​រ.បួ.សធ្ងន់ស្រាល៣នាក់ករណីផ្ទុះរថយន្តក្រុង៤គ្រឿងនៅចំណតមុខប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ មាន​ករណីផ្ទុះ​រថយន្តក្រុង​ប្រភេទពីរ​ជាន់ ចំនួន៤​គ្រឿងម៉ាក Hyundai នៅព្រឹកថ្ងៃទី០៥ខែមីនា ដែល​បណ្ដាលឱ្យមនុស្ស៣នាក់បានរងរបួសធ្ងន់និងស្រាល​។ នេះបើ​តាម​អធិការដ្ឋាននគរបាលក្រុងសៀមរាប។​  តាមរយៈការផ្ដល់បទសម្ភាសជាមួយ អាជ្ញាធរក្រុងសៀមរាបបានបញ្ជាក់ថា មនុស្សដែលរងរបួសទាំង៣នាក់ គឺមានម្នាក់រងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាល។ បច្ចុប្បន្នអ្នកទាំង៣ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យអស់ហើយ។ អាជ្ញាធរបានឱ្យដឹងបន្ថែមថា ករណីផ្ទុះរថយន្តខាងលើ បានកើតឡើងនៅចំណតរថយន្តខាងមុខបរិវេណប្រាសាទអង្គរវត្ត ដែលស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ យ៉ាងណា គេមិនទាន់អាចកំណត់មុខសញ្ញាដែលនាំឱ្យផ្ទុះរថយន្តខាងលើបាននៅឡើយទេ ដោយអាជ្ញាធរអះអាងថាហេតុការណ៍នេះ ទើបតែកើតឡើងភ្លាមៗមិនទាន់សន្និដ្ឋានបាន និងកំពុងធ្វើកោសល្យវិច័យនៅឡើយ។  គួរឱ្យដឹងថា មួយរយៈចុងក្រោយនេះគេតែងឃើញមានករណីឆេះនិងផ្ទុះរថយន្តជារឿយៗ ពិសេសនៅតាមផ្លូវល្បឿនលឿន។ ជាក់ស្ដែង កាលពីថ្ងៃ​ទី​០៤​ ខែ​មីនា មានរថយន្ត​ម៉ាក​ Range Rover​មួយ​គ្រឿង​បាន​ឆាបឆេះ​លើផ្លូវ​ល្បឿន​លឿន​ នៅត្រង់ចំណុចគីឡូម៉ែត្រលេខ ១៣៤-១៣៥ ម្តុំស្ទឹងឆាយ ស្ថិតក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដោយសារ​ឆ្លង​ប្រព័ន្ធ​ភ្លើង ប៉ុន្តែ​គ្រានោះ​​ពុំ​មាន​អ្នកស្លាប់​រងរបួស​នោះដែរ​៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង