អភិបាលខេត្តកំពង់ចាម ចុះពិនិត្យមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដើម្បីសាកសួរសុខទុក្ខ និងត្រួតពិនិត្យការរៀបចំចាត់ចែងការស្នាក់នៅ

TNM(ខេត្តកំពង់ចាម) ៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដើម្បីសាកសួរសុខទុក្ខ និងត្រួតពិនិត្យការរៀបចំចាត់ចែងការស្នាក់នៅ ក៏ដូចជាការរៀបចំម្ហូបអាហារប្រចាំថ្ងៃជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅទីនេះ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអំពាវនាវដល់មន្រ្ដីប្រចាំការ ត្រូវរក្សាបរិស្ថានស្អាត និងអនាម័យជាប្រចាំ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដានឲ្យបានជាក់លាក់ អំពីតម្រូវការចាំបាច់របស់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខជូនពួកគាត់ឲ្យបានទាន់ពេលវេលា និងត្រូវរាយការណ៍ និងសុំយោបល់ដឹកនាំពីរដ្ឋបាលខេត្តមដើម្បីដោះស្រាយបានទាន់ពេលវេលា។
គិតមកដល់ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត មានចំនួន ២៦០ នាក់។
គួរបញ្ជាក់ថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកទាំង៩ របស់ខេត្ត និងរបៀបចំកែលម្អសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩៕
អត្ថបទដែលជាប់ទាក់ទង