ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យការ​ងាររៀបចំសម្អាតអាគារសម្រាប់ដាក់អ្នកចត្តាឡីស័កក្រោយព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩

TNM(ខេត្តស្វាយរៀង) ៖ នាព្រឹកថ្ងៃសៅរ៍ទី១៧ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត បានអញ្ជើញចុះពិនិត្យ និងដឹកនាំកងកម្លាំង អាជ្ញាធរដែនដី និងមន្ត្រីសុខាភិបាល​រៀបចំសម្អាតអាគារសម្រាប់ដាក់អ្នកចត្តាឡីស័កក្រោយព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ស្ថិតក្នុងទីតាំងអាគារស្នាក់នៅរបស់ក្រុមហ៊ុនកាស៊ីណូបាវិតម៉ុកបាយ​ (អាគារB)ដែលមានកម្ពស់៨ជាន់ស្មើនិង៨០ បន្ទប់ នៅសង្កាត់បាវិត ក្រុងបាវិត។
អញ្ជើញចូលរួមអមដំណើរឯកឧត្ដមអភិបាលខេត្តរួមមាន ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកអភិបាលក្រុងបាវិត រួមទាំងមន្ត្រីសុខាភិបាល និងអាជ្ញាធរដែនដីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តមអភិបាលខេត្តក្នុងនាមរដ្ឋបាលខេត្តស្វាយរៀងបានថ្លែងនូវអំណរគុណ ចំពោះកងកម្លាំង អាជ្ញាធរដែនដី ម្ចាស់ទីតាំងអាគារ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានរួមសហការគ្នារៀបចំសម្អាតអាគារបន្ថែមមួយទៀត ដោយអាគារថ្មីនេះសម្រាប់ដាក់តែអ្នកចត្តាឡីស័កក្រោយព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ តែប៉ុណ្ណោះ​ ស្របតាមគោលការណ៍ព្យាបាលរបស់ក្រសួងសុខាភិបាល។​
ទន្ទឹមនេះ​ ឯកឧត្តមក៏បានថ្លែងនូវអំណរគុណ និងកោតសរសើរចំពោះបុគ្គលិកសុខាភិបាល​ និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងខេត្តស្វាយរៀងទាំងមូល​ ដោយគ្រូពេទ្យជួរមុខ គឺជាកងទ័ពអាវស ដែលមិនត្រឹមតែបានចូលរួមក្នុងការប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មលះបង់ពេលវេលាទាំងពេលយប់ និងពេលថ្ងៃដោយមិនខ្លាចនឿយហត់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយយកចិត្តទុកដាក់បំផុត។
សូមជម្រាបជូនថា​ ក្រោមការយកចិត្តទុកដាក់របស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត ដែលមានឯកឧត្តមអភិបាលខេត្តជាប្រធាន រដ្ឋបាលខេត្តស្វាយរៀង សង្ឃឹមថាស្ថានភាពជំងឺកូវីដ-១៩​ នៅក្នុងខេត្ត​ នឹងមានភាពធូរស្រាលនៅពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនេះ រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល “៣ការពារ ៣កុំ” និងសេចក្តីសម្រេច ឬសេចក្តីណែនាំនានាដែលចេញដោយរដ្ឋបាលខេត្ត​ ហើយបើគ្មានការចាំបាច់ សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូវីដ-១៩នេះ ដោយផ្តើមចេញពីការចូលរួមសហការពីប្រជាពលរដ្ឋគ្រប់ៗរូប។​
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់កងកម្លាំងស្នងការនគរបាលខេត្ត និងកងកម្លាំងកងរាជអាវុធហត្ថខេត្តសរុបប្រមាណ១០០នាក់ ជាការលើកទឹកចិត្តផងដែរ៕
អត្ថបទដែលជាប់ទាក់ទង