ស្ដាប់ចម្លើយសារភាពជនសង្ស័យជាជនជាតិខ្មែរទាំង៦នាក់ក្រោយព្រួតវាយបុរសជនជាតិទួរគីម្នាក់ដល់ស្លា.ប់
រាជធានីភ្នំពេញ៖ ស្នងការរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរ៦នាក់ នៅភូមិ១០ សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ ពាក់ព័ន្ធនឹងករណីព្រួតវាយទៅលើជនបរទេសសញ្ជាតិទួរគីម្នាក់ រហូតដល់ស្លាប់កាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ។ យោងតាមស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថានៅថ្ងៃទី២៦ខែកម្ភៈ ជនសង្ស័យទាំង៦នាក់ មានទី១ឈ្មោះ ប៉ាវ គន្ធមុន្នី ភេទស្រី ទី២ឈ្មោះ វ៉ាន់ ហួត ភេទប្រុស ទី៣ឈ្មោះ ប៉ាវ គន្ធសុធា ហៅចូជ ទី៤ឈ្មោះ ឃួយ ម៉ិញគាត ភេទប្រុស ទី៥ឈ្មោះ ងួន វណ្ណៈ ហៅឆៃ ភេទប្រុស ទី៦ឈ្មោះប៉ាវ គន្ធសុធី ភេទប្រុស។ អាជ្ញាធរបន្ថែមថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងបន្ទាប់ពីបានបង្កអំពើហិង្សាដោយចេតនា ដោយព្រួតវាយទៅលើបុរសជនជាតិទួរគីម្នាក់ឈ្មោះ UFUK ONTURK អាយុ ៥៣ឆ្នាំ បណ្តាលឱ្យស្លាប់នៅមុខបន្ទប់ជួល ខណៈជនបរទេសរូបនោះអង្គុយជក់បារីនៅលើផ្ទះរួចទម្លាក់ចានមកក្រោមត្រូវចំជនសង្ស័យម្នាក់ក្នុងចំណោមពួកគេទាំង៦ដែលកំពុងអង្គុយផឹកស៊ីនៅខាងក្រោម។ អាជ្ញាធរបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធី៕ សម្រួលដោយ ទៀង បុណ្ណរី