ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំស្តីពីការបំពេញការងាររបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងមហាផ្ទៃ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

TNM(ភ្នំពេញ) ៖ យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីធានានិរន្តភាពការងាររបស់ក្រសួងមហាផ្ទៃ និងដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដូចបានចែងខាងលើ ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅតាមអគ្គនាយកដ្ឋាន និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ អំពីការបំពេញការងាររបស់របស់ខ្លួន អំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលត្រូវបានអនុញ្ញាតឱ្យមកបំពេញការងារនៅទីស្តីការក្រសួងមហាផ្ទៃ រួមមាន៖ រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ និងជានាយខុទ្ទការល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយក និងប្រធានអង្គភាពប្រហាក់ប្រហែល។ ចំពោះរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការដទៃទៀត ត្រូវធ្វើការពីលំនៅឋាន ឬទីសំណាក់របស់ខ្លួនតាមរយៈអនឡាញ។
លើសពីនេះទៀត ក្នុងករណីចាំបាច់ដទៃទៀតត្រូវមកបំពេញការងារនៅទីស្តីការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ត្រូវទាក់ទងមកអគ្គលេខាធិការដ្ឋាន ដើម្បីរៀបចំលិខិតបំពេញបេសកកម្មជូនតាមការចាំបាច់។
ក្នុងនេះផងដែរសម្រាប់អគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែលដែលត្រូវចាត់មន្ត្រីមកបំពេញការងារឱ្យបានជាអប្បបរមាមិនលើសពី២% នៃចំនួនមន្ត្រីអង្គភាពនីមួយៗ។ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រៅពីនេះ ត្រូវបំពេញការងារតាមរយៈអនឡាញពីលំនៅឋាន ឬទីសំណាក់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរៀងៗខ្លួន។ អគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែលដែលត្រូវបានអនុញ្ញាតឱ្យមកបំពេញការងារងមិនលើសពី២%ត្រូវរៀបចំលិខិតបំពេញបេសកកម្ម សម្រាប់តែគោលបំណងនៃការធ្វើដំណើរពីលំនៅឋាន ឬទីសំណាក់របស់មន្ត្រីសាមីមកកាន់ទីស្តីការក្រសួងមហាផ្ទៃ ឬអង្គភាពបំពេញការងារក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងត្រូវបញ្ជូនឈ្មោះមកអគ្គលេខាធិការដ្ឋាន ដើម្បីផ្តល់ជូនប័ណ្ណចេញ-ចូលទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងនោះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីបំពេញការងារពីចម្ងាយត្រូវស្ថិតនៅតែក្នុងលំនៅឋាន ឬទីសំណាក់របស់ខ្លួន និងត្រូវអប់រំណែនាំក្រុមគ្រួសាររបស់ខ្លួន កុំឱ្យចេញក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួន បើគ្មានការចាំបាច់ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលដូចមានកំណត់ក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល៕
 
អត្ថបទដែលជាប់ទាក់ទង