ក្រុមអ្នកជួសជុលប្រាសាទភ្នំបាខែងរីករាយដ្បិតបានចូលរួមស្តារសម្បត្តិជាតិនិងទទួលបានទាំងចំណូល

ក្រុមកម្មករដែលកំពុងដុតដុតជើងជួសជុលប្រាសាទ ភ្នំបាខែង បង្ហាញអារម្មណ៍រីករាយបន្ទាប់ពីពួកគេទទួលបានឱកាសការងារពីអាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund)។ ក្រុមអ្នកជួសជុលប្រាសាទទាំងនោះបានលើកឡើងស្រដៀងៗគ្នាថា ការងារដែលពួកគេកំពុងធ្វើបានទាំងចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងថែមទាំងអនុញ្ញាតឱ្យពួកគេអាចចូលរួមស្តារឡើងវិញនូវប្រាសាទដែលជាសម្បត្តិវប្បធម៌របស់ជាតិខ្មែរ។  តាមរយៈការផ្ដល់បទសម្ភាសជាមួយក្រុមការងារ អាជ្ញាធរជាតិអប្សរា លោក សូ នៅ ជាចាស់ទុំមួយរូបដែលជំនាញខាងដាប់ ឆ្លាក់ និងរៀបថ្មតាមប្រាសាទនានា បានឱ្យដឹងថា លោកសប្បាយចិត្ត ដ្បិតទទួលបានការងារដែលជាចំណង់ចំណូលចិត្តរបស់លោក បើទោះជាការងារដែលកំពុងធ្វើតម្រូវឱ្យឡើងចុះភ្នំខុសពីការងារដែលធ្លាប់ធ្វើកន្លងមកក៏ដោយ តែក៏ជាការងារមួយដែលត្រូវតាមជំនាញ ដែលមិនបានបង្កការលំបាកច្រើននោះទេ។ ចំណែកអ្នកជំនាញជួសជុលប្រាសាទមួយរូបទៀតរស់នៅភូមិស្រះស្រង់ខាងត្បូង លោក សុខ សាវ៉េត បានឱ្យដឹងបន្តថា លោកបានប្រឡូកចូលបម្រើការងារផ្នែកជួសជុលប្រាសាទតាំងពីឆ្នាំ២០០៤មកម៉្លេះ ហើយការជួសជុលប្រាសាទភ្នំបាខែង ក៏មិនខុសប្លែកពីប្រាសាទទូទៅ ដែលលោកធ្លាប់ជួសជុលប៉ុន្មាននោះដែរ។ លោក សាវ៉េត ថាការជួសជុលប្រាសាទភ្នំបាខែង មិនត្រឹមតែជាការងារដែលទទួលបានតែប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យលោកអាចចូលរួមចំណែកក្នុងការស្តារឡើងនៅសម្បត្តិវប្បធម៌ដែលជាកេរមរតករបស់ដូចតាឱ្យបានគង់វង្សបន្តទៅដល់កូនចៅជំនាន់ក្រោយទៀត។  គួរឱ្យដឹងបន្ថែមថា ប្រសាទភ្នំបាខែង គឺជាប្រាសាទដ៏មានវ័យចំណាយមួយក្នុងចំណោមប្រាសាទជាច្រើនដែលកំពុងមានវត្តមានលើទឹកដីកម្ពុជា។ ប្រាសាទនេះត្រូវបានកសាងនៅឆ្នាំ៩០៧នៃគ.ស ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១។ ប្រាសាទភ្នំបាខែងមានកំពូល ១០៩ និងមានកម្ពស់ប្រមាណ ៤៥ម៉ែត្រ។ លក្ខណៈពិសេសរបស់ប្រសាទមួយនេះដោយសារតែប្រាង្គទាំង ១០៨ ដែលមានលក្ខណៈតម្រៀបស្មើៗគ្នាគឺ១២ប្រាង្គធំកណ្តាលមួយនៅជាន់ខាងលើ។ បច្ចុប្បន្ន ប្រាង្គមួយចំនួនធំត្រូវបានដួលរលំ ហើយប្រាង្គទាំង១២ នៅតាមថ្នាក់និមួយៗគឺតំណាងឱ្យសត្វទាំង១២ នៃឆ្នាំ ចំពោះប្រាង្គទាំង ១០៨នោះ ប្រហែលជានិមិត្តសញ្ញានៃចន្លោះពេលតាមច័ន្ទគតិទាំង៤ ដែលមានរយៈពេល ២៧ថ្ងៃ នៃចន្លោះពេលនិមួយៗ។ ក្រៅពីនេះក៏មានកូនប្រាសាទនៅខាងជើងដែលមានតម្កល់លឹង្គពីរ និងមានបណ្ណាល័យពីរ។ រីឯនៅលើភ្នំនេះមានព្រះបាទជាន់ទុកដែលស្ថិតនៅចំកណ្តាល នៃផ្លូវចូលទៅកាន់ប្រាសាទ។ នៅប្រាង្គកណ្តាលដើមឡើយមានតម្កល់លឹង្គព្រះឥសូរ ហើយប្រាង្គនេះមានទ្វារចូលតាមទិសទាំងបួន។ ប្រាង្គទាំងបួននៅជាន់ខាងលើក៏មានតម្កល់លឹង្គព្រះឥសូរផងដែរ តែមានទ្វារចូលតែពីរទិស។ ប្រាង្គកណ្តាលមានចំលាក់អប្សរា។ សិលាចារិកមាននៅផ្នែកខាថលិចនៃទ្វារខាងជើងនៃប្រាង្គកណ្តាល។ តាមសិលាចារិក ប្រាសាទភ្នំបាខែងគឺស្ថិតនៅចំកណ្តាលទីក្រុង យសោធបុរ។ នេះត្រូវបានបញ្ជាក់ដោយការរកឃើញស្លាក់ស្នាមកំពែងចាស់របស់ទីក្រុង នៅចុងសតវត្សរ៍ទី៩។ ប្រាសាទនេះមានឈ្មោះដើមថា យសោធរគិរី ក្រោយមកគេហៅថា ភ្នំកណ្តាល ការហៅនេះប្រហែលជាគេគិតទៅលើការប្រៀបធៀបរវាងភ្នំបូក និងភ្នំក្រោម ហើយភ្នំនេះនៅកណ្តាលគេ។ រហូតមកដល់បច្ចុប្បន្នគេហៅថាប្រាសាទភ្នំបាខែង ហើយយើងរកឃើញឈ្មោះនេះជាលើកដំបូងនៅក្នុងសិលាចារិករបស់ប្រាសាទនៅសតវត្សរ៍ទី១៦។ នេះបើតាមក្រសួងទេសចរណ៍៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង