អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលប្រាង្គកណ្ដាល នៃប្រាសាទតាព្រហ្មកិល ជាស្ថាពរ
ខេត្តសៀមរាប ៖ បន្ទាប់ពីបានចំណាយពេលវេលាជួសជុលអស់រយៈពេលជាច្រើនខែមក នាចុងឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានបញ្ចប់រួចរាល់ការជួសជុលប្រាសាទតាព្រហ្មកិល ឱ្យងើបឈរបង្ហាញរូបរាងជាថ្មីឡើងវិញ ដើម្បីទុកជាប្រយោជន៍សម្រាប់មនុស្សជាតិជំនាន់ក្រោយ នេះបើយោងតាមអាជ្ញាធរជាតិអប្សរា ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ ។លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា នៅក្នុងដំណើរការជួសជុលប្រាសាទតាព្រហ្មកិល បានចែកចេញជា ២ដំណាក់កាល ដោយដំណាក់កាលទី១ គឺការសិក្សាស្រាវជ្រាវ គូសប្លង់ និងកំណាយស្រាវជ្រាវ។ ដំណាក់កាលទី២ បានចាប់ផ្តើមតាំងពីអំឡុងខែមីនា មកដល់ខែធ្នូ ឆ្នាំ២០២៣ ថ្មីៗនេះ បានបញ្ចប់ការងារជួសជុលធ្វើឱ្យរចនាសម្ពន្ធរបស់ប្រាសាទបានរឹងមាំជាងពេលមុន ដែលធ្លាប់តែទ្រេត បាក់ធ្លាក់ និងទល់ទ្រជាញឹកញាប់ ។ ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល បានបញ្ជាក់ថា ប្រាសាទនេះ បានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដោយសារ ថ្មខ្លះបានធ្លាក់កប់ដី នៅរាយប៉ាយ ហើយតួប៉មកណ្តាល បានបាក់រលុះអស់មួយចំហៀង នៅជ្រុងខាងត្បូង និងខាងលិច។ ដូច្នេះចំពោះការងារជួសជុល គឺពង្រឹងរចនាសម្ពន្ធនៃជ្រុងដែលបាក់ធ្លាក់ឱ្យរឹងមាំឡើងវិញ ដោយមានជំនួសនូវថ្មថ្មីខ្លះៗ ។ លោក ម៉ៅ សុខនី បន្ថែមថា មកដល់ពេលនេះ ក្រុមការងារកំពុងរៀបចំជាវង់ទស្សនាសម្រាប់ភ្ញៀវ សម្អាតប្រព័ន្ធលូទឹក ដើម្បីឱ្យហូរចូលទៅក្នុងស្រះផ្នែកខាងជើង និងរៀបចំទីធ្លាប្រាសាទឱ្យមានសណ្តាប់ធ្នាប់ឡើងវិញ ដើម្បីងាយស្រួលភ្ញៀវដើរទស្សនាប្រាសាទ ។ សូមជម្រាបថា ប្រាសាទតាព្រហ្មកិល មានតួនាទីជាហោសម្រាប់មនុស្សបន់ស្រន់ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញក្រុងអង្គរធំ។ កសាងឡើងក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ នៃគ្រឹស្តរាជ។ ប្រាសាទនេះ មានទីតាំងនៅផ្នែកខាងលិចឆៀងខាងជើង នៃប្រាសាទអង្គរវត្ត ៕ សម្រួលដោយ ទៀង បុណ្ណរី