ក្រសួងធម្មការសម្រេចប្រគល់ភារកិច្ចនិងប្រគេនសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ជាសម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងធម្មការនិង សាសនាបានសម្រេចប្រគល់ភារកិច្ចថ្វាយ និងប្រគេនសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ទទួលភារកិច្ចជាសម្ដេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទទួលភារកិច្ច ជាសម្ដេចព្រះសង្ឃនាយកស្ដីទី គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមសេចក្តីសម្រេចស្តីពី ការប្រគល់ភារកិច្ចថ្វាយ ប្រគេនសម្តេចព្រះសង្ឃនាយក និងសម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជារបស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនានៅថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២៤។ សេចក្តីសម្រេចបានលើកឡើងថា ដោយបានសម្រេចប្រគល់ភារកិច្ចថ្វាយ និងប្រគេនសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត ឆន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ទទួលភារកិច្ច ជា សម្ដេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទទួលភារកិច្ច ជា សម្ដេចព្រះសង្ឃនាយកស្ដីទី គណៈមហានិកាយ នៃ ព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបថា ការសម្រេចប្រគល់ភារកិច្ចថ្វាយនិងប្រគេននេះក្រោយពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងសោយព្រះទីវង្គត់ នៅវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះរាជពាធ ៕ សម្រួលដោយ ទៀង បុណ្ណរី