ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង នាំយកអំណោយផ្តល់ជូនដល់ក្រុមការងារតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលចាក់វ៉ាក់សាំងក្នុងខេត្តកំពង់ឆ្នាំង
TNM(កំពង់ឆ្នាំង)៖ សម្ភារប្រើប្រាស់ ជាគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង មាន អង្ករ មីកំប៉ុង អាល់កុល ម៉ាស់ សាប៊ូ ដបអាល់កុល និងម៉ាស៊ីនវាស់កំដៅ ត្រូវបានឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នាំយកទៅផ្តល់ជូនដល់ក្រុមការងារ នៅមណ្ឌលចត្តាឡីស័ក និងមណ្ឌលចាក់វ៉ាក់ ព្រមទាំងក្រុមការងារទទួលពលករ និងក្រុមការងារឆ្លើយតបបន្ទាប់របស់មន្ទីរសុខាភិបាលខេត្ត នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។
ឯកឧត្តម អម សុភា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលជានិច្ចកាលតែងតែគិតគូជានិច្ចចំពោះសុខទុក្ខរបស់ កងកម្លាំង ក្រុមគ្រូពេទ្យដែលកំពុងមមាញឹកក្នុងបេសកកម្មបម្រើជាតិ និង ប្រជាជន ធ្វើយ៉ាងណាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ចូលដល់ក្នុងមូលដ្ឋាន និង សហគមន៍របស់ខ្លួន។ ឯកឧត្តមបានផ្តាំផ្ញើដល់ ក្រុមការងារនៅតាមស្រុកប្រតិបត្តិទាំងអស់ ត្រូវតែរក្សានូវទំនាក់ទំនង តាមដានឲ្យបានជាប់ជាប្រចាំក្នុងមូលដ្ឋាន ពីប្រជាពលរដ្ឋចូលក្នុងមូលដ្ឋានរបស់ខ្លួន បើមានត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរខេត្ត ស្រុក ក្នុងការដាក់វិធានការណ៍ឲ្យបានទាន់ពេលវេលា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕



