សាច់បង្កកឆ្លងដែន៤ឡានកុងតឺន័រចាប់បានទៀតហើយ
ខេត្តស្វាយរៀង ៖ ឈ្មួញបាននាំសាច់បង្កកពីប្រទេសវៀតណាមឆ្លងដែនចូលមកកម្ពុជាចំនួន០៤រថយន្តកុងតឺន័រ បម្រុងដឹកឆ្ពោះទៅកាន់រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចដេញតាមប្រមាញ់ស្ទាក់ បង្ក្រាបតែម្ដង ។ បើតាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តកុងតឺន័រចំនួន៤គ្រឿង សង្ស័យដឹកសាច់បង្កក ទើបសមត្ថកិច្ចជំនាញ ក.ប.ប ខេត្តស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងមន្ត្រីសាខាគយ និងរដ្ឋាករខេត្តស្វាយរៀងស្ទាក់ឃាត់បាននៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី៣១ មករា ២០២៤ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១៣ ក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។ សមត្ថកិច្ចបានបង្ហើបថា ដោយមានគេរាយការណ៍ថា មានរថយន្តកុងតឺន័រដឹកសាច់បង្កកចំនួន០៤កុងតឺន័របានធ្វើចរាចរណ៍ចេញពីក្រុងបាវិត តាមផ្លូវជាតិលេខ១ មកដល់ចំណុចផ្លូវបំបែកជាបួនភូមិបាក់រនាស់ ក្រុងស្វាយរៀង រួចបត់ស្តាំឆ្ពោះទៅទិសខាងជើងលើកំណាត់ផ្លូវជាតិលេខ១៣ លុះមកដល់ចំណុចភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ទើបសមត្ថកិច្ចឃាត់សួរនាំ ពិនិត្យឃើញថា រថយន្តកុងតឺន័រទាំង០៤គ្រឿងដឹកសាច់បង្កកពិតប្រាកដមែន ។ ប្រភពបន្តទៀតថា ក្រោយពីមន្ត្រីជំនាញឃាត់រថយន្តទាំង០៤គ្រឿងនោះ ដោយមានការសម្របសម្រួលពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានកាត់ស៊ីលបើកទូកុងតឺន័រ ពិនិត្យបានរកឃើញជើងមាន់បង្កកជាច្រើនពាន់កេះក្នុងទូកុងតឺន័រ។ ប្រភពបន្តទៀតថា សមត្ថកិច្ចបានឃាត់ខ្លួន អ្នកបើកបរ៤នាក់ ទី១-ឈ្មោះផាតជាតិ បើកកុងតឺន័រលេខSZLU9415762(40) ដែលមានលេខក្បាលឡានភ្នំពេញ3E-7413 ។ ២-ឈ្មោះម៉ុំ សូត្រ បើកកុងតឺន័រលេខ HMMU5490786(40)ស្លាកលេខភ្នំពេញ3F-0648 ។ ៣-ឈ្មោះសោម រិទ្ធី បើកកុងតឺន័រលេខ SZLU9430540(40) រថយន្តពាក់ស្លាកលេខភ្នំពេញ 3F-9610។ ៤-ឈ្មោះសេង សុវណ្ណដេត បើកបរកុងតឺន័រលេខ HDMU5591398(40) រថយន្តពាក់ស្លាកលេខភ្នំពេញ3B-6322 ។ បើតាមចម្លើយសារភាពពីអ្នកបើកបររថយន្តបានបញ្ជាក់ថា ទំនិញសាច់បង្កកទាំងអស់នេះ គឺបាននាំចូលពីប្រទេសវៀតណាមឆ្លងដែនចូលមកចំណុចសូន្យនៃច្រកទ្វារព្រំដែនអន្តរជាតិក្រុងបាវិត រួចហើយបានផ្ទេរទូរកុងតឺន័រនៅចំណុចសូន្យមកកម្ពុជា តាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ហើយដឹកទៅមាត់ច្រកទ្វារតំបន់ព្រំដែនដូង ស្រុករមាសហែក។ ហើយទំនិញទាំងអស់នេះ គឺជារបស់ក្រុមហ៊ុនSBL ដែលមានទីតាំងនៅក្រុងបាវិត ។ បើតាមការអះអាងរបស់ឈ្មោះពេញ សារ៉េត ម្ចាស់ឡានកុងតឺន័រ ភេទប្រុស អាយុ៤០ឆ្នាំ មានអាសយដ្ឋាននៅចោមចៅរាជធានីភ្នំពេញបានប្រាប់សមត្ថកិច្ចថា ទំនិញទាំង០៤កុងតឺន័រមិនបានដាក់ឯកសារដឹកទំនិញមកជាមួយតាមឡានទេ ហើយរថយន្តនេះគឺមានទិសដៅទៅច្រកដូងបន្តទៀត ។ មហាជនហួសចិត្តចេះឆ្លើយទៅរួច ដឹកសាច់បង្កកចេញពីវៀតណាម ចូលមកខ្មែរហើយដឹកចូលទៅវៀតណាមវិញ។ បើតាមលោកហៀង ដារ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការខ្លែងបន្លំ (ក.ប.ប )ខេត្តស្វាយរៀងបានឱ្យដឹងថា នៅវេលាម៉ោង២២ និង១៥នាទីយប់ថ្ងៃទី៣១ មករា មន្ត្រី កបប និងមន្ត្រីពាក់ព័ន្ធបានកាត់ស៊ីលកុងតឺន័រទាំង០៤គ្រឿង មកត្រួតពិនិត្យលទ្ធផល៖ ១-កុងតឺន័រលេខSZLU9430540(40) មានសីតណ្ហភាព-៥អង្សាសេ(ធៀបនិងស្តង់ដារ-១២អង្សាសេ)។ ២-កុងតឺន័រលេខSZLU9415762 (40) មានសីតណ្ណហភាព-២.៩អស្សាសេ(បើធៀបនិងស្តង់ដារ-១២អង្សាសេ)។ ៣-កុងតឺន័រលេខ HMMU5490786(40)មានសីតណ្ហភាព-៦-៤ អង្សាសេ (ធៀបនិងស្តង់ដារ១២អង្សាសេ) ។ ៤-កុងតឺន័រលេខ HDMU5591398(40) មានសីតណ្ណហភាព២.៥អង្សាសេ(ធៀបនិងស្តង់ដារ ១២អស្សាសេ)។ ប្រភពបន្តថា ក្រោយពីបានធ្វើការពិសោធន៍ដោយរថយន្តចល័តម្ហូបអាហាររបស់កបប ហើយជាលទ្ធផល សំណាកជើងមាន់ដែលបានដកចេញពីទូកុងតឺន័រទាំង០៤នេះឃើញថា ពុំមានសារធាតុគីមី ហាមឃាត់FORMALINទេ ។ ពាក់ព័ន្ធនឹងករណីនេះ លោក ហៀង ដារ៉ា ប្រធាន (ក.ប.ប )ខេត្តមិនបានផ្តល់ព័ត៌មានលម្អិតចំនួនទំនិញសាច់បង្កកមានប៉ុន្មានតោននោះទេ ដោយប្រាប់អ្នកសារព័ត៌មានយើងថា សូមរង់ចាំបន្តនីតិវិធីនៅថ្ងៃស្អែកទៀត។ ចំណែកតៃកុងរថយន្ត៤នាក់ និងបុរសម្នាក់ដែលអះអាងថា ជាម្ចាស់រថយន្តកុងតឺន័រទាំង៤គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនព្រមទាំងរថយន្តយកទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ សម្រួលដោយ ទៀង បុណ្ណរី