ពលរដ្ឋបារម្ភពីសុខភាពដោយអះអាងថាសាច់បង្កកនាំចូលពីវៀតណាមគ្មានការត្រួតពិនិត្យពីអាជ្ញាធរ

ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបង្ហាញការព្រួយបារម្ភចំពោះសុខភាពខ្លួន និងក្រុមគ្រួសារ ខណៈពួកគាត់លើកឡើងថា មានការនាំសាច់បង្កកចូលពីប្រទេសវៀតណាម តាមច្រករបៀងស្លាបស្តាំ និងស្លាបឆ្វេងនៃច្រកត្រពាំងផ្លុង ជាច្រើនដោយគ្មានការត្រួតពិន្យពីមន្ត្រីអាជ្ញារធរពាក់ព័ន្ធ។  ពលរដ្ឋរស់នៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានរៀបរាប់ត្អូញត្អែរប្រាប់មកកាន់អង្គភាពសារព័ត៌មាន  ថាមួយយប់ៗ មានឈ្មួញលួចនាំចូលសាច់បង្កកជាច្រើនប្រភេទដូចជា បង្គា បង្កង និងត្រី ពីប្រទេសវៀតណាមតាមច្រករបៀង ចំណុចស្លាបទាំងសងខាងនៃច្រកត្រពាំងផ្លុង ដែលមានចម្ងាយប្រហែលជាង៣គីឡូម៉ែត្រពីច្រកទ្វារព្រំដែនអន្តរជាតិនេះ។ ពលរដ្ឋឱ្យដឹងទៀតថា ការដឹកនាំចូលរបស់ឈ្មួញទាំងនោះមិនឃើញមានមន្ត្រីជំនាញណាមួយចុះត្រួតពិន្យ ឬបង្ក្រាបឡើយ ពោលគឺធ្វើឡើងដោយរលូន។ ប្រជាពលរដ្ឋបន្ថែមទៀតថា បង្គា បង្កង ត្រី និងសាច់បង្កក ដែលលួចនាំចូលពីវៀតណាមនេះ មិនមានការត្រួតពិនិត្យពីគុណភាពទេ ហេតុនេះពួកគាត់ព្រួយបារម្ភសុខភាពជាខ្លាំងចំពោះអ្នកបរិភោគ។  ទន្ទឹមគ្នានោះពលរដ្ឋបានបង្ហាញចម្ងល់ថា តើលោក មុន សុភាព ប្រធានច្រកទ្វារអន្តរជាតិត្រពាំងផ្លុង បានដឹងពីការនាំចូលសាច់បង្កកទាំងនេះទេ ឬមួយក៏ដឹងហើយតែធ្វើមិនដឹងបើកដៃឱ្យឈ្មួញទាំងនោះនាំចូលដោយមិនមានការត្រួតពិនិត្យដូច្នេះ? ជុំវិញករណីនេះអង្គភាពសារព័ត៌មាន  នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ បានព្យាយាមទាក់ទងសូមការបំភ្លឺពី លោក មុន សុភាព ប្រធានច្រកទ្វារអន្តរជាតិត្រពាំងផ្លុងដែរ ប៉ុន្តែទូរសព្ទចូលគ្មានអ្នកទទួល។ គួររំឭកថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលសម្រេចផ្អាកជាបណ្តោះអាសន្នការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកតាមប្រភេទមួយចំនួន រយៈពេល៦ខែ ដោយវិធានការផ្អាកនោះនឹងផ្ដើមអនុវត្តចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង