ក្រសួងអប់រំបង្ហាញការព្រួយបារម្ភថាសិស្សានុសិស្សមួយចំនួនយល់ច្រឡំថាថ្ងៃ១៤ ខែកុម្ភៈ ជាថ្ងៃណាត់ជួបរវាងគូស្នេហ៍
ក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃទី១៣ ខែកុម្ភៈ បានចេញសេចក្តីណែនាំ ដោយដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបញ្ឈប់សកម្មភាពមិនប្រក្រតី នៅតាមសាលារៀនរដ្ឋនិងឯកជន ក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់។ ការចេញសេចក្តីណែនាំបែបនេះ គឺនៅក្រោយពេលក្រសួងបានកត់សម្គាល់ថា សិស្សជាច្រើនបានយល់ច្រឡំ ថ្ងៃទី១៤ខែកុម្ភៈគឺជាថ្ងៃណាត់ជួបរវាងគូស្នេហ៍ ដែលជាការយល់ខុសទាំងស្រុង ហើយវប្បធម៌នេះមិនមែនជារបស់ប្រទេសកម្ពុជាឡើយ។ ក្រសួងអប់រំ បានសង្កត់ធ្ងន់ថា៖ «យុវជន មួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្ដីថ្លៃថ្នូរជាបុគ្គល និងក្រុមគ្រួសារ ដោយប្រាសចាកវប្បធម៌ និង ប្រពៃណីជាតិរបស់ខ្មែរ»។ ជាមួយគ្នានេះ ក្រសួងអប់រំ ក៏បានដាក់ចេញនូវការណែនាំមួយចំនួនទៀត ដើម្បីពង្រឹងបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលទាមទារឱ្យលោកគ្រូ អ្នកគ្រូ អាណាព្យាបាលទាំងអស់ រួមគ្នាផ្សព្វផ្សាយអត្ថន័យរបស់ទិវានៃសេចក្តីស្រឡាញ់ ជៀសវាងការយល់ច្រលំ នាំឱ្យពួកគេប្រព្រឹត្តអំពើប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។ ក្រសួងបានក្រើនរំឭកដល់គ្រូបង្រៀនត្រូវតែតាមដានអវត្តមានរបស់សិស្ស និងបញ្ចូលការអប់រំសីលធម៌ទៅក្នុងមុខវិជ្ជានីមួយៗ និងជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត»។ ដោយឡែក ក្រសួងបានកំណត់ឱ្យ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងសាលារៀន និងគ្រប់ភាគីពាក់ព័ន្ធបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងសាលាឱ្យបានខ្ជាប់ខ្ជួន៕ សម្រួលដោយ ទៀង បុណ្ណរី