន្តសង្គ្រោះបន្ទាន់ បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសចំនួន ៦ នៅទូទាំងប្រទេស ជួសជុលសាលាមត្តេយ្យ និងបឋមសិក្សាដែលចាស់ទ្រុឌទ្រោម សាងសង់បន្ទប់ទឹកស្អាត ជីកអណ្តូងជូនសហគមន៍ដែលជួបគ្រោះរាំងស្ងួត រៀបចំកម្មវិធីរត់សប្បុរសធម៌ប្រមូលថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ឧបត្ថម្ភកង់ និងសម្ភារៈសិក្សាដល់សិស្សានុសិស្សក្រីក្រ និងសកម្មភាពមនុស្សធម៌ជាច្រើនទៀតដើម្បីផ្តល់ត្រឡប់ទៅសង្គមជាតិវិញ៕
អំពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក. មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣២ ឆ្នាំមកហើយចាប់តាំងពីឆ្នាំ១៩៩២ ក្នុងការផ្តល់ជូននូវសេវាកម្ម និងនាំយកផលិតផលល្បីៗលើពិភពលោកមកកាន់ទីផ្សារកម្ពុជា រួមមាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឃ្លាំង សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មជួលរថយន្ត។
ក្រុមហ៊ុននេះជាក្រុមហ៊ុនដែលនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើនដូចជា៖ រថយន្តហ្វដ (Ford) ដែលជារថយន្តជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងទីផ្សារឧស្សាហកម្មយានយន្តកម្ពុជារយៈពេល ៥ ឆ្នាំជាប់ៗគ្នា ដែលភាពជោគជ័យរបស់វិស័យយានយន្តហ្វដនេះ ជំរុញឱ្យមានការបើកនូវរោងចក្រតំឡើងរថយន្តហ្វដ នៅក្នុងខេត្តពោធិ៍សាត់កាលពីឆ្នាំ២០២២ បន្ថែមពីនេះក៏មានរថយន្តម៉ាក Land Rover រថយន្ត Jeep និង Ram រថយន្ត ChangAn សេវាកម្មថែទាំ និងជួសជុលរថយន្ត Mercedes-Benz គ្រឿងចក្រធុនធ្ងន់ម៉ាកជេស៊ីប៊ី (JCB) រថយន្តដឹកទំនិញ FUSO គ្រឿងយន្តកសិកម្មចនឌារ (John Deere) កង់បីព្យាចូ (Piaggio) អាគុយRB ថ្នាំពណ៌RM ម៉ាស៊ីនលើកដាក់ទំនិញម៉ាកTCM ឧបករណ៍សម្អាត និងផលិតផលជាច្រើនទៀតផងដែរ។ សម្រួលដោយ ទៀង បុណ្ណរី