ក្រុមហ៊ុនស៊ីភី & អេត្រេឌីងអ៊ិនធើណេសិនណល ឧបត្ថម្ភភេសជ្ជៈប៉ូវកម្លាំង ផោវើរេម ចំនួន ២០០កេស ដល់ ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន សម្រាប់ចូលរួមក្នុងសកម្មភាពការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំបូរខេត្តក្រចេះ
ភេសជ្ជៈប៉ូវកម្លាំងផោវើរេមចំនួន ២០០កេស មាន តម្លៃស្មើនឹង ២៤២០ដុល្លា ជាអំណោយរបស់
ក្រុមហ៊ុនស៊ីភី & អេត្រេឌីងអ៊ិនធើណេសិនណលរបស់អ្នកឧកញ៉ា ជៀម ស្រ៊ុន ត្រូវបានក្រុមការងាររបស់ក្រុមហ៊ុននាំយកមកប្រគល់ជូនដល់ ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន សម្រាប់ចូលរួមក្នុងសកម្មភាពការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំបូរ ខេត្តក្រចេះ។
ពិធីប្រគល់ទទួលភេសជ្ជៈប៉ូវកម្លាំងផោវើរេម បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ២០២៤ នាបរិវេណស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ដោយមានការចូលរួមទទួលពី ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា រួមជាមួយ ឯកឧត្តម អស់លោកជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំបូរ ខេត្តក្រចេះ ។
តំណាងក្រុមហ៊ុនស៊ីភី & អេត្រេឌីងអ៊ិនធើណេសិនណល បានគូសបញ្ជាក់ថា ការផ្តល់ជូនជាភេសជ្ជៈចុះដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំបូរខេត្តក្រចេះ ដើម្បីជាការចូលរួមចំណែកក្នុងសកម្មភាពការងារអភិវឌ្ឍក្នុងតំបន់មូលដ្ឋានស្រុកសំបូរខេត្តក្រចេះ ពិសេសចូលរួមក្នុងកិច្ចការងារផ្សព្វផ្សាយអំពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រេចអនុវត្តន៍បានក្នុងរយៈពេលកន្លងមក ពិសេសផ្សព្វផ្សាយអោយបានទូលំទូលាយពីការរួមគ្នាទប់ស្កាត់ការញុះញង់ពីមជ្ឍដ្ឋានខាងក្រៅលើបញ្ហាព្រំដែន CLV -DTA ផងដែរ ។
ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំបូរខេត្តក្រចេះ
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា ជៀម ស្រ៊ុន អគ្គនាយកក្រុមហ៊ុនស៊ីភី & អេត្រេឌីងអ៊ិនធើណេសិនណល ដែលបានផ្តល់អំណោយជាភេសជ្ជៈចំនួន ២០០កេសនាឱកាសនេះ ដើម្បីទុកសម្រាប់ក្រុមការងារពិសា និងចែកជូនដល់បងប្អូនប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធីវេទិកាសាធារណៈតាមមូលដ្ឋាននានាក្នុងស្រុកសំបូរ ខេត្តក្រចេះ នឹងទុកសម្រាប់ប្រគេនដល់ព្រះក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងប្រជុំបិណ្ឌនាពេលខាងមុខនេះ ។ ក្នុងឱកាសនេះដែរ រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ បានគោរពជូនពរដល់ អ្នកឧកញ៉ា និងក្រុមគ្រួសារ រួមទាំងថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុនស៊ីភី & អេត្រេឌីងអ៊ិនធើណេសិនណល សូមទទួលបាននូវសុខភាពល្អ បរិបូរណ៍ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕ សម្រួលដោយ ទៀង បុណ្ណរី