ដាំបន្លែតាមបច្ចេកទេស ចំណាយដើមទុនតិចទទួលបានផលច្រើន

កសិករគំរូរស់នៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង គ្រាន់តែចំណាយការសាងសង់រោងតាមបច្ចេកទេសមន្ទីរកសិកម្មខេត្តស្ទឹងត្រែង ចំណាយដើមទុនទិញពូជជីត្រឹមតែ ៣០ ម៉ឺនរៀល អាចនឹងទទួលបានប្រាក់ចំណូលមកវិញប្រមាណ ១០​ លានរៀល។   ទីតាំងដាំបន្លែនោះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីត្រើយម្ខាងនៃដងទន្លេសេកុង ក្នុងភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង គេឃើញមានរោងធ្វើអំពីដែក ដំបូលប្រក់ថង់ប្លាស្ទិកពណ៌ស បានគ្របដណ្តប់ពីលើរងបន្លែ តម្រៀបគ្នាជា ជួរពណ៌ខៀវស្រងាត់ ដែលកសិករគំរូរូបនេះបានប្រកបមុខរបរមួយនេះអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។  លោក ខៃ យឿន កសិករគំរូនិយាយរៀបរាប់ប្រាប់ថា បន្ទាប់ពីធ្វើស្រែ កសិករមួយចំនួននៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង តែងបាននាំគ្នាដាំបន្លែលក់ ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។  កសិករដាំបន្លែរូបនេះបញ្ជាក់ថា ដើមឡើយ លោកមានមុខរបរជាអ្នកដុតក្រឡានលក់ ប៉ុន្តែដោយសារមានការលំបាកស្វែងរកដើមឬស្សីសម្រាប់ដុតពេក ចាប់ពីឆ្នាំ២០១២ មកគ្រួសាររបស់គាត់ក៏បានបោះបង់ងាកមកចាប់យករបរដាំបន្លែតាម​បច្ចេកទេសជំរុញដោយមន្ទីរកសិកម្មខេត្តស្ទឹត្រែង ដោយមានអង្គការ និងមន្រ្តីមន្ទីរកសិកម្មខេត្តជាអ្នកជួយ​បណ្តុះ​បណ្តាល បង្ហាត់បង្រៀនទាំងចំណេះដឹង និងបទពិសោធក្នុងការដាំបន្លែនេះ។  លោកបានប្រាប់ថា នៅលើផ្ទៃដីសរុបបច្ចុប្បន្នទំហំជិត ២ ០០០ អា គាត់បានសម្រេចដាំបន្លែ ធម្មតាចំនួន៣ប្រភេទមាន ត្រឡាច, ត្រកួន និងស្ពៃសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ។ ក្នុងនោះមួយឆ្នាំគឺដាំបន្លែបាន៣លើក ដោយក្នុងមួយលើកៗ ក្រៅអំពីចំណាយធ្វើរោងគាត់បានចំណាយខ្ទង់៣០ម៉ឺនរៀល ទិញពូជបន្លែជីនៅពេលប្រមូលផលពីបន្លែទាំង៣ប្រភេទគឺសរុបបានដល់ទៅជាង១០លានរៀល។  ចំពោះការដាំបន្លែតាមបច្ចេកទេសនេះទៀតសោត គឺមានលក្ខណៈខុសប្លែកពីទម្លាប់ចាស់ដែលដូនតាយើងបានដាំពីដើមមក ដែលត្រូវរែកទឹកស្រោច ធ្វើការងារយ៉ាប់យ៉ឺនខ្លាំងណាស់តែហាក់ដូចជាទទួលបានទិន្នផលទាប។  ប៉ុន្តែការដាំបច្ចុប្បន្ននេះ យើងប្រើទុយោបូមទឹកពីអណ្តូង និងស្រះយកទៅស្រោច ការងារមិនសូវជាធ្ងន់ធ្ងរទេ តែអ្នកដាំ​ទទួល​បានមកវិញនូវទិន្នផលខ្ពស់ រីឯបន្លែដែលយើងដាំបាន គឺមានតម្រូវការទីផ្សារល្អ ងាយស្រួលលក់បានតម្លៃខ្ពស់ នៅពេលខ្លះមានឈ្មួញកណ្តាលបានមកបញ្ជាទិញដល់កន្លែងយកទៅលក់បន្តទៀតដោយឲ្យតម្លៃខ្ពស់គួរសម។  ជាក់ស្តែងសព្វថ្ងៃនេះ ត្រឡាច ត្រកួន និងស្ពៃក្រោយពេលប្រមូលផលហើយមួយវគ្គៗគ្រួសារគាត់បានដឹកយកទៅលក់នៅផ្សារសាមគ្គីស្ទឹងត្រែង ចំពោះត្រឡាចប្រភេទលេខ១តម្លៃ ១ ០០០ រៀល បើមិនជាប់ចំណាត់ថ្នាក់តម្លៃ ៥០០ រៀលក្នុងមួយគីឡូក្រាម។ រីឯស្ពៃមួយគីឡូក្រាម ២ ០០០ រៀល និងត្រកួនមួយបាច់ ៤០០ រៀល។  លោក ខៃ យឿន បានឱ្យដឹងថា ដោយសារតែការដាំបន្លែទទួលបានប្រាក់ចំណូលគួរសមបែបនេះហើយ ជំរុញទឹកចិត្តដល់គ្រួសាររបស់គាត់នឹងបន្តខិតខំដាំបន្លែនេះតទៅទៀតដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារ។  កន្លងមកមន្ទីរកសិកម្មខេត្តស្ទឹងត្រែងក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលមួយចំនួនតែងបានបង្កលក្ខណៈងាយស្រួលឲ្យរូបគាត់បានធ្វើដំណើរទៅចូលរួមទស្សនកិច្ចសិក្សានៅតាមសហគមន៍ដាំបន្លែមួយចំនួននៅភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដើម្បីបានរៀនសូត្រ និងដកស្រង់នូវបទពិសោធល្អៗបន្ថែមទៀតផងដែរ។  លោកក៏បានសំណូមពរដល់បងប្អូន ជាពិសេសប្រជាកសិករដែលមានដីទោះតិចឬច្រើនក្តីសូមកុំទុកឲ្យនៅទំនេរចោលឲ្យសោះ ត្រូវដាំដំណាំឬចិញ្ចឹមសត្វផ្សេងៗ សំខាន់គឺបន្លែដែលជាតម្រូវការចាំបាច់បរិភោគប្រចាំថ្ងៃរបស់យើង ហើយមុខរបរនេះឯងវាក៏អាចរកបានប្រាក់ចំណូលបន្ថែមទៀតផងដែរ។  លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានយល់ឃើញថា បច្ចុប្បន្នប្រជាកសិករនៅខេត្តនេះ ពួកគាត់មានផ្ទៃដីទំនេរធំទូលាយនៅឡើយ មិនទាន់បានប្រើប្រាស់ឲ្យអស់នូវសក្តានុពលពីផ្ទៃដីរបស់គាត់ក្រៅពីធ្វើស្រែមួយមុខប៉ុណ្ណោះទេ។  មន្ទីរកសិកម្មបានជំរុញ និងលើកទឹកចិត្តដល់កសិករដាំដំណាំរួមផ្សំផ្សេងៗទៀតដូចជាបន្លែប្រភេទហូបផ្លែ ស្លឹក មើមជាដើមឱ្យបានកាន់តែច្រើន។  ក្រៅពីបន្លែ ត្រូវចូលរួមក្នុងការចិញ្ចឹមសត្វដើម្បីជាការរួមចំណែកបង្កើនលទ្ធភាពកសិកម្មរបស់ខ្លួនផ្គត់ផ្គង់ជីវភាព ក៏ដូចជាការលក់ដូរលើទីផ្សារបង្កើនសេដ្ឋកិច្ចគ្រួសាររបស់បងប្អូន។  លោកប្រធានមន្ទីរកសិកម្មខេត្តបានឲ្យដឹងបន្តទៀតថា កន្លងមកមន្ទីរបានធ្វើការអប់រំផ្សព្វផ្សាយជាច្រើនទៅដល់កសិករ និងបានត្រៀមជានិច្ចដើម្បីជួយបង្កលក្ខណៈងាយស្រួលទៅដល់ពុកម៉ែបងប្អូនដែលជាកសិករ ក្នុងការផ្ដល់នូវបច្ចេកទេសទាន់សម័យ និងការបង្ហាត់បង្ហាញតាមតម្រូវការរបស់ប្រជាកសិករយើងគ្រប់ពេលវេលា៕សម្រួលដោយ  ទៀង  បុណ្ណរី

 

 

អត្ថបទដែលជាប់ទាក់ទង