លទ្ធផល​ស្រាវជ្រាវ​បឋម ៖ ឧបទ្ទវហេតុ​ផ្ទុះ​ឆេះ​រថយន្ត នៅ​មុខ​ប្រាសាទអង្គរវត្ត បណ្តាល​មក​ពី​លក្ខណៈ​បច្ចេកទេស​របស់​រថយន្ត ៤៥​កៅអី ១​គ្រឿង

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២៤​នេះ រដ្ឋបាល​ខេត្តសៀមរាប បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ស្តី​ពី​ករណី​ឆេះ​ផ្ទុះ​រថយន្ត នៅ​ទីតាំង​ចំណតរថយន្ត​មុខ​ប្រាសាទអង្គរវត្ត ដែល​ឧបទ្ទវ​ហេតុនេះ បណ្តាល​មក​ពី​លក្ខណៈ​បច្ចេកទេស​របស់​រថយន្ត ៤៥​កៅអី មួយ​គ្រឿង រហូត​ដល់​ឆេះ​រាលដាល​ដល់​រថយន្ត​ចត​ក្បែរ ២​គ្រឿង​ទៀត ។  បើ​តាម​រយៈ​របាយការណ៍​ស្រាវជ្រាវ​បឋម​របស់​សមត្ថកិច្ច បានអោយ​ដឹង​ថា ៖ នៅ​វេលា​ម៉ោង​០៥​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២៤ មាន​ករណី​ឆេះ​ផ្ទុះ​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ ៤៥​កៅអី ១​គ្រឿង នៅ​ទីតាំង​ចំណតរថយន្ត​មុខ​ប្រាសាទអង្គរវត្ត​។ ដោយ​រថយន្ត ៤៥​កៅអី មួយ​គ្រឿង​នេះ បាន​ដឹក​ភ្ញៀវ​ទេសចរ​ឱ្យ​ចូល​មើល​ថ្ងៃ​រះ ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត រួច​ចូល​ចំណត​ចត​ជា​ធម្មតា ដោយ​មាន​រថយន្ត​ចត​ក្បែរ​ផង​ដែរ​។ មូលហេតុ នៃ​ការ​ឆេះ​ផ្ទុះ​នេះ គឺជា​ឧបទ្ទវហេតុ​បណ្តាល​មក​ពី​លក្ខណៈ​បច្ចេកទេស​របស់​រថយន្ត ៤៥​កៅអី​មួយ​គ្រឿង ដែល​មាន​ស្លាក​លេខ ភ្នំពេញ  3E-4674 រហូត​ដល់​ឆេះ​រាលដាល​ដល់​រថយន្ត​ចត​ក្បែរ ២​គ្រឿង​ទៀត ។  រដ្ឋបាល​ខេត្ត បាន​បន្ថែម​ថា ករណី​គ្រោះថ្នាក់​នេះ មិន​បាន​បង្ក​ឱ្យ​រង​របួស​ដល់​ភ្ញៀវ​ទេសចរ​នោះ​ទេ ដោយ​បាន​បង្ក​ការ​ខូចខាត​រថយន្ត​ចំនួន ៣​គ្រឿង ក្នុង​នោះ​រថយន្ត​ប្រភេទ ៤៥​កៅអី ២​គ្រឿង រថយន្ត ២៤​កៅអី ១​គ្រឿង និង​បណ្តាល​ឱ្យ​រង​របួស​មនុស្ស ២​នាក់ ។រដ្ឋបាល​ខេត្ត សូម​ស្នើ​ដល់​សារព័ត៌មាន​ជាតិ អន្តរជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ ចៀសវាង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ដោយ​ធ្វើការ​សន្និដ្ឋាន ឬ​ដោយ​ការ​យល់​ឃើញ​ណាមួយ​ផ្ទាល់ខ្លួន មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ។  គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត បាន​និង​កំពុង​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​បាន​ណែនាំ​ដល់​សមត្ថកិច្ច​ជំនាញ​របស់​រដ្ឋបាល​ខេត្ត ដើម្បី​ស្រាវជ្រាវ​បន្ថែម​ទៀត អំពី​ហេតុការណ៍ ដែល​បាន​កើតឡើង​នេះ ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង