ក្រុមហ៊ុន អ អិម អេ ខេមបូឌា និងក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីរួមចំណែកការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជា្ជជីវៈ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈកម្មវិធីហ្វឹកហ្វឺនកូនជាង ការបណ្តុះបណ្តា-លតាមបច្ចេកវិទ្យាចុងក្រោយ និង សេវាការងារសាធារណៈ» ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ។
អនុស្សរណៈនៃការយោគយល់គ្នានេះមានសុពលភាពរយៈពេលប្រាំឆ្នាំ (២០២៤-២០២៩) និងមានគោលបំណងដើម្បីបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ឆ្នាំ ២០២៤-២០២៨ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល អ អិម អេ (RMA Training Center) នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តា-លបច្ចេកទេស និងវិជ្ជាជីវៈ ព្រមជាមួយនឹងការផ្តល់ជំនួយបច្ចេកទេស និងបច្ចេកវិទ្យាចុងក្រោយ និងកម្មវិធីបណ្តុះបណ្តាលជំនាញសំខាន់ៗផ្សេងទៀត។
ថ្លែងក្នុងអង្គពិធី ឯកឧត្តម ហេង សួរ បានសង្កត់ធ្ងន់ថាអនុស្សរណៈនេះនឹងធ្វើឱ្យធនធានមនុស្សកម្ពុជាកាន់តែមានសមត្ថភាពខ្ពស់តាមរយៈការបណ្តុះបណ្តាលបច្ចេកវិទ្យាចុងក្រោយ និងសេវាសាធារណៈតាមរយៈការបណ្តុះបណ្តាលកូនជាង ដែលក្រុមហ៊ុន អ អិម អេ នឹងទទួលយកសិស្សនិស្សិតដែលកំពុងសិក្សា និងបញ្ចប់ការសិក្សាលើជំនាញដែលពាក់ព័ន្ធផ្សេងៗ។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ «ការចុះអនុស្សរណៈនេះ ជាជំហានសំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការជំរុញឱ្យមានការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលថែមមួយកម្រិតទៀតនៅកម្ពុជា ដោយហេតុថានេះជាកាលានុវត្តភាពថ្មីមួយដែលអាចឱ្យក្រុមហ៊ុនឯកជន ដូចជា ក្រុមហ៊ុន អ អិម អេ ជាដើម ចូលរួមចំណែក និងលើកកម្ពស់ការបណ្តុះបណ្តាល និងផ្តល់កម្មសិក្សាដល់សិស្ស និស្សិត ដើម្បីផ្សារភា្ជប់ទ្រឹស្តីនឹងការអនុវត្តផ្ទាល់ជាមួយអ្នកឯកទេសរបស់យើងនៅតាមបណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ អ អិម អេ ខេមបូឌា»។ លោកក៏បានបន្ថែមផងដែរថា ភាពជាដៃគូនេះនឹងផ្តល់ផលជាវិជ្ជមានដល់ការកសាង អភិវឌ្ឍ និងពង្រឹងធនធានមនុស្ស ស្របតាមចក្ខុវិស័យដែលមានស្រាប់របស់ក្រុមហ៊ុនគឺ ការក្លាយជាដៃគូដ៏គួរឱ្យទុកចិត្តបំផុត និងយូរអង្វែងសម្រាប់ការអភិវឌ្ឍ និងវិបុលភាពនៅប្រទេសកម្ពុជា។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) មានមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសចំនួន ៦ ដែលមានទីតាំងនៅ៖ វិទ្យាសា្ថនជាតិពហុបច្ចេកទេសកម្ពុជា វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង វិទ្យាស្ថានជាតិពហុបច្ចេកទេសខេត្តពោធិ៍សាត់ និង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ កន្លងមកនេះ ក្រុមហ៊ុនបានឧបត្ថម្ភរថយន្តហ្វដ Wildtrak និង Everest សរុបចំនួន ១៨ គ្រឿង និងត្រាក់ទ័រចនឌារ ចំនួន ២ គ្រឿង ទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស អ អិម អេ សម្រាប់ជាការគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងការហ្វឹកហាត់អនុវត្តផ្ទាល់របស់សិស្ស និងនិស្សិតជាមួយគ្រូបង្គោលរបស់ក្រុមហ៊ុនតាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងវិទ្យាស្ថាននិមួយៗ។
អំពីក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក. មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣២ ឆ្នាំមកហើយចាប់តាំងពីឆ្នាំ១៩៩២ ក្នុងការផ្តល់ជូននូវសេវាកម្ម និងនាំយកផលិតផលល្បីៗលើពិភពលោកមកកាន់ទីផ្សារកម្ពុជា រួមមាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឃ្លាំង សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មជួលរថយន្ត។
ក្រុមហ៊ុននេះជាក្រុមហ៊ុនដែលនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើនដូចជា៖ រថយន្តហ្វដ (Ford) ដែលជារថយន្តជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងទីផ្សារឧស្សាហកម្មយានយន្តកម្ពុជារយៈពេល ៥ ឆ្នាំជាប់ៗគ្នា ដែលភាពជោគជ័យរបស់វិស័យយានយន្តហ្វដនេះ ជំរុញឱ្យមានការបើកនូវរោងចក្រតំឡើងរថយន្តហ្វដ នៅក្នុងខេត្តពោធិ៍សាត់កាលពីឆ្នាំ២០២២ បន្ថែមពីនេះក៏មានរថយន្តម៉ាក Land Rover រថយន្ត Jeep និង Ram រថយន្ត ChangAn សេវាកម្មថែទាំ និងជួសជុលរថយន្ត Mercedes-Benz គ្រឿងចក្រធុនធ្ងន់ម៉ាកជេស៊ីប៊ី (JCB) រថយន្តដឹកទំនិញ FUSO គ្រឿងយន្តកសិកម្មចនឌារ (John Deere) កង់បីព្យាចូ (Piaggio) អាគុយRB ថ្នាំពណ៌RM ម៉ាស៊ីនលើកដាក់ទំនិញម៉ាកTCM ឧបករណ៍សម្អាត និងផលិតផលជាច្រើនទៀតផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី