ខួប៥៧ឆ្នាំនៃទំនាក់ទំនងកម្ពុជា វៀតណាម បានធ្វើឱ្យក្លាយជាអ្នកជិតខាងដ៏ល្អ

ភ្នំពេញ៖  ​កម្ពុជានិងវៀតណាម គឺជាប្រទេសជិតខាងភូមិផងរបង​ជាមួយគ្នា មានទីតាំងភូមិសាស្ត្រ ស្ថិតនៅក្នុងឧបទ្វីបឥណ្ឌូចិន ស្ថិតនៅក្នុង តំបន់ទន្លេមេគង្គផ្នែកខាងក្រោមជាមួយគ្នា និងផឹកទឹកទ្លេមេគង្គ ជាមួយគ្នា ។ ក្នុងនោះដែរ​ភូមិ​សាស្ត្រ​នយោបាយ​​រវាង​ប្រទេសទាំង​ពីរ​ បានធ្វើឱ្យ​ប្រទេស​ទាំងពីរ​ក្លាយ​ជាអ្នកជិត​ខាង​ល្អ និងជួយគ្នាទៅវិញទៅមក ។

ប្រទេស​កម្ពុជាបានជួយជ្រោមជ្រែងឱ្យប្រទេសវៀតណាម បង្រួបបង្រួម ទឹកដីទាំងមូល នាថ្ងៃ ទី៣០ ខែមេសា ឆ្នាំ១៩៧៥ ហើយប្រទេសវៀតណាម បានគាំទ្រ និងជួយប្រទេស កម្ពុជាវិញ​ ក្នុងការផ្តួលរំលំ របបប្រល័យពូជសាសន៍ខ្មែរក្រហម នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ឱ្យប្រទេសជាតិ និងប្រជាជនកម្ពុជា បានរួចចាកផុតពីវាលពិឃាត។

ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ គឺជាខួបលើកទី៥៧ នៃការភ្ជាប់ទំនាក់ទំនងការទូតផ្លូវការ រវាង ប្រទេសទាំងពីរ កម្ពុជានិងវៀតណាម ។ ក្នុងអំឡុង៥៧ឆ្នាំនេះ បើទោះបីជាទំនាក់ទំនងនេះ មានភាព រប៉ាក់រប៉ើកមួយចំនួន ដែលបានកើតមានឡើងក្នុងដំណាក់កាលប្រវត្តិសាស្ត្រក៏ដោយ ក៏ទំនាក់ទំនង រវាងប្រទេស ទាំងពីរមានភាពរីកចម្រើន ជាបន្តបន្ទាប់ឥតឈប់ឈរ បានឆ្លងកាត់ការសាកល្បងដោយ ជោគជ័យ បានហាត់ពត់លត់ដំ និងបានឈានទៅដល់ការរីកចម្រើនកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព ជាលំដាប់លើគ្រប់វិស័យ និងបានក្លាយជា ទ្រព្យសម្បត្តិរួម ដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិ នៃប្រទេសទាំងពីរ។ ទំនាក់ទំនងនេះបានបោះជំហានទៅមុខយ៉ាងស្វាហាប់ និងប្រកបទៅដោយ វឌ្ឍនភាព ជាមួយនឹងចំណុចលេចធ្លោជាច្រើន តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ គណៈប្រតិភូគ្រប់កម្រិតរវាងប្រទេសទាំងពីរ រវាងប្រជាជននិងប្រជាជន រវាងយុវជននិងយុវជន ដែលជាការពង្រឹងនិងពង្រីកដោយឥតឈប់ឈរ នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណីដ៏ល្អប្រពៃ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដោយឈរលើស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានបន្ត កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ បន្តពង្រឹងនិងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ លើវិស័យ ជាច្រើន រួមមាន៖ អប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៏ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ចការព្រំដែន ជាដើម ដើម្បីផលប្រយោជន៍រួម សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ  ដើម្បីធ្វើការ បោះជំហានជាបណ្តើរៗ សំដៅសម្រេចឱ្យបានតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជ រដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលយក មនុស្ស ជាអាទិភាពទី១ និង ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាអាទិភាពបន្តបន្ទាប់ សំដៅជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ តាមចក្ខុវិស័យ ឆ្នាំ២០៥០ ដែលក្លាយជា ប្រទេសអភិឌ្ឍន៍ ហើយក៏ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៤៥ ដែលក្លាយជាប្រទេសអភិឌ្ឍន៍របស់ ប្រទេសវៀតណាមផងដែរ។

អំឡុង៥៧ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាពិសេស ចាប់ពីក្រោយ ប្រទេសកម្ពុជាបង្កើតព្រះរាជាណាច្រកទី២ឡើងវិញ ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាង ប្រទសទាំងពីរ កសាងបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងបង្កើតបានជាសម្ទុះជំរុញឱ្យទំនាក់ទំនងមិត្តភាព ជាប្រពៃណីដ៏យូរអង្វែង រវាងកម្ពុជានិងវៀតណាម ឱ្យឡើងឈានដល់កម្រិតកំពូលថ្មីមួយ ដែលធានាបាន ស្ថិរភាពយូរអង្វែង នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នៃប្រជាជនទាំងពីរ បើទោះបីជាស្ថានភាព នយោបាយនៅក្នុងតំបន់ និងនៅលើពិភពលោក កំពុងតែមានការវិវត្តមិនប្រក្រតី ដោយកត្តា នៃប្រកួត ប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ដោយសង្គ្រាមនៅកាហ្សា វិបត្តិនៅមីយ៉ាន់ម៉ា ភាព តានតឹងនៅសមុទ្រចិនខាងត្បូង ឬសមុទ្រខាងកើត ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ និងសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយគ្រែនក៏ដោយ។

លើទិដ្ឋភាពនយោបាយ និងសន្តិសុខ៖ ដំណើរ​ទស្សន​កិច្ច​ការទូត ​របស់​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​តែងតែធ្វើ​ឡើង​ជា​ប្រចាំ ។ តាមរយៈ ដំណើរទស្សនកិច្ចទាំងនេះ ភាគីទាំងពីរតែងតែឯកភាពគ្នា និងអះអាងជាថ្មី នូវគោលការណ៍ណែនាំ ស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយឯកភាពលើទិសដៅលើកកម្ពស់ និងអភិវឌ្ឍន៍ទំនាក់ទំនង មិត្តភាព កិច្ចសហប្រតិបត្តិការ ពហុភាគីនិយម និងបង្កើតយន្តការ ជាក់លាក់មួយ ក្នុងការចរចាជាជំហានៗ ដើម្បីដោះស្រាយបញ្ហានានា ដែលមិនទាន់បានឯកភាពគ្នា និងបង្កលក្ខខណ្ឌ អំណោយផលដើម្បីជំរុញ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យឈានចូលទៅដំណាក់កាលអភិវឌ្ឍន៍ថ្មី។

គួរកត់សម្គាល់ថា ក្នុងខែវិច្ឆិកា ឆ្នាំ២០០០ ភាគីទាំងពីរបាន ចេញសេចក្តីថ្លែងការណ៍ កំណត់គោលការណ៍អាទិភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយសង្កត់ ធ្ងន់លើ កិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិ-សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការអប់រំ-បណ្តុះបណ្តាល វប្បធម៌ សុខាភិបាល ពង្រីកសកម្មភាពផ្លាស់ប្តូរមិត្តភាព វប្បធម៌ កីឡា និងជួយគ្នា ទៅវិញទៅមក រវាងក្រសួង ស្ថាប័ន គណៈកម្មការនៃរដ្ឋសភា សហជីព អង្គការមហាជន និងអាជ្ញាធរ មូលដ្ឋាន នៃប្រទេសទាំងពីរ។ នៅឆ្នាំ ២០០៥ ប្រទេសទាំងពីរបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង បន្ថែមទៀត ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាអភិវឌ្ឍន៍ ទំនាក់ទំនងទ្វេភាគី ដោយផ្អែកលើ បាវចនា  “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង” ។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ អាជ្ញាធរមូលដ្ឋាន និងធុរកិច្ច នៃប្រទេសទាំងពីរ បានសម្របសម្រួល និងអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលទាំងពីរ និងកម្មវិធីសហប្រតិបត្តិការរវាង ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ។ លទ្ធផល ដែលទទួលបានក្នុងវិស័យទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុង ការរក្សាបានស្ថិរភាពនយោបាយ ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងធានាបានស្ថិរភាព និងសន្តិសុខ នៅក្នុងប្រទេសនីមួយៗ ដោយបន្តជំរុញ និងពង្រឹងទំនាក់ទំនង “ក្នុងភាពអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង” រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះដែរ បានរួមចំណែកលើកកម្ពស់កិត្យានុភាព របស់បក្សនិងរដ្ឋនៃប្រទេសទាំងពីរ ដែលបានរួមចំណែកយ៉ាងសកម្មដល់ការរក្សា សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោកទាំងមួល។

លើទិដ្ឋភាពនយោបាយ៖ ទំនាក់ទំនង​នយោបាយ ​​ត្រូវបានបន្ត​ពង្រឹងនិងពង្រីក លើកកម្ពស់​តួនាទី​ស្នូល និង​ដាក់ចេញនូវ ទិសដៅចាំបាច់​ក្នុង​ទំនាក់ទំនងរវាង​ប្រទេស​ទាំងពីរ​។ ភាគីទាំងពីរបានអះអាងថា ទំនាក់ទំនងកម្ពុជា-វៀតណាម កំពុងតែអភិវឌ្ឍន៍យ៉ាងល្អប្រសើរ និងកាន់តែស៊ីជម្រៅ កាន់តែមានភាព ជាក់ស្តែង និងមានប្រសិទ្ធភាពខ្ពស់លើគ្រប់វិស័យ បានក្លាយជាទ្រព្យសម្បត្តិ រួមដ៏មានតម្លៃសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ និងជាកត្តាសំខាន់បំផុតនៃការធានាបាន ជ័យជំនះក្នុងការកសាង និងការពារ មាតុភូមិសម្រាប់ប្រទេសនិមួយៗ ក៏ដូចជាការប្តេជ្ញាចិត្តរក្សាការពារ លើកកម្ពស់ឥតឈប់ឈរ និងបន្តវេន ទៅដល់យុជនជំនាន់ក្រោយ ឱ្យបានយល់កាន់តែច្បាស់នូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

ជាមួយគ្នានេះដែរ ភាគីទាំងពីរបានសម្របសម្រួល យ៉ាងសកម្មដើម្បីរៀបចំសកម្មភាព រំលឹក ខួបអនុស្សាវរីយ៍នានាយ៉ាងឧឡារិក និងមានអត្ថន័យយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចជា៖ ទិវាជ័យជម្នះនៃសង្រ្គាមដើម្បីការពារព្រំដែនភាគនិរតីរបស់ប្រទេសវៀតណាម និងការរួមគ្នាជាមួយ កងទ័ព និងប្រជាជនកម្ពុជា ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខួប៥៥ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាង កម្ពុជានិងវៀតណាម (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) ការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់ វិស័យរវាងកម្ពុជា-វៀតណាម ប្រឆាំងនូវរាល់ទស្សនៈខុសឆ្គង និងបំភ្លៃ របស់កម្លាំងអមិត្ត និងសកម្មភាព នានាដែលចង់បំផ្លាញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាដើម។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ បន្តលើកកម្ពស់ប្រកបដោយ ប្រសិទ្ធភាព និងបានក្លាយជាសសរស្តម្ភដ៏សំខាន់ ក្នុងទំនាក់ទំនងរវាងកម្ពុជា-វៀតណាម កិច្ចការសម្របសម្រួល កិច្ចការបរទេស ត្រូវបានពង្រឹង។ ភាគីទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធ សហការ និងគាំទ្រគ្នាទៅវិញ ទៅមក ដើម្បីរក្សា ស្ថិរភាព នយោបាយ ការពារជាតិ-សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព របស់ប្រទេសនីមួយៗ។ ភាគីទាំងពីរ បានអនុវត្តយ៉ាងសកម្ម នូវពិធីសារស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ដំណាក់ កាល ២០២០-២០២៤ ផែនការសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ប្រចាំឆ្នាំរវាងក្រសួង ការពារជាតិ និងក្រសួងសន្តិសុខសាធារណៈវៀតណាម ជាមួយក្រសួង មហាផ្ទៃកម្ពុជា រក្សាយន្តការសន្ទនា គោលនយោបាយការពារជាតិថ្នាក់រដ្ឋលេខាធិការ រៀបចំ​ការ​ផ្លាស់ប្តូរ​មិត្តភាព​ការពារ​ព្រំដែន​លើក​ដំបូង ដោយ​មានសហប្រធានជា​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​ទាំងពីរ។

ភាគីទាំងពីរ ក៏បានអះអាងនូវគោលការណ៍ មិនអនុញ្ញាតឱ្យកម្លាំងណាមួយប្រើប្រាស់ទឹកដី របស់ ប្រទេសណាមួយដើម្បីបំផ្លិចបំផ្លាញប្រទេសមួយទៀត សហការកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទៅវិញទៅមក ធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងការផ្លាស់ប្តូរព័ត៌មាន ដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាព្រឹត្តិការនានាដែលកើតមានឡើងនៅតាមព្រំដែន ជំរុញការ យាមល្បាត និងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងតាមព្រំដែន ច្រកទ្វារព្រំដែន ការបើក និងទប់ស្កាត់ឱ្យបាន ហ្មត់ចត់ នូវ សកម្មភាពឆ្លងកាត់ដោយខុសច្បាប់ រក្សាការល្បាតរួមគ្នានៅសមុទ្រ ប្រយុទ្ធ​ប្រឆាំង​នឹង​សកម្មភាព​បំផ្លិចបំផ្លាញ​របស់​កងកម្លាំងអមិត្ត និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទផ្សេងទៀត។

គ្រប់តំបន់ យុទ្ធភូមិភាគ បញ្ជាការដ្ឋានកងទ័ពជើងទឹក និងបញ្ជាដ្ឋានការពារព្រំដែន នៃប្រទេស ទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាញឹកញាប់ ដើម្បីជំរុញការអនុវត្តផែនការសហប្រតិបត្តិការ បង្កើន ការចែករំលែកបទពិសោធន៍ និងជំនាញវិជ្ជាជីវៈ ដូចជាការប្រយុទ្ធប្រឆាំងនឹងហានិភ័យនៃ “បដិវត្តន៍ពណ៌” ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការពង្រឹងការបណ្តុះបណ្តាល និងការហ្វឹកហ្វឺនផ្សេងៗ។ គួរកត់សម្គាល់ថា ដោយមានការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងពីភាគីទាំងពីរ កម្ពុជា និងវៀតណាមបាន បោះបង្គោលព្រំដែនគោកបាន ៨៤%។ កាលពីខែតុលា ឆ្នាំ២០១៩ ប្រទេសទាំងពីរបានចុះហត្ថលេខា លើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ និងពិធីសារកំណត់ ព្រំដែនគោករវាង ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម។ រហូតមកទល់ ពេលនេះ កម្ពុជានិងវៀតណាម បានបោះបង្គោល ព្រំដែនធំសំខាន់ៗចប់ជាស្ថាពរចំនួន៣១៥បង្គោល បង្គោលបំពេញបន្ថែមចំនួន ១ ៥១១បង្គោល និង បង្គោលតម្រុយបានចំនួន ២២១បង្គោល។ ការបោះបង្គោលព្រំដែនគឺសម្រេចបានប្រវែង  ១ ០៤៤ គីឡូ ម៉ែត្រ ក្នុងចំណោមប្រវែងសរុបប្រមាណ ១ ២៧០គីឡូម៉ែត្រ។ ភាគីទាំងពីរកំពុង សហការយ៉ាងសកម្ម និងយ៉ាងជិតស្និទ្ធ ដើម្បីជំរុញឱ្យបានបញ្ចប់ការងារបោះបង្គោលព្រំដែនគោក ដែលនៅសេសសល់១៦% ទៀត។ ភាគីទាំងពីរក៏បានអនុវត្ត យ៉ាងសកម្មនូវកិច្ចព្រមព្រៀងស្តីពីការស្វែងរក ប្រមូល និងធ្វើមាតុភូមិ និវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីកជីវិត ក្នុងសង្គ្រាមដើម្បីជួយរំដោះប្រទេស និង ប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអប់រំ-បណ្តុះបណ្តាល វប្បធម៌ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា  មានការរីកចម្រើនជាវិជ្ជមានជាបន្តបន្ទាប់។ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនង នយោបាយល្អ ភាគីទាំង  ពីរបានជំរុញយ៉ាងសកម្ម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ប្រកបដោយ ប្រសិទ្ធភាពខ្ពស់។ ចាប់តាំងពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសេដ្ឋកិច្ច-ពាណិជ្ជកម្ម កម្ពុជា-វៀតណាម (១៩៩៨) រហូតមកទល់ពេលនេះ ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរមាន ការអភិវឌ្ឍ យ៉ាងខ្លាំងក្លា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម របស់ ប្រទេសនីមួយៗ។ ទន្ទឹមនឹងនោះដែរក៏បានបង្កលក្ខខណ្ឌអំណោយផល ដើម្បីពង្រឹងនិងពង្រីក ទំនាក់ទំនង សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងភាគីទាំងពីរ។ ទាក់ទងនឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ប្រសិន បើគិតពីឆ្នាំ១៩៩៨ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-វៀតណាម ត្រូវបានចុះហត្ថលេខា ការដោះដូរ ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរបានត្រឹមតែ ១១៧លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ បន្ទាប់មក នៅឆ្នាំ២០២១ ទោះបី ជាមានស្ថានភាពនៃរាតត្បាតដោយជំងឺកូវីដ-១៩ ប្រកបភាពភាពស្មុគ្រស្មាញខ្លាំង ក៏ដោយ ប៉ុន្តែទំហំពាណិជ្ជកម្ម ទ្វេភាគីបានឈានដល់ជិត ១០ពាន់លានដុល្លារអាម៉េរិក។ នៅឆ្នាំ ២០២២ ឈានដល់ ១០,៤៧ពាន់លាន ដុល្លារអាម៉េរិក។ នៅឆ្នាំ២០២៣ បានធ្លាក់ចុះបន្តិចមកនៅត្រឹម ៨,៥៧ពាន់លានដុល្លារអាម៉េរិក។ បច្ចុប្បន្ននេះ វៀតណាមគឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទីបី របស់កម្ពុជា (បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាម៉េរិក) និងជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជា (បន្ទាប់ពីសហរដ្ឋ អាម៉េរិក)។ កាលពីចុង ឆ្នាំ២០២៣កន្លងទៅ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯភាពគ្នា នឹងបង្កើនទំហំ ពាណិជ្ជកម្ម ឱ្យបានដល់ ២០ប៊ីលានដុល្លារអាម៉េរិកក្នុងពេលខាងមុខ។

លើទិដ្ឋភាពវិនិយោគ៖ គិតមកទល់នឹងពេលនេះ វៀតណាមមានគម្រោងវិនិយោគសរុប ចំនួន ២០៥ នៅកម្ពុជា ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ២.៩៤ ពាន់លានដុល្លារអាម៉េរិក ជាប់ចំណាត់ ថ្នាក់លេខ១ ក្នុងអាស៊ាន និងជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំង៥ ដែលបានមកបណ្តាក់ទុន វិនិយោគផ្ទាល់ពីបរទេស (FDI) ធំជាងគេនៅកម្ពុជា។ ជាពិសេស កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេស និងដែនដី ចំនួន៧៩ ដែលវៀតណាមបានវិនិយោគនៅបរទេស។ សកម្មភាព វិនិយោគរបស់វៀតណាមនៅ កម្ពុជាមានវត្តមាននៅក្នុងខេត្ត-ក្រុងចំនួន១៨ ក្នុងចំណោមខេត្ត-ក្រុងទាំង ២៥ ដោយផ្តោតលើវិស័យសំខាន់ៗដូចជា កសិកម្ម ទូរគមនាគមន៍ ធនាគារ សេវាកម្មហិរញ្ញវត្ថុ ឧស្សាហកម្មកែច្នៃនិងកែច្នៃចំណីអាហារ រ៉ែ អាកាសចរណ៍ ទេសចរណ៍ ជាដើម។ ទាំងនេះបាន រួមចំណែក ដល់ការបង្កើនប្រាក់ចំណូល ដើម្បីជំរុញការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតការងារធ្វើជូនដល់ពលករ កម្ពុជាមួយចំនួនធំ។ ប្រទេសទាំងពីរ តែងតែរៀបចំ ព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដូចជា វេទិកាធុរកិច្ចកម្ពុជា-វៀតណាម សន្និសីទជំរុញការវិនិយោគកម្ពុជា-វៀតណាម ពិព័រណ៍ទេស ចរណ៍ ការបើកតំបន់សេដ្ឋកិច្ចតាមព្រំដែន ជាដើម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ រវាងប្រទេស ទាំងពីរ ឱ្យកាន់តែមានភាពស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។

លើទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់៖ វិស័យដឹកជញ្ជូន រវាងប្រទេសទាំងពីរ ត្រូវបាន លើកកម្ពស់ តាមរយៈការចុះហត្ថលេខា  លើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី យុទ្ធសាស្ត្រកិច្ចសហ- ប្រតិបត្តិការដឹកជញ្ជូន សម្រាប់រយៈពេល ២០១៨-២០២៥ និងចក្ខុវិស័យឆ្នាំ២០៣០ កិច្ចព្រមព្រៀង ដឹកជញ្ជូនផ្លូវគោករវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវទឹកកម្ពុជា-វៀតណាម ការបើកជើងហោះហើរពីភ្នំពេញ ទៅព្រះសីហនុ សៀមរាប ទីក្រុងហាណូយ ទីក្រុងហូជីមិញ និងទីក្រុង ដាណាំង កិច្ចព្រមព្រៀងស្តីពីការតភ្ជាប់ផ្លូវរថភ្លើងរវាង រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ក៏ដូចជា ការតភ្ជាប់ ផ្លូវល្បឿនភ្នំពេញ-បាវិត-ហូជីមិញជាដើម។

លើទិដ្ឋភាពវិស័យកសិកម្ម៖ ប្រទេសវៀតណាមបានជួយកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធាន មនុស្ស និងបានបង្ហាត់បង្ហាញ ក៏ដូចជាផ្ទេរបច្ចេកវិទ្យាទំនើបផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លើវិស័យ កសិកម្ម ចិញ្ចឹមសត្វ និងវារីវប្បកម្ម ដល់និស្សិតកម្ពុជា។ ភាគីទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងការ ដាក់ឱ្យនៅដាច់ដោយឡែកពីគេ (ចត្តាឡីស័ក)សត្វនិងរុក្ខជាតិ ការការពារព្រៃឈើ និងការប្រយុទ្ធប្រឆាំង នឹងការកេងប្រវ័ញ្ចខុសច្បាប់ និងការដឹកជញ្ជូន ឈើ និងសត្វព្រៃ ឆ្លងកាត់តំបន់ព្រំដែននៃប្រទេស ទាំងពីរសំដៅរួមចំណែកដល់ការគ្រប់គ្រង ព្រៃឈើ និងជីវចម្រុះ ប្រកបដោយនិរន្តរភាព។

លើទិដ្ឋាភាព​ទេសចរណ៍៖ ចំនួន​ភ្ញៀវ​ទេសចរ​កម្ពុជា​ទៅ​ទស្សនាប្រទេសវៀតណាម  ​ជាប់​ចំណាត់​ថ្នាក់​ទី១៥ ក្នុង​ចំណោម​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ទៅទស្សនា​វៀតណាម។ ចំនួន​ភ្ញៀវ​ទេសចរ​វៀតណាម​ជា​មធ្យម​មក​កម្ពុជា​មាន​ដល់​ទៅប្រមាណ៩០​ម៉ឺន​នាក់ក្នុង​មួយ​ឆ្នាំៗ ជាប់​ចំណាត់​ថ្នាក់​លេខ២ បន្ទាប់​ពី​ប្រទេសចិន។ នៅឆ្នាំ២០២៣ វៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសពីរ ដែល មានចំនួនភ្ញៀវទេសចរណ៍ ចូលមកកម្ពុជាច្រើនជាងគេ រហូតដល់ជាង១លាននាក់ តាមពីក្រោយប្រទសថៃ ខណៈដែលចំនួន ភ្ញៀវទេសចរកម្ពុជា ទៅទស្សនាប្រទេសវៀតណាមកើនឡើងដល់ ជាង៤០ម៉ឺននាក់។

កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស  គឺជាផ្នែកមួយ ដែលទទួលបានការចាប់អារម្មណ៍ ពីសំណាក់ភាគីទាំងពីរ ដោយចាត់ទុកថានេះជា ចំណុចយុទ្ធសាស្ត្រ ដ៏សំខាន់។ ជារៀងរាល់ឆ្នាំ ប្រទេសទាំងពីរតែងតែផ្តល់អាហារូបករណ៍បណ្តុះបណ្តាល រយៈពេល វែង និងរយៈពេលខ្លី ដល់និស្សិតនៃប្រទេសទាំងពីរជាប្រចាំ។ កម្ពុជាផ្តល់អាហារូបករណ៍ ដល់ និស្សិតវៀតណាមចំនួន៣៥នាក់ក្នុងមួយឆ្នាំ ក្នុងនោះ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយ ឧត្តមសិក្សាចំនួន១៥នាក់ និងអាហារូបករណ៍បណ្តុះបណ្តាលភាសា និងវប្បធម៌ខ្មែរ រយៈពេល ២ឆ្នាំចំនួន២០នាក់។ ប្រទេសវៀតណាមផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា រាប់រយនាក់ក្នុង មួយឆ្នាំ ដែលក្នុងនោះតាមរយៈក្រសួងអប់រំ គឺថ្នាក់ឧត្តមសិក្សា ចំនួន១០០នាក់ ក្រោយឧត្តម សិក្សាចំនួន២០នាក់ និងនៅមានតាមរយៈកិច្ចសហប្រតិបត្តិការ ផ្សេងៗជាច្រើនទៀត។ លើសពី នេះទៀត ភាគីទាំងពីរបានពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈ ការរៀបចំសកម្មភាពអភិវឌ្ឍន៍ធនធានមនុស្សជាច្រើនទៀត។ ទាំងនេះពិតជាប្រភពបន្ថែមនៃ ធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ សំដៅបម្រើឱ្យបុព្វហេតុ កសាង និងអភិវឌ្ឍន៍ ប្រទេសជាតិរៀងៗខ្លួន។

កិច្ចសហប្រតិបត្តិការរវាង ក្រសួង ស្ថាប័ន គណៈកម្មការរដ្ឋសភា សហជីព និង អង្គការមហាជន ត្រូវបានភាគីទាំងពីរបន្តលើកតម្កើង និងកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ភាគីទាំងពីរ បានផ្លាស់ប្តូរគណៈប្រតិភូ ផ្លាស់ប្តូរបទពិសោធន៍ ជួយជ្រោមជ្រែង និងគាំទ្រគ្នា ទៅវិញទៅមក ជាពិសេស តំបន់ដែលមានព្រំដែនរួម បន្តពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធ ការថែទាំសុខភាព និងការបណ្តុះ- បណ្តាលធនធានមនុស្ស ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅ តាមតំបន់ព្រំដែននៃប្រទេសពីរ។

ជាសរុបមក ក្នុងអំឡុង៥៧ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានជំរុញនិងលើកកម្ពស់ជាបន្តបន្ទាប់ ចាប់តាំងពីប្រទេសកម្ពុជា បង្កើតព្រះរាជាណាចក្រ ទីពីរ ឡើងវិញរហូតមកទល់បច្ចុប្បន្ន។ នាពេលថ្មីៗកន្លងទៅ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានមជ្ឈដ្ឋាន ខាងក្រៅមួយចំនួនយល់ឃើញថា ទំនាក់ទាក់ទំនងចាក់ទឹកមិនលិច រវាងប្រទេសទាំង ពីរត្រូវប្រេះស្រាំ រង្គោះរង្គើ រកដល់នឹងរលំដួល ដោយសារពួកគេមើលឃើញថា ប្រទេសមួយបានធ្វើ ការផ្លាស់ប្តូរ ក្បាលម៉ាស៊ីនដឹកនាំជាបន្តបន្ទាប់ ហើយប្រទេសមួយទៀត ធ្វើការផ្លាស់ប្តូរថ្នាក់ដឹកនាំស្ទើតែ ទាំងស្រុង ដោយជំនួសមកវិញនូវថ្នាក់ដឹកនាំកំពូលៗវ័យក្មេង តាមរយៈការបោះឆ្នោត ហើយមួយវិញទៀត ត្រូវទទួលរងឥទ្ធិពលយ៉ាងខ្លាំង ពីការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយរបស់មហាអំណាច ក៏ដូចជា ដោយសារ សង្គ្រាមនៅកាហ្សា វិបត្តិនៅមីយ៉ាន់ម៉ា ភាពតានតឹងនៅសមុទ្រចិនខាងត្បូង ឬសមុទ្រខាងកើត ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយគ្រែន ប៉ុន្តែវាជាការផ្ទុយស្រឡះពីអ្វីដែលពួក គេបានគិត។

ដូច្នេះ ៥៧ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២ បើទោះបីជាមានភាពរប៉ាក់រប៉ើក មួយ ចំនួនក៏ពិតមែន ក៏ប៉ុន្តែទំនាក់ទំនងដែលបានឆ្លងកាត់ការសាកល្បង ការហាត់ពត់លត់ដំគ្រប់បរិបទ គ្រប់សម័យកាល កសាងបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំ បូករួមនឹងគោលនយោបាយការបរទេស របស់ ប្រទេសទាំងពីរមានភាព  ប្រហាក់ប្រហែលគ្នាទៀតនោះ នឹងបង្កើតបានជាសម្ទុះជំរុញ ឱ្យទំនាក់ទំនង មិត្តភាពជាប្រពៃណី ដ៏យូរអង្វែងរវាងកម្ពុជានិងវៀតណាម កាន់តែរឹងមាំបន្ថែមទៀត គឺឱ្យឡើងដល់ កម្រិតកំពូលថ្មីមួយ កាន់តែរីកចម្រើន កាន់តែច្បាស់លាស់ កាន់តែស៊ីជម្រៅ កាន់តែមានប្រសិទ្ធភាព ជាលំដាប់ លើគ្រប់វិស័យ និងបានក្លាយជា ទ្រព្យសម្បត្តិរួមរបស់ប្រជាជាតិទាំងពីរ ដែលមិនអាចកាត់ថ្លៃ បាន និងធានាបានស្ថេរភាពយូរអង្វែង មិនអាចរង្គោះរង្គើរបានឡើយ។ ប្រទេសទាំងពីរ នឹងប្រកៀកស្មាគ្នា យ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យក្លាយជាប្រទេសអភិឌ្ឍន៍នៅឆ្នាំ២០៥០ របស់កម្ពុជា និង ចក្ខុវិស័យឆ្នាំ២០៤៥ ក្លាយជាប្រទេសអភិឌ្ឍន៍របស់វៀតណាម៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង