មិនត្រឹមតែរៀនពូកែទេ ឆ្លាក់អក្សរខ្មែរលើក្តារខៀនក៏ស្អាតអស់ទាស់ដែរ
រាជធានីភ្នំពេញ ៖ ជារឿងមួយដែលរីករាយបំផុត ដែលក្មេងប្រុសម្នាក់សរសេរអក្សរឆ្លាក់បានល្អ ដោយតាមរយៈសកម្មភាពទាំងនេះជាការលើកស្ទួយការឆ្លាក់អក្សរខ្មែរ ដូចដែលបុព្វបុរសយើងបានឆ្លាក់ដាបលើផ្ទាំងថ្មីជាកេរតំណែលនោះ ។ ចំពោះស្នាដៃទាំំងនេះ មិនសរសើរមិនបាន ក្រោយក្មេងប្រុសចេះឆ្លាក់អក្សរខ្មែរបានយ៉ាងស្រស់ស្អាត ធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម មានការចាប់អារម្មណ៍ពេលទស្សនានូវរូបភាពមួយនេះ។ ទឹកដៃប៉ិនប្រសប់គួរឱ្យគយគន់នេះ អ្នកគ្រូមិនដែលនឹងបង្រៀនទេ តែប្អូនអាចឆ្លាក់អក្សរទៅបាន ដោយប្អូនគ្រាន់មើលតាមគេ រៀនតាមគេក្នុងបណ្តាញសង្គម YouTube ប្អូនអាចធ្វើបាន ចុះទម្រាំប្អូនទទួលបានការហ្វឹកហាត់បន្ថែមទៀត មិនដឹងជាល្អយ៉ាងណាទេ។ ជាការពិតណាស់ នេះអាចថា គំរូមួយដ៏ល្អចំពោះប្អូនៗដែលកំពុងសិក្សាមិនថាបឋម អនុវិទ្យាល័យ ឬវិទ្យាល័យនោះទេ ពោលគួរយកពេលវេលាពង្រឹងការសិក្សាខ្លួន ដូចជាប្អូនប្រុសរូបនេះ ទោះគ្រូមិនបានបង្ហាត់បង្ហាញពីការឆ្លាក់អក្សរក៏ដោយ តែប្អូនចង់ចេះស្គាល់ រហូតដល់ប្អូនឆ្លាក់ទៅបានល្អ សូម្បីតែគ្រូក៏សរសើរមិនដាច់ពីមាត់នោះ។ ក្រោយមានការសរសើរមិនដាច់ពីមាត់នោះ ក៏មានមហាជនខ្លះក៏បានលើកឡើងថា « ពូកែណាស់កូន ! កាលអ៊ុំនៅក្មេង ចូលចិត្តស្រឡាញ់ណាស់ការសរសេរ ប៉ុន្តែ អ៊ំធ្វើមិនបានដូចកូនទេ »។ និងមហាជនខ្លះទៀតបានលើកទឹកចិត្តថា « សូមប្អូនខំរៀន ដើម្បីឆ្លាក់ឱ្យស្អាតជាងនឹងទៀត »។ និងមហាជនខ្លះទៀតបានលើកឡើងថា « សាលារៀនដែលលោកគ្រូ អ្នកគ្រូ ឱ្យសិស្ស សរសេរអក្សរឆ្លាក់ គឺជាការលើកស្ទួយអក្សរសាស្ត្រាជាតិយើង តាមរយៈសកម្មភាពទាំំងនេះអរគុណ »។ តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មាន អ្នកគ្រូ ថាំង សំនៀង ឱ្យដឹងថា កូនសិស្សរូបនេះ ឈ្មោះ អេង អង អាយុ១២ឆ្នាំ ប្អូនចេះឆ្លាក់អក្សរនេះ ដោយរៀនតាម YouTube និងពេលតាមគេផ្សេងៗទៀត ហើយលើសពីនេះ ក៏ចេះតែរៀនឆ្លាក់ក្រដាសក៏ចេះតែឆ្លាក់បានដូច្នេះ។ អ្នកគ្រូ ថាំង សំនៀង បន្តថា ការឆ្លាក់នេះ អ្នកគ្រូមិនទាន់បានបង្រៀនដល់គាត់នៅឡើយទេ តែគាត់អាចឆ្លាក់បាន ពោលអ្នកគ្រូពិតជាសរសើរដល់គាត់ ព្រោះគាត់អាយុទើបតែ១២ឆ្នាំ រៀនថ្នាក់ទី៥ប៉ុណ្ណោះ តែប្អូនអាចឆ្លាក់បានល្អហើយ នោះអ្នកគ្រូគ្រាន់តែតម្រង់បន្ថែម នោះគាត់នឹងកាន់តែប្រសើរឡើង។ អ្នកគ្រូ ថាំង សំនៀង បន្តថា ប្អូនអេង អង មិនត្រឹមតែពូកែឆ្លាក់ប៉ុណ្ណោះទេ ប្អូនក៏រៀនពូកែផងដែរ ដោយកាលពីកន្លងទៅប្អូនរៀនបានចំណាត់ថ្នាក់លេខមួយ ក្នុងចំណោមសិស្ស១៤នាក់ នៅសាលាបឋមសិក្សាអូររាំងគ្រោះ ស្ថិតក្នុងខេត្តស្ទឹងត្រែង។ អ្នកគ្រូបន្ថែមថា ប្អូនជាក្មេងឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងសិក្សា ទោះបីជាប្អូនជាកូនកសិករក៏ដោយនោះ តែប្អូនតែងតែខិតខំត្រង់ត្រាប់ ពោលមានចំណេះនេះហើយជាប្រទីបចម្លងប្អូនដល់ត្រើយបាន៕ សម្រួលដោយ ទៀង បុណ្ណរី