ព្រឹត្តិការណ៍សមរាត្រីអង្គរ មកដល់ហើយនៅថ្ងៃស្អែក កុំភ្លេចត្រៀមផ្តិតរូបស្អាតៗផ្សព្វផ្សាយទេសចរណ៍កម្ពុជា
ព្រឹត្តិការណ៍សមរាត្រីអង្គរ ដែលត្រូវបានគេស្គាល់ថា ជាពេលវេលាដែលព្រះអាទិត្យរះចំពីលើកំពូល ប្រាសាទអង្គរវត្ត នឹងចាប់ផ្តើមបង្អួតភាពស្រស់ស្អាតចែងចាំង ម្តងទៀតហើយ ចាប់ពីស្អែកនេះ ពោលគឺចចន្លោះ ថ្ងៃទី២០មីនា ដល់ថ្ងៃទី២៣ មីនា អំឡុងម៉ោង ៥ព្រឹក ដល់ម៉ោង ៧ព្រឹក។ នេះបើតាមការផ្សព្វផ្សាយរបស់ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍សមរាត្រីអង្គរឆ្នាំ២០២៤ នេះ ក្រសួងទេសចរណ៍ ក៏មានរៀបចំការប្រកួតប្រជែងរូបថត “សមរាត្រីអង្គរអច្ឆរិយៈ” ផងដែរ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ-អន្ដរជាតិ ព្រមទាំងមហាជនទូទៅ អាចចូលរួមប្រកួតថតរូបស្អាតៗ ក្នុងព្រឹត្តិការណ៍នេះ។ ក្នុងនោះ ក្រសួងទេសចរណ៍ មានត្រៀមរង្វាន់ជូនដល់អ្នកដែលផ្តិតរូបភាពបានស្អាតជាងគេ ក្នុងព្រឹត្តិការណ៍នេះផងដែរ ចាប់ពី ១ លានរៀល ដល់ ៣លានរៀល ដោយរួមទាំងលិខិតសរសើរ។ គួរជម្រាបដែរថា ការប្រកួតប្រជែងរូបថត សមរាត្រីអង្គរអច្ឆរិយៈនេះ ក្រុមការងាររបស់ក្រសួង នឹងជ្រើសយករូបថតដែលស្អាតជាងកេចំនួន ១០សន្លឹក ដើម្បីផ្សព្វផ្សាយនៅលើគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយនានា របស់ក្រសួងទេសចរណ៍ ហើយក្នុងចំណោមនោះ មានតែជយលាភី ៣ រូបប៉ុណ្ណោះ ដែលទទួលបានប្រាក់រង្វាន់។ ចំណែកឯការប្រកួតប្រជែងរូបថត គឺតម្រូវឱ្យរូបថតដែលចូលរួមប្រកួត ជារូបដែលថតដោយផ្ទាល់ ហើយអ្នកចូលរួម មានពេល ៥ថ្ងៃ ដើម្បីធ្វើការផ្ញើរូបថតរបស់ខ្លួនចូលរួមប្រកួត ពោលគឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ៕ សម្រួលដោយ ទៀង បុណ្ណរី
https://fb.watch/qV6sj_9X7B/