ឡានខូចលើស្ពានព្រែកព្នៅ មិនដាក់សញ្ញាសម្គាល់ បង្កគ្រោះថ្នាក់ដល់និស្សិត២នាក់ ស្លា.ប់ម្នាក់ របួសធ្ងន់ម្នាក់
រាជធានីភ្នំពេញ ៖ និស្សិតស្រីឆ្នាំទី៤ចំនួន២នាក់ ខណៈកំពុងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ក្រោយចេញពីរៀន ឆ្លងកាត់ស្ពានព្រែកព្នៅ បានបាត់បង់ជីវិតម្នាក់ និងរបួសធ្ងន់ម្នាក់ បន្ទាប់ពីជិះម៉ូតូទៅបុករថយន្តធុនធំ១គ្រឿង ដែលខូចនៅលើស្ពានឈប់មិនដាក់ឱ្យសញ្ញាសម្គាល់ ។ ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅខាងលិចស្ពានព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ តាមប្រភពពីកាមេរ៉ាសុវត្ថិភាពរថយន្តរបស់ប្រជាពលរដ្ឋដែលបានឆ្លងកាត់ទីតាំងគ្រោះថ្នាក់នោះបានបង្ហាញពីហេតុការណ៍គ្រោះថ្នាក់ទាំងស្រុង គឺដំបូងឡើយ គេឃើញរថយន្តធុនធំ ប្រភេទហ៊ីយ៉ាន់ដាយ យីឌុប ពាក់ស្លាកលេខ ភ្នំពេញ 4A-6242 ចតនៅចំណុចកើតហេតុ មិនបើកបរទៅមុខនោះទេ។ ភ្លាមៗនោះនារីរងគ្រោះទាំង២នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ីត ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល 1AB-4881 ឆ្លងកាត់ស្ពានព្រែកព្នៅ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏មិនបានដឹងថារថយន្តខាងលើឈប់ចតចោលបែបនេះទេ ក៏ជ្រុលចង្កូតទៅបុកយ៉ាងពេញទំហឹងពីក្រោយ បណ្ដាលឱ្យបែកក្បាលស្លាប់ភ្លាមៗម្នាក់តែម្ដង និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ តាមការឱ្យដឹងពីក្រុមគ្រួសារនារីរងគ្រោះមានឈ្មោះក្រៅហៅថា ស្រី ស មានវ័យជាង២០ឆ្នាំ និងជានិស្សិតរៀនឆ្នាំទី៤ទៀតផងស្នាក់នៅម្ដុំមុខកំពូល។ សូមបញ្ជាក់ថា រថយន្តដឹកដីខាងលើ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញខូច ហើយឈប់ចតចោលនៅលើស្ពាន ដោយគ្មានប្រើប្រាស់វត្ថុអ្វីជាសញ្ញាសម្គាល់ឡើយសម្រាប់ឱ្យអ្នកដំណើរប្រុងប្រយ័ត្ននោះទេ តាំងពីថ្ងៃរហូតដល់យប់។ លុះដល់ម៉ោងកើតហេតុ ក៏មិនបានបើកភ្លើងសុំផ្លូវដូចគ្នា ទើបបង្កឱ្យមានមនុស្សស្លាប់ ព្រោះតែការធ្វេសប្រហែស និងមិនយកចិត្តទុកដាក់លើអាយុជីវិតអ្នកដំណើរឯទៀត ដែលត្រូវជាទំនួលខុសត្រូវរបស់អ្នកបើកបរឡើយ។ ក្រោយកើតហេតុ ស.ពនារីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តពេទ្យ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ក និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញ វាស់វែង និងយកទៅរក្សាទុក រង់ចាំភាគីទាំងពីរដោះស្រាយគ្នាតាមនីតិវិធីនៅពេលក្រោយ ៕ សម្រួលដោយ ទៀង បុណ្ណរី