សកម្មភាពជួយសង្គ្រោះក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ធ្លាក់ចូលប្រហោងជញ្ជាំងផ្ទះ បានចាយពេលជិត៤ម៉ោងទើបជួយសង្គ្រោះបានដោយសុវត្ថភាព
ភ្នំពេញ៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ បានធ្លាក់ពីលើផ្ទះចូលប្រហោងជញ្ជាំងផ្ទះ ជាប់គាំងចេញមិនរួចអស់ពេលជាច្រើនម៉ោង បណ្តាលឱ្យក្មេងស្រីខាងលើអស់កម្លាំង និងឈឺចុកចាប់ពេញរាងកាយ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ០៦និង៣០នាទីល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅផ្ទះលេខ២៦ ក្រុមទី៧ ភូមិ២ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្មេងស្រីរងគ្រោះមានឈ្មោះថា សុខ នីតា អាយុ១៣ឆ្នាំស្នាក់ទីតាំងកើតហេតុខាងលើ។ តាមប្រភពព័ត៌មានពីម្តាយក្មេងស្រីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ កូនស្រីរបស់គាត់បានរត់លេង នៅមុខសំយ៉ាបផ្ទះទៅមកៗ។ ពេលនោះម្តាយមិនបានចាប់អារម្មណ៍ទេ ដោយបានដើរសំដៅទៅផ្ទះបាយដើម្បីធ្វើម្ហូបដូចធម្មតា។ លុះមួយសន្ទុះក្រោយមក ស្ត្រីជាម្តាលឺសំឡេងកូនស្រី ស្រែកឱ្យជួយ ដើយបានស្ទុះមកមើលទើបឃើញកូនស្រីជាប់និងចន្លោះប្រហោងផ្ទះបាត់ទៅហើយ។ ភ្លាមៗម្តាយក្មេងស្រីរងគ្រោះ បានស្រែកឆោរឡោរឱ្យប្រជាពលរដ្ឋក្បែរខាង ជួយអស់រយៈពេលជាង០១ម៉ោងទៅហើយ នៅតែមិនអាចយកក្មេងស្រីខាងលើចេញ ទើបប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចដើម្បីទាក់ទងទៅក្រុមសង្រ្គោះ៧១១មកជួយអន្តរាគមន៏។ បន្ទាប់ពីក្រុម៧១១បានមកដល់ កម្លាំងជំនាញបានខួងជញ្ជាំង និងប្រើវិធីសាស្ដ្រមួយចំនួនរហូតជួយទាញយកក្មេងស្រីមកវិញបានដោយជោគជ័យ។ ក្រោយកើតហេតុ ក្រុមសង្គ្រោះ៧១១ បានដឹកក្មេងស្រីរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីជួយសង្រ្គោះបន្ត៕ សម្រួលដោយ ទៀង បុណ្ណរី