សម​អ្វី​ម្ល៉េះ​! សិស្ស​ប្រុស​ស្រី​នាំ​គ្នា​រាំ​ចង្វាក់​ប្រពៃណី​ខ្មែរ​យ៉ាង​សម​កំពុង​ទាក់ភ្នែក​មហាជន

ខេត្តរតនគិរី ៖ ទំពាំង​ស្នង​ឫស្សី​នៃ​វិទ្យាល័យ​តា​វែង​កំពុង​តែ​លូត​ឡើង តាម​រយៈ​សកម្មភាព​រៀន​រាំ​ចង្វាក់​ប្រពៃណី​ខ្មែរ ដើម្បី​ត្រៀម​អបអរសាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំរោង ដែល​នឹង​ខិត​ជិត​មក​ដល់ ដោយ​ក្នុង​នោះ​មាន​បងប្អូន​ខ្មែរ​ជា​ច្រើន​ក៏​បាន​សម្តែង​ការ​រីករាយ ចំពោះ​ការ​បណ្តុះបណ្តាល​ទៅ​លើ​យុវជន​ឱ្យ​ចាប់អារម្មណ៍​លើ​សិល្បៈ​របស់​ខ្មែរ​នេះ​ផង​ដែរ​។  ទន្ទឹម​នឹង​នោះ ក៏​ឃើញ​ថា មាន​ចង្វាក់​ជា​ច្រើន​ដែល​ប្អូន​ៗ​សិស្សានុសិស្ស​បាន​ហាត់​សម ដូច​ជា ចង្វាក់​ម៉ា​ឌី​ហ្សូ​ន​, រាំវង់​, សា​រ៉ា​វ៉ា​ន់ និង​ចង្វាក់​តាលុ​ង​ជាដើម​។ ហើយ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ខ្លាំង​ជាង​នេះ​ទៀត​នោះ ឃើញ​ថា ប្អូន​ៗ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី ការ​រាំ​របស់​ប្អូន​ៗ​សម​ល្អ​ឥត​ទាស់ ដោយ​រាំ​បាន​ស្រុះគ្នា​ល្អ ពិតជា​មិន​សរសើរ​មិន​បាន ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង ក៏​ដូច​ជា​ការ​បង្ហាត់បង្រៀន​ពី​សំណាក់​លោកគ្រូ អ្នកគ្រូ​ផង​ដែរ​។ ក្នុង​នោះ មិន​ត្រឹមតែ​នារី​នោះ​ទេ ដែល​ពូកែ​រាំ សូ​ម្បី​តែ​ខាង​ប្រុស​ៗ​ក៏​រាំ​បាន​សម មិន​ចាញ់​នារី​ៗ​នោះ​ទេ ធ្វើ​ឱ្យ​បងប្អូន​មហាជន​ខ្លះ​សរសើរ​បុរស​ៗ​ពេញ​ៗ​មាត់​តែ​ម្ដង ។   គួរ​បញ្ជាក់​ដែរ​ថា នេះ​គឺជា​គំរូ​មួយ​ដែល​ល្អ​ប្រពៃ តាម​រយៈ​ការ​បណ្តុះបណ្តាល​យុវជន​ដែល​ជា​សសរទ្រូង​របស់​សង្គម ឱ្យ​ស្គាល់​ពី​គុណ​តម្លៃ​នៃ​សិល្បៈ​វប្បធម៌​ខ្មែរ ហើយ​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​សិក្សា ការ​ហាត់​កីឡា និង​កម្មវិធី​ផ្សេង​ៗ​របស់​ក្រសួង​អប់រំ​។  តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន នាយក​វិទ្យា​តា​វែង លោក ម៉ៅ ចាន់​ថន បាន​ប្រាប់​ឱ្យ​ដឹង​ថា «​ចំពោះ​ការ​រាំ​ជា​ចង្វាក់ រាំវង់ សា​រ៉ា​វ៉ា​ន់ រាំក្បាច់ ម៉ា​ឌី​ហ្សូ​ន និង​តា​លុង​នេះ គឺ​ដើម្បី​ត្រៀម​អបអរសាទរ​ឆ្នាំ​ថ្មី ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​»​។  ក្នុង​នោះ​ផង​ដែរ លោក ម៉ៅ ចាន់​ថន ជានា​យក​នៅ​ក្នុង​វិទ្យាល័យ​តា​វែង ស្ថិត​ក្នុងភូមិ​តា​វែង ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្តរតនគិរី បាន​ប្រាប់​បន្ត​ថា «​គោលបំណង​ចំពោះ​ការ​បង្ហាត់បង្រៀន​នេះ គឺ​ចង់ឱ្យ​កូន​ខ្មែរ​គ្រប់​រូប​បាន​ស្គាល់ បានដឹង​ពី​ចង្វាក់​ប្រជាប្រិយ​ខ្មែរ​។ ហើយ​ចំពោះ​ការ​បង្ហាត់បង្រៀន​រាំ​នេះ​ទៀត​សោត គឺ​សុទ្ធសឹងតែ​ជា​ការ​ស្ម័គ្រចិត្ត​ពី​លោកគ្រូ អ្នកគ្រូ ដោយ​ក្នុង​ការ​ហាត់​សមនេះ កាលពី​កន្លង​ទៅ គឺ​មាន​សិស្ស​ចូលរួម​ប្រមាណ​ជា​៦០​នាក់​ទៅ​៧០​នាក់ ដោយ​ពួក​គាត់​ម្នាក់​ៗ​សុទ្ធតែ​ចង់​ចេះ​ចង់​រាំ​ពី​ចង្វាក់​ប្រពៃណី​ខ្មែរ​ដ៏​ល្អ​ផូរផង់​មួយ​នេះ​»​។  បើ​ងាក​មក​សាលា​របស់​លោកគ្រូ ចាន់​ថន ដែល​ស្ថិត​ក្នុង​ខេត្តរតនគិរី​វិញ បាន​ប្រាប់​បន្ត​ទៀត​ថា «​វិទ្យាល័យ​តា​វែង សព្វថ្ងៃ​ក៏​មានការ​ខ្វះខាត​គ្រូ បណ្ណាល័យ និង​កុំព្យូទ័រ​ផង​ដែរ​។ ដោយ​សព្វថ្ងៃ វិទ្យាល័យ​មួយ​នេះ គឺ​មាន​គ្រូ​ចំនួន​១៤​នាក់ (​ស្រី​៥​នាក់​) និង​សិស្ស​ចំនួន​៥០២​នាក់ (​សិស្ស​ស្រី​ចំនួន​២៥០​នាក់​)​។ ដោយ​ក្នុង​នោះ​ផង​ដែរ ភាគច្រើន គឺ​សិស្ស​ជា​ជនជាតិភាគតិច ដែល​ពួក​គាត់​ម្នាក់​ៗ គឺ​សុទ្ធតែ​ចង់​ចេះ ចង់​ដឹង ដូច្នេះ​សុំ​សូម​សំណូមពរ​ចំពោះ​ឪពុក​ម្តាយ​គួរ​តាមដាន​ការ​សិក្សា​របស់​កូន​ៗ ក៏​ដូច​ជា​ការ​អប់រំ​ដល់​ពួក​គាត់​ឱ្យ​ក្លាយជា​មនុស្ស​ល្អ ពលរដ្ឋ​ល្អ​នៅ​ក្នុង​សង្គម​៕   សម្រួលដោយ   ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង