ញាក់សាច់! ល្បីវីដេអូជនបរទេសបើករថយន្តដឹកសត្វតោ ដើរលំហែជុំវិញទីក្រុងប៉ាតាយ៉ា តែក្រោយមក អ្នកបង្ហោះចេញមកបញ្ជាក់បែបនេះថា…
ជាការពិតណាស់ យើងគ្រប់គ្នាធ្លាប់តែឃើញសុនខ ត្រូវបានដឹកតាមម៉ូតូ ឬ រថយន្ត ប៉ុន្តែ វីដេអូឃ្លីបមួយដែលកំពុងរីករាយដាលនៅលើបណ្តាញសង្គម បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងតែម្តង បន្ទាប់ពីបានឃើញសត្វតោមួយក្បាល កំពុងជិះនៅលើរថយន្តយ៉ាងរំភើយ ដែលគេជឿថា វាបានកើតឡើងនៅក្នុងទីក្រុងប្រទេសថៃ។ ទោះជាយ៉ាងណា ម្ចាស់ហ្វេសប៊ុកមួយឈ្មោះថា Ann Isaan Russia ដែលបានបង្ហោះឃ្លីបដែលថាមានជនបរទេសម្នាក់ បានបើករថយន្ត Bentley ពណ៌ស និងធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំង ទៅនឹងកូនតោមួយក្បាល នៅខាងក្រោយរថយន្ត ខណៈអើតក្បាលចេញគួរឲ្យខ្លាច បានបញ្ជាក់ឲ្យដឹងថា តាមពិតទៅ រូបភាពនេះមិនមែនកើតឡើងប៉ាតាយ៉ាទេ ប៉ុន្តែវាស្ថិតទីក្រុងឌូបៃ។ ទាក់ទងនឹងករណីនេះ កាលពីមុនគណនី TikTok ឈ្មោះថា paga.gennari ដែលភ្ញៀវទេសចរជនជាតិបារាំង ក៏បានបង្ហោះឃ្លីបមួយកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីគាត់បានជួបមនុស្សបើកឡានដូចគ្នានេះ ខណៈកំពុងដឹកសត្វតោ ដើរលេងលំហែខ្យល់អាកាសនៅទីក្រុងប៉ាតាយ៉ា ដែលធ្វើឲ្យមនុស្សម្នាភ្ញាក់ផ្អើលព្រោងព្រាត។ ជាមួយគ្នានេះ Thai PBS ក៏បានរាយការណ៍ថា លោក Atthaphon Charoenchansa អគ្គនាយកនៃនាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងអភិរក្សរុក្ខជាតិ បានបញ្ជាក់ថា ពួកគេគាត់បានឃើញឃ្លីបនោះ ហើយបានចាត់ឲ្យមន្រ្តីធ្វើការស្រាវជ្រាវថា តើការកាន់កាប់សត្វតោ ដែលត្រូវបានរាយការណ៍នោះ ពិតមានសិទ្ធិអនុញ្ញាតឲ្យចិញ្ចឹមត្រឹមត្រូវដែរឬទេ? រួមទាំងការសម្របសម្រួលជាមួយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដើម្បីត្រួតពិនិត្យរថយន្តដែលដឹកសត្វតោដើរហើរនៅទីសារធាណៈបែបនេះផងដែរ។ គួរបញ្ជាក់ថា ការកាន់កាប់សត្វព្រៃខុសច្បាប់អាចប្រឈមនឹងការជាប់ពន្ធនាគារមិនលើសពី ១ ឆ្នាំ និងពិន័យជាប្រាក់មិនលើសពី 100,000 បាត ឬទាំងពីរ។ ហើយពេលនេះ ពួកគេកំពុងប្រញាប់ប្រញាល់សម្របសម្រួលជាមួយភ្នាក់ងារ ដើម្បីស្វែងរកម្ចាស់សត្វតោ។ ហើយបើគេរកឃើញថា ករណីបែបនេះត្រូវបានធ្វើជាញឹកញាប់ នឹងត្រូវពិន័យដកហូតអាជ្ញាប័ណ្ណ និងរឹបអូសសត្វព្រៃតែម្តង។ លោក Atthaphon បានបង្ហើបថា សត្វតោសមួយក្បាលនេះនៅតែជាកូនតោអាយុ ៥-៦ខែនៅឡើយ។ តម្លៃលក់គឺ 500,000 បាតក្នុងមួយក្បាល។ ពួកវាកំពុងទទួលបានប្រជាប្រិយភាព ក្នុងចំណោមប្រជាជនថៃ និងជនបរទេស នៅក្នុងខេត្តឈុនបុរី៕ សម្រួលដោយ ទៀង បុណ្ណរី