រោងចក្រកែច្នៃដំឡូងមី បើកថ្មីនៅឧត្តរមានជ័យ មានសមត្ថភាពទិញដំឡូងមីពីកសិករ ៦០០ តោន ក្នុងមួយថ្ងៃ
រោងចក្រកែច្នៃដំឡូងមីតម្លៃជាង ១០ លានដុល្លារ ដែលមានសមត្ថភាពទទួលទិញដំឡូងមីស្រស់ពីកសិករប្រមាណ ៦០០ តោនក្នុងមួយថ្ងៃ ស្ថិតនៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កំពុងសាកល្បង ផលិតម្សៅមីជាលើកដំបូង ហើយត្រៀមបើកដំណើរការនៅខែកុម្ភៈ ឆ្នាំ ២០២៤ ឆាប់ៗខាងមុខនេះ។ លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ មានប្រសាសន៍ប្រាប់សារព័ត៍មាននៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៤នេះថា វត្តមានរោងចក្រផលិតម្សៅដំឡូងមី នៅខេត្ដឧត្ដរមានជ័យនេះ នឹងជួយបង្កើនតម្លៃដំឡូងមីស្រស់របស់កសិករនៅតំបន់ជុំវិញរោងចក្រ ខណៈក្រុមហ៊ុនទទួលទិញដំឡូងមីនៅពេលដែលកសិករប្រមូលផលក្នុងតម្លៃទីផ្សារ។ បច្ចុប្បន្ន មានរោងចក្រដំឡូងមីចំនួន ២ ដែលទទួលទិញដំឡូងមីពីករសិករ ក្រៅពីនោះ អ្នកវិនិយោគបង្កើតរោងចក្រ និងដាំដោយខ្លួនឯង។ លោក អិល ឈិញ បញ្ជាក់ថា រោងចក្រដែលទទួលទិញពីកសិករគឺនៅខេត្តរតនគិរី និងខេត្តឧត្តរមានជ័យដែលជារោងចក្រថ្មីនេះ។ តម្លៃដំឡូងមីស្រស់នៅខេត្តឧត្តរមានជ័យជាមធ្យមទទួលបាន ៣៥០ រៀល ក្នុងមួយគីឡូ ដែលកសិករអះអាងថា ជាតម្លៃល្អនៅដើមឆ្នាំនេះ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆ្នាំ២០២៣ កម្ពុជានាំចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង៣លានតោន។ ក្នុងនោះនាំចេញដំឡូងមីស្រស់ជិត ២ លានតោន (១ ៩៦១ ៣៧៥) កើនឡើង ២៦ ភាគរយ, ចំណិតដំឡូងមីក្រៀមមានចំនួនជាង ១ លានតោន (១ ២៨៩ ៧៣៩.០៤) ធ្លាក់ចុះ ៣៧.៦៤% និងម្សៅដំឡូងមីមានចំនួន ៣៦ ២៥៦.៨០តោន ធ្លាក់ចុះ៤៥.៣៩%៕ សម្រួលដោយ ទៀង បុណ្ណរី