ផ្ទុះរឿងមេខ្យល់រៀបចំដីព្រៃរដ្ឋប្រមាណ ២០០០ហិកតា លក់ឲ្យប្រជាពលរដ្ឋចំណាតស្រុកក្នុងមួយប្លង់ក្បាល៥០ម៉ែត្របណ្តោយ៧០០ម៉ែត្រ គិតមួយហិកតា១០០ដុល្លា សិ្ថតនៅឃំុក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង
TNM(ខេត្តស្ទឹងត្រែង) ៖ ពលរដ្ឋមួយចំនួនបានលើកឡើងថា ពួកគាត់ត្រូវបានចាញ់បោកមេខ្យល់ដែលជាអ្នករៀបចំដីព្រៃរបស់រដ្ឋបានបង់អស់លុយ១០០ទៅ២០០ដុល្លាក្នុងមួយគ្រួសារ ដោយឱ្យទៅមេខ្យល់ ដើម្បីជាថ្នូបានដីមួយប្លង់មក ទុកគ្រាន់ធ្វើស្រែចំការសម្រាប់ក្នុងការបង្កបង្កើនផលក្នុងរដូវវស្សានេះ ។ ដីនោះស្ថិតនៅត្រង់ចំណុចអូរពោន ភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែង ដែលនៅជាប់ព្រំទល់ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ពលរដ្ឋរងគ្រោះដែលចាញ់បោកមេខ្យល់នោះបានរៀបរាប់ថា ពួកគាត់សុទ្ធតែជាអ្នកមានជីវភាពខ្វះខាត ចង់បានដីធ្វើកសិកម្មនិងសង់ផ្ទះ ហើយបានចំណាយលុយទៅឱ្យមេខ្យល់រៀបចំដីនោះ ដើម្បីកាប់ព្រៃយកដី ក៏ប៉ុន្តែនៅពេលពួកគាត់ចូលទៅកាប់ព្រៃ បែរជាភាគីខាងមេខ្យល់ហាមឃាត់មិនឲ្យកាប់ ព្រមទាំងគំរាមកំហែង មិនតែប៉ុណ្ណោះមេខ្យល់រូបនេះ បានរាយការណ៍ទៅឲ្យសមត្ថកិច្ចចុះទៅដុតបំផ្លាញសាលាឆទានដែលពួកគាត់បានសហការគ្នាធ្វើឡើង គ្រោងនឹងបង្កើតជាភូមិថ្មី ។ ពលរដ្ឋដដែលខាងលើនោះពួកគាត់បានរៀបរាប់បន្តថាពួកគាត់ក៏ធ្លាប់គិតដែលថាកាប់ព្រៃសង់ផ្ទះនៅតំបន់នោះគឺជារឿងខុសច្បាប់គឺដោយសារតែគាត់អត់ដីខ្វះទីជំរកទើបធ្វើឲ្យពួកគាត់បង្ខំចិត្ត មានលុយបន្តិចបន្ទួច ផ្តាច់ពីមាត់ពីក យកទៅបង់ឲ្យមេខ្យល់រៀបចំដីនោះ ឥឡូវមិនបានដីទៀតគេបោកយកលុយអស់ ហើយត្រូវបានខាងបរិស្ថាននិងអាជ្ញាធរស្រុកហាមឃាត់ពួកគាត់ដោយទុកឲ្យមេខ្យល់រៀបចំដីព្រៃនៅចំណុចខាងលើនោះធ្វើព្យុះធ្វើភ្លៀងតាមតែទំនើងចិត្ត។ ចំណែកមេខ្យល់វិញគេបានធ្វើសកម្មភាពកាប់ព្រៃជារៀងរាល់ថ្ងៃ ហើយដើរគំរាមយកលុយពីប្រជាពលរដ្ឋដែលចូលទៅកាប់ព្រៃយកដីនៅទីកន្លែងនោះ បែរជាមេខ្យល់រូបនោះមិនខុសច្បាប់ទៅវិញ ដោយឡែកខាងបរិស្ថាននិងអាជ្ញាធរស្រុកមិនបានចុះចាប់ឃាត់ខ្លួនឬបង្ក្រាបមេខ្យល់នោះឡើយ។
មេខ្យល់រូបនោះត្រូវបានប្រជាពលរដ្ឋបញ្ជាក់ប្រាប់ថា មានឈ្មោះ ហុិន ប៊ុនសង គឺជាអ្នកប្រមូលកៀងគរ ប្រជាពលរដ្ឋចំណាកស្រុកមកពីស្រុកផ្សេងៗគ្នា ចូលមកកាប់ទន្ទ្រានព្រៃយកដីរបស់រដ្ឋ នៅចំណុចអូរ ពោន ឃុំក្បាលរមាស ស្រុកសេសាន ចែកគ្នា ដោយមេខ្យល់មានឈ្មោះខាងលើនោះ កំណត់ឲ្យក្នុងមួយគ្រួសារ ត្រូវបង់លុយចាប់ពី៥០០ដុល្លារ ជាថ្នូរនិងដីមួយប្លង់ដែលមានទំហ៊ុំក្បាលដី៥០ម៉ែត្រជម្រៅមានប្រវែង៧០០ម៉ែត្រ។ រីឯអ្នកខ្លះក៏បានឲ្យលុយទៅមេខ្យល់ចាប់ពី ១០០ទៅ ៣០០ ដុល្លារ មុនរួចហើយ ។ ហើយប្រជាពលរដ្ឋមួយចំនួនខ្លះទៀតមិនទាន់មានលុយ ក៏ពុំបានបង់ឲ្យទៅមេខ្យល់នោះទេ ដោយមេខ្យល់រៀបចំដីនោះបានដើរប្រាប់ប្រជាពលរដ្ឋថា បើសិនជាមិនបង់លុយឲ្យគ្រប់ចំនួនទេ គឺនិងដកហូតយកដីដែលត្រៀមចែកគ្នានោះ ឲ្យទៅអ្នកផ្សេងដែលគេមានលុយគ្រប់ចំនួន ចំពោះអ្នកមានលុយគេបានដី តែអ្នកក្រមានជីវភាពខ្វះខាតគ្មានលុយកាក់បង់ឲ្យមេខ្យល់ ត្រូវបានមេខ្យល់រូបនោះដកហូតយកដីដែលថាចែកឲ្យនោះទៅវិញ ទុកលក់បន្តអ្នកដែលបង់លុយឲ្យគ្រប់។
ប្រជាពលរដ្ឋខាងលើនោះបានបញ្ជាក់បន្ថែមថា ឈ្មោះហុិន ប៊ុនសង គឺជាមេខ្យល់រៀចំដីព្រៃរបស់រដ្ឋគ្មានច្បាប់អនុញ្ញាតនៅចំណុចខាងលើនោះ រូបគេជាអ្នកចំណាកស្រុក មានស្រុកកំណើតរស់នៅខេត្តសៀមរាបនិងមានបក្ខពួកពីរទៅបីនាក់ថែមទៀត។ លោក ហុិន ប៊ុនសង រូបនេះបានប្រាប់ទៅអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះថា លោកបានទទួលស្គាល់ថាខ្លួនពិតជាបានយកលុយពីប្រជាពលរដ្ឋទាំងនោះពិតប្រាកដមែន ប៉ុន្តែមិនបានយកច្រើន ដូចដែលការលើកឡើងរបស់ពួកគាត់នោះទេ គឺយកលុយត្រឹម ១០ ម៉ឺនទៅ២០មុឺនរៀលក្នុងមួយគ្រួសារប៉ុណ្ណោះ។លោកថាយកលុយទុកទៅរត់ការឲ្យខាងសមត្ថកិច្ចអាជ្ញាធរដែលពាក់ព័ន្ធមួយចំនួនក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរី និងចំនួនទៀតនៅខាងខេត្តស្ទឹងត្រែង ។ លោកហុិន ប៊ុនសង បានបញ្ជាក់ថា ទំហំដីដែលត្រូវកាត់ពុះចែកទុកលក់ជូនពលរដ្ឋមកពីចំណាត់ស្រុកផ្សេងៗគ្នានោះមានប្រមាណ2000 ហិចតា ត្រូវអា កាប់ទន្ទ្រានព្រៃជារៀងរាល់ថ្ងៃ ដោយពុះជាប្លង់ៗ មានប្រជាពលរដ្ឋត្រៀមនិងមករស់នៅ នៅទីតាំងនេះ មានចំនួនប្រមាណជាង២០០គ្រួសារ ខណៈពេលនេះលោកបានកត់ឈ្មោះទុករួចហើយ មានប្រជាពលរដ្ឋរស់នៅចំនួនប្រមាណ១៩២ គ្រួសារហើយ តែដោយសារជំងឺកូវីដទើបបងប្អូនប្រជាពលរដ្ឋពួកគាត់វិលត្រឡប់មកពីស្រុកវិញមិនទាន់ជុំគ្នា ។
សូមបញ្ជាក់ផងដែរថា ដីដែលមេខ្យល់រៀបចំដីព្រៃរបស់រដ្ឋ មានឈ្មោះហុិន ប៊ុនសងស្ថិតនៅចំណុចខាងលើនោះ ត្រូវបានគេពុះជាប្លង លក់ឱ្យប្រជាពលរដ្ឋចំណាកស្រុក ក្នុងមួយប្លង់មានទំហ៊ំក្បាលដី៥០ម៉ែត្រ និងមានបណ្ដោយ ៧០០ម៉ែត្រ ៕(ពុទ្ធា ស្ទឹងត្រែង)