អាជ្ញាធរខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធករណីរកឃើញបុរសម្នាក់មានផ្ទុកជំងឺកូវីដ-១៩ ដែលបានសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ និងមន្ទីរពហុព្យាបាលជំងឺព្រែកពោធិ៍ ស្ថិតក្នុងស្រុកស្រីសន្ធរ
នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចាត់ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធករណីរកឃើញបុរសម្នាក់មានផ្ទុកជំងឺកូវីដ-១៩ ដែលបានសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ និងមន្ទីរពហុព្យាបាលជំងឺព្រែកពោធិ៍ ស្ថិតនៅភូមិរកាទ្វារឃុំព្រែកពោធិ៍ស្រុកស្រីសន្ធរ។ ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរសុខាភិបាល បានគូសបញ្ជាក់ថា ៖ អ្នកជំងឺ ឈ្មោះ ហួ ហ៊ា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តរួចហើយ រួមទាំងអ្នកប៉ះពាល់អ្នកជំងឺ នៅក្នុងភូមិទ្រា ចំនួន១៩នាក់ ក៏បានបញ្ជូនទៅមណ្ឌលចត្តាឡីស័ករដ្ឋបាលខេត្ត រួចដែរ រីឯ អ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោលសរុប ៥២នាក់ ក្នុងនោះ មន្ទីរពេទ្យពហុព្យាបាលជំងឺព្រែកពោធិ៍ ២១នាក់ មន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ២២នាក់ និងអ្នកសម្រាកព្យាបាលជាមួយនឹងអ្នកជំងឺកូវីដ-១៩ ចំនួន ០៩នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកស្រីសន្ធរ និងនៅមន្ទីរពហុព្យាបាលជំងឺព្រែកពោធិ៍។
ជាវិធានការ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត បានឲ្យលោកអភិបាលស្រុក លោកប្រធានមន្ទីរពេទ្យបង្អែកស្រុករៀបចំផែនការចំណាយលើការហូបចុករបស់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ដោយជាគោលការរបស់រាជរដ្ឋាភិបាល បានឧបត្ថម្ភថវិកាចំនួន២០.០០០រៀល និងមានជ្រោមជ្រែងបន្ថែម ពីឯកឧត្តមអភិបាលខេត្ត តាមរយៈប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បន្ថែម ១០.០០០រៀលទៀត ដូច្នេះ អ្នកដែលកំពុងធ្វើចត្តាឡីស័ក គឺក្នុងម្នាក់ឧបត្ថម្ភ ថវិកា ៣០.០០០រៀល សម្រាប់រៀបចំម្ហូបអាហារដល់អ្នកធ្វើចត្តាឡីស័ក។
ក្នុងឱកាសនោះ ឯកឧត្តម ហេង វណ្ណនី បានពាំនាំនូវការណែនាំពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ចំពោះលោកអភិបាលស្រុក ដោយត្រូវយកចិត្តទុកដាក់ចំពោះការធ្វើចត្តាឡីស័កអ្នកពាក់ពន្ធ័ទាំងអស់ ឱ្យបានហ្មត់ចត់បំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរពីសហគមន៍មួយទៅសហគមន៍មួយទៀត និងត្រូវបន្តផ្សព្វផ្សាយ គោលការណ៍ វិធានការ ការប្រយុទ្ធទប់ស្កាត់នឹងជំងឺដ៏កាចសាហាវនេះ ឱ្យបានខ្លាំងក្លាថែមទៀត។ ឯកឧត្តម អភិបាលរងខេត្ត បានថ្លែងការកោតសរសើរដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំប្រឹងប្រែង បម្រើសេវាយ៉ាងល្អក្នុងការជួយពិនិត្យនិងព្យាបាលជំងឺដល់ប្រជាពលរដ្ឋ ទាំងនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក។
បន្ទាប់មក ឯកឧត្ដម និងក្រុមការងារ បានបន្តចុះទៅពិនិត្យ និងបិទ ទីតាំងដែលបានបិទនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ និងបានប្រគល់សេចក្ដីសម្រេចបិទ អាគារជំងឺទូទៅ ក្នុងមន្ទីរពេទ្យបង្អែកជាបណ្ដោះអាសន្ន និងបន្តចុះទៅពិនិត្យទីតាំង មន្ទីរពហុព្យាបាលជំងឺព្រែកពោធិ៍ ស្ថិតភូមិរការទ្វារ នៅឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ដោយបានប្រគល់ជូនសេចក្តីសម្រេចស្ដីពីការផ្អាកបណ្ដោះអាសន្ន ទាំងពីរទីតាំងគឺ អគារជំងឺទូទៅ ក្នុងមន្ទីរបង្អែកស្រុកស្រីសន្ធរ និង មន្ទីពហុព្យាបាលជំងឺព្រែកពោធិ៍។ ជាមួយគ្នានេះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានឲ្យក្រុមគ្រូពេទ្យចុះទៅ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងមន្ទីរពេទ្យបង្អែកស្រុក, មន្ទីពហុព្យាបាលជំងឺព្រែកពោធិ៍,និង គេហដ្ឋានអ្នកជំងឺ នៅឃុំស្វាយពោធិ៍ នោះផងដែរ៕