មានរឿងត្រូវតាមដានទៀតហើយ..! ចៅក្រមកាត់ក្តី៣រូបអាចនឹងត្រូវបញ្ឈរជើងពីអាជីព ប្រសិនបើរកឃើញថាពិតជាមានភាពមិនប្រក្រតី

គុនខ្មែរ៖ព្រឹត្តិការណ៍រាជសីហ៍គុនខ្មែរ ដែលរៀបចំដោយស្ថានីយទូរទស្សន៍ថោន កាលពីរាត្រីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានលោកគ្រូ ឡោ សំណាង ដាក់ពាក្យប្តឹងទៅសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បន្ទាប់ពីចៅក្រមកាត់ក្ដីការប្រកួតដណ្ដើមខ្សែក្រវាត់៣រូបផ្តល់ពិន្ទុមានភាពមិនប្រក្រតី..។  ការប្រកួតម៉ារ៉ាតុនដណ្តើមខ្សែក្រវាត់កម្រិតអន្តរជាតិ IPCC រាជសីហ៍គុនខ្មែរ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម វគ្គផ្ដាច់ព្រ័ត្រ ដែលមានកីឡាករចូលរួម៣ប្រទេសផ្សេងគ្នាចាប់ឆ្នោតប្រកួត ខណៈដែលកីឡាករ រិន ដេវីត ជួបជាមួយកីឡាករ អ៊ីស្លាមចន អូឡាស៊ូវ មកពីប្រទេសអ៊ូបេគីស្ថាន និងកីឡាករ ធន់ អៀងឡៃ ជួបជាមួយកីឡាករ សូរិន នូមខាវ មកពីប្រទេសថៃ។ កីឡាករកម្ពុជាទាំងពីរបានដឹកដៃគ្នាឡើងទៅកាន់វគ្គព្រ័ត្រ ដោយចាយពេលត្រឹមតែ២នាទីដំបូងនៅដើមទឹកទី១ប៉ុណ្ណោះ។ ឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ កីឡាករកម្ពុជាទាំងពីររូប ប្រកួត៣ទឹកពេញរហូតបញ្ចប់ការប្រកួតលោកចៅក្រមទាំង៥រូប កាត់ក្ដីឱ្យឈ្នះចាញ់ដោយមិនឯកច្ឆន៣-២ ដោយកីឡាករ ធន់ អៀងឡៃ ទទួលបានជ័យជម្នះទាំងដែលអ្នកគាំទ្របង្ហាញពីការមិនពេញចិត្តចំពោះលទ្ធផល ដូចគ្នាទៅនឹងសាមីខ្លួន កីឡាករ រិន ដេវីត ដែរ។  ទោះយ៉ាងណា ការប្រកាសលទ្ធផលពីលោក ជួប វុត្ថា ក្រោមការសម្រេចចិត្តពីចៅក្រមទាំង៥ខាងលើនេះ បានធ្វើឱ្យគ្រូបង្វឹករបស់កីឡាករ រិន ដេវិត គឺលោកគ្រូ ឡោ សំណាង រួមជាមួយអ្នកឱ្យទឹកបដិសេធមិនទទួលយកលទ្ធផល និងឡើងលើសង្វៀនស្រែករកទាមទាររកយុត្តិធម៌ ស្របពេលដែលកម្មវិធីមិនទាន់បិទបញ្ចប់។ សកម្មភាពនេះ ធ្វើឱ្យអ្នកគាំទ្រមួយចំនួនរិះគន់ពេញបណ្ដាញសង្គម ព្រោះជាទង្វើមិនគួរគាប្បីនឹងបង្ហាញសកម្មភាពដែលមិនគោរពកម្មវិធី និងមើលទៅមិនមានភាពថ្លៃថ្នូរ ខ្វះការពិចារណារ ធ្វើឱ្យអាប់ឱនដល់ប្រដាល់គុនខ្មែរ ដែលបរទេសកំពុងចាប់អារម្មណ៍តាមដាន ពិសេសក្រុមផ្ទះលេខ២ដែលចាំតែសើចយើងស្រាប់ និងមើលបំណាំ។ យ៉ាងណា បន្ទាប់ពីការប្រកួតត្រូវបានបិទបញ្ចប់ លោកគ្រូ ឡោ សំណាង និងកីឡាករ រិន ដេវិត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ខ្លួនមិនយល់ស្រមតាមការកាត់ក្ដីពីសំណាក់លោកចៅក្រមទាំង៣រូបនោះឡើយ ព្រោះមានភាពលម្អៀងមិនសុក្រឹតយុត្តិធម៌ ហើយលោកនឹងដាក់ពាក្យបណ្ដឹងទៅកាន់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្នើសុំឱ្យពិនិត្យមើលការប្រកួតនេះឡើងវិញ។ លោកគ្រូ ឡោ សំណាង អះអាងថា សិស្សរបស់លោកមិនគួររងភាពអយុត្តិធម៌បែបនេះឡើយ។  សូមបញ្ជាក់ថា បន្ទាប់ពីទទួលពាក្យបណ្ដឹង ជាការឆ្លើយតបរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បញ្ជាក់ថា នឹងពិនិត្យមើលការប្រកួតខាងលើជាថ្មីម្ដងទៀត ហើយក្នុងករណីរកឃើញថា ពិតជាមានការកាត់ក្ដីគ្មានសុភវិនិច្ឆ័យប្រាកដមែននោះ ការប្រកាសលទ្ធផលថ្មីនឹងត្រូវធ្វើឡើងម្ដងទៀត ហើយចៅក្រមកាត់ក្ដីទាំង៣នាក់នោះ អាចនឹងត្រូវបញ្ឈរជើងមួយរយៈ ព្រោះបានប្រព្រឹត្តខុសនឹងបទបញ្ជាផ្ទៃក្នុងរបស់ច្បាប់សហព័ន្ធប្រដាល់គុនខ្មែរ…៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង