ខឹងហៅមិនឆ្លើយ ឪពុកចិត្តអប្រិយវាយកូនបង្កើតប៊ិះស្លា.ប់ ហើយព្យាយាមរត់គេចខ្លួនតែគេចមិនផុតពីសំណាញ់ច្បាប់ឡើយ

ខេត្តតាកែវ៖ ក្មេងប្រុសអាយុ៩ឆ្នាំ ត្រូវបានឪពុកបង្កើតប្រើហិង្សាដោយវាយនឹងបំពង់ទីប និងខ្សែភ្លើង បណ្ដាលឱ្យរងរបួសជាំពេញខ្លួនប្រាណ រួចព្យាយាមរត់ទៅលាក់ខ្លួននៅលើភ្នំដំរីរមៀល ស្ថិតនៅឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ប៉ុន្តែពេលនេះត្រូវសមត្ថកិច្ចនាំខ្លួនមកវាស់កម្ពស់បានហើយ…។  យោងតាមប្រភពពីលោកវរសេនីយ៍ទោ សុខ សុជា អធិការរងនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឱ្យអង្គភាពសារព័ត៌មាន  ដឹងនៅរសៀលថ្ងៃទី៣១ ខែមករានេះថា ជនសង្ស័យជាឪពុកឈ្មោះ គន់ វីរៈ អាយុ៣៦ឆ្នាំ បានប្រើប្រាស់សារធាតុញៀន រួចស្រែកហៅរកកូនប្រុសមកប្រើ តែមិនឭសំឡេងកូនឆ្លើយ ក៏កើតចិត្តខឹងសម្បារយ៉ាងខ្លាំង និងបានប្រើអំពើហិង្សាវាយជនរងគ្រោះជាកូនប្រុសបង្កើតឈ្មោះ វុន សាវៃ អាយុ៩ឆ្នាំ រងរបួសពេញដងខ្លួន រួចព្យាយាមរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ…។  បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ និងបង្ក្រាបនាំខ្លួនឪពុកកំណាចចិត្តអប្រិយប្រើហិង្សាលើជនរងគ្រោះជាកូន ហើយបានរត់គេចមកសង្ងំលាក់ខ្លួននៅលើភ្នំដំរីរមៀល ស្ថិតនៅភូមិឃុំកើតហេតុខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងបានកសាងសំណុំរឿងបញ្ចូលទៅតុលាការបន្ដតាមនីតីវិធី នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា បុរសចិត្តអប្រិយរូបនេះ តែងតែឈ្លោះប្រកែក និងប្រើប្រាស់ហិង្សាជាមួយប្រពន្ធជារឿយៗ លុះទ្រាំនឹងទង្វើនេះមិនបាន ប្រពន្ធក៏បានសុំលែងលះជាច្រើនឆ្នាំមកហើយ ដោយជនសង្ស័យរស់នៅតែពីរនាក់ឪពុកកូនតែប៉ុណ្ណោះ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង