សូមរកផ្លូវវាង! ផ្អាកចារាចរយានយន្តគ្រប់ប្រភេទឆ្លងកាត់វត្តឧណ្ណាលោមចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣មីនា

រាជធានីភ្នំពេញ៖ ដើម្បីបញ្ចៀសការកកស្ទះចរាចរក្នុងព្រះរាជពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជមហាកុសលថ្វាយ ព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធធ្វើឡើងនៅវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកចរាចរយានយន្តគ្រប់ប្រភេទដែលឆ្លងកាត់កំណាត់ផ្លូវមួយចំនួន ដែលជាប់ទីតាំងពិធី ជាបណ្តោះអាសន្ន​ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។  រដ្ឋបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ឱ្យដឹងថា​​ ​អាជ្ញាធរនឹងបញ្ចៀសចរាចរជាបណ្តោះអាសន្ន នូវយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងទីតាំងប្រារព្ធព្រះរាជពិធីបុណ្យតាមផ្លូវរួមមាន៖ បង្វែរទិសចរាចរកំណាត់ផ្លូវព្រះស៊ីសុវត្ថិ ចាប់ពីវិថីខេមរៈភូមិន្ទ (ផ្លូវលេខ១៣០) កែងផ្លូវព្រះស៊ីសុវត្ថិ រហូតដល់វិថីឧកញ៉ាឈុន (ផ្លូវលេខ២៤០) កែងផ្លូវព្រះស៊ីសុវត្ថិ។ បង្វែរទិសចរាចរកំណាត់មហាវិថីសម្តេចសុធារសចាប់ពីវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) កែងមហាវិថី សម្តេចសុធារស រហូតដល់ផ្លូវលេខ១៧៨ កែងមហាវិថីសម្តេចសុធារស។ បង្វែរទិសចរាចរកំណាត់វិថីតេជោដំឌិន (ផ្លូវលេខ១៥៤) ចាប់ពីតីរវិថីព្រះស៊ីសុវត្ថិ កែងវិថីតេជោ ដំឌិន រហូតដល់ផ្លូវលេខ១៣ កែងវិថីតេជោដំឌិន។ បង្វែរទិសចរាចរកំណាត់ផ្លូវលេខ១៣ ចាប់ពីវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) កែងផ្លូវលេខ១៣ រហូតដល់ផ្លូវលេខ១៧៨ កែងផ្លូវលេខ១៣។  ដូច្នេះអ្នកដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើ យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធព្រះរាជពិធីបុណ្យខាងលើ។ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ។ សូមជម្រាបថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាបានយាងចូលទិវង្គតនៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០នាទី៕    សម្រួលដោយ  ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង