លោក ស៊ុយ និមល ចេញលិខិតជូនដំណឹងនិងបំភ្លឺ.ពាក់ព័ន្ធទំនាស់ដីធ្លីជាង២០ហិកតា នៅបឹងតាមោក
(ភ្នំពេញ)៖ អង្គភាពធីអិនអឹមរួមនិងសារព័ត៌មានមួយចំនួនទៀត ធ្វើការផ្សព្វផ្សាយ ដោយដកស្រង់តាមការអះអាងរបស់ ភាគីលោកស្រី ឈិន សុគន្ធារី ដែលថាអាជ្ញាធរខណ្ឌព្រែកព្នៅ ធ្វើរបាយការណ៍កុហក់ថ្នាក់ដឹកនាំ ដើម្បីចេញអនុក្រឹត្យ កាត់ឆ្វៀលដីគាត់២០ហិកតា ឱ្យទៅបុគ្គលផ្សេងនោះមក..!។ កាលពីថ្ងៃទី២៦.០៣.២០២៤ ភាគីអ្នកទទួលបានដី ពីរាជរដ្ឋាភិបាល.និងជាបុគ្គលដែលរងការចោទប្រកាន់.!។ គឺលោក ស៊ុយ និមល បានចេញលិខិតបដិសេធចោលនូវ រាល់ការចោទប្រកាន់របស់ភាគីលោកស្រី ឈិន សុគន្ធារី ពាក់ព័ន្ធទំនាស់ដីធ្លីទំហំជាង២០ហិកតា ត្រង់ចំណុចបឹងតាមោកបឹងកប់ស្រូវស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ -នេះបើយោងតាម លិខិតជូនដំណឹងរបស់លោក ស៊ុយ និមល អមដោយមេធាវី គីម សុវណ្ណ នៅថ្ងៃទី២៦.០៣.២០២៤។ នៅក្នុងលិខិតនោះលោក ស៊ុយ និមល បានជូនដំណឹងមកកាន់«ធីអិនអឹម»រួមនិងសារព័ត៌មានចំនួន៤ស្ថាប័នទៀត..!។ ដោយលោក សូមបដិសេធចោល ចំពោះខ្លឹមសារនៃការអះអាងរបស់លោកស្រី ឈិន សុគន្ធារី តាមបណ្ដាញសារព័ត៌មាន កាលពីកន្លងទៅ..!។
ជាមួយនេះដែរលោក ស៊ុយ និមល ក៏បានបំភ្លឺនិងបញ្ជាក់ថាៈ ដីត្រង់ចំណុចខាងលើ កាលពីអំឡុង ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានចេញ អនុក្រឹត្យ លេខ៖ ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ) ទំហំ៣២៣៩.៧ ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ។
ក្រោយមកនៅឆ្នាំ២០២២ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ២៦៥ អនក្រ.បក ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ស្តីអំពីការកែសម្រួលផ្ទៃដីបឹងតាមោក(បឹងកប់ស្រូវ)ស្ថិតក្នុង រាជធានីភ្នំពេញ ។ ដោយនៅក្នុងការកែសម្រួលផ្ទៃដីបឹងតាមោកខាងលើនេះ រាជរដ្ឋាភិបាលបាន សម្រេចធ្វើប្រទានកម្មដី ដោយការកាត់ឆ្កៀលផ្ទៃដីទំហំជាង២០ហត ជូនមកឲ្យរូបលោក ធ្វើជាម្ចាស់កម្មសិទ្ធិ..!។ បន្ថែមលើសពីនេះទៅទៀត លោក ក៏ទទួលបានការចុះបញ្ជីជាម្ចាស់កម្មសិទ្ធិដីខាងលើតាមនីតិវិធីច្បាប់។ ដែលតាងដោយវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលេខៈ ១២១២០១០៦-០៤០៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ផងដែរ។ ដោយឡែក មួយរយៈក្រោយមកនេះ ក៏មានឈ្មោះ ឈិន សុគន្ធារី មកធ្វើការអះអាងថា ដីខាងលើ គឺជាកម្មសិទ្ធិរបស់ខ្លួន ។ ដែលបានកាន់កាប់អស់រយៈពេលជាយូរ ទាំងមិនមានឯកសារបញ្ជាក់អំពី ភាពជាម្ចាស់កម្មសិទ្ធិណាមួយទាល់តែសោះ។ លើសពីនេះទៅទៀត ឈ្មោះ ឈិន សុគន្ធារី ក៏បានធ្វើ ការស្នើសុំ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យជួយអន្តរាគមន៍លើដីខាងលើ ដូចមានក្នុងលិខិត ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។
ជាលទ្ធផល ក្រោយពីក្រុមការងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិនិត្យនិងផ្ទៀងផ្ទាត់លើដីខាងលើរួចរាល់។ គឺឃើញថា ការផ្ទេរសិទ្ធិកាន់កាប់ចំពោះដីខាងលើពីម្ចាស់ដីដើមឲ្យទៅឈ្មោះ ឈិន សុគន្ធារី កាលពីឆ្នាំ២០០៨ គឺពុំមានអានុភាពឡើយ។ ព្រោះដីនោះ គឺជាដីសាធារណៈរបស់រដ្ឋ ដែលជាផ្ទៃដីបឹងតាមោក ដូចមានក្នុងលិខិតលេខៈ ៣០២៧ ដនស/ខុទ្ទ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ដោយឈ្មោះ ឈិន សុគន្ធារី មិនអស់ចិត្ត នៅតែធ្វើការអះអាងក្នុងន័យបំភ្លើសបំភាន់អង្គហេតុ រំលោភបំពានមកលើលោក ស៊ុយ និមល ។ មិនតែប៉ុណ្ណោះ សូម្បីតែម្ចាស់អង្គភាពសារព័ត៌មាន«ដើមរាំង»រួមនឹងសារព័ត៌មានចំនួន៤ស្ថាប័នទៀត ។ ក៏បានធ្វើការចុះផ្សាយព័ត៌មានមិនពិតតាមការញុះញង់របស់ឈ្មោះ ឈិន សុគន្ធារី ជាសាធារណៈផងដែរ។ ដែលអំពើនេះគឺពិតជាធ្វើអោយប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះរបស់លោក ស៊ុយ និមល ជាខ្លាំង….!។ បន្ថែមពីនេះលោក ស៊ុយ និមល ក៏បានស្នើឱ្យ«ធីអិនអឹម»រួមនិងសារព័ត៌មានពាក់ព័ន្ធ ធ្វើការលុបចំពោះព័ត៌មាន ដែលបានផ្សាយចោទប្រកាន់ ទៅលើរូបលោក តាមការអះអាងរបស់លោកស្រី ឈិន សុគន្ធារី កាលពីកន្លងមក…!។
ទន្ទឹមនិងនោះលោក ស៊ុយ និមល ក៏បានព្រមានថា បើនៅតែបន្តផ្សព្វផ្សាយចោទប្រកាន់មកលើរូបលោកទៀត លោកនឹងចាត់វិធានការ តាមផ្លូវច្បាប់មិនខាន!។
ជុំវិញការជូនដំណឹងនិងទំនាស់រវាងលោកស្រី ឈិន សុគន្ធារី និងលោក ស៊ុយ និមល នេះដែរ.ធីអិនអឹមបានគូសបញ្ជាក់ថា«ដើមរាំង»ផ្សព្វផ្សាយទៅតាមប្រភព និងការអះអាងពីសំណាក់លោកស្រី ឈិន សុគន្ធារី ប៉ុណ្ណោះ.!។ ជាក់ស្ដែងធីអិនអឹមពុំបានបញ្ចេញទស្សនៈ វិនិច្ឆ័យ ឬតាំងខ្លួនជាតុលាការកាត់សេចក្ដីនោះឡើយ..!។ អង្គភាពធីអិនអឹមបន្តទៀតថា ការចុះផ្សាយដោយគោរពក្រមសីលធម៌និងវិជ្ជាជីវៈត្រឹមត្រូវស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន។ ពោលគឺ មុនចុះផ្សាយ បានធ្វើបទសម្ភាសន៍ មន្ត្រីពាក់ព័ន្ធ គ្រប់ជ្រុងជ្រោយ ។ ហើយថែមទាំងបានសុំការបំភ្លឺពីលោក ស៊ុយ និមល ដោយផ្ទាល់ទៀតផង ពុំមែនជឿតែម្ខាងៗ ប៉ុន្តែពេលនោះ បែរជាមិនមានការបកស្រាយពីលោក ស៊ុយ និមល !។ លុះពេលនេះលោក ស៊ុយ និមល ចេញលិខិតជូនដំណឹង និងបំភ្លឺ! ម្យ៉ាងវិញទៀត ដើម្បីឱ្យមានចំលើយទាំងសងខាង«ដើមរាំង»សម្រេចធ្វើការផ្សព្វផ្សាយឡើងវិញ និងដាក់លិខិតបំភ្លឺទាំងស្រុង របស់លោក ស៊ុយ និមល៕