តុលាការ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន អ្នកបើកឡានស្រវឹង បុកស្លា.ប់ ៤នាក់ និងរបួស ៤នាក់ នៅស្ពានអាកាសឫស្សីកែវ
ភ្នំពេញ៖ នៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តម៉ាក FORD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-5854 បណ្តាលឱ្យស្លា.ប់មនុស្ស ០៤នាក់ (ស្រី០៣នាក់) និងរងរបួសមនុស្ស ០៤នាក់ ពេលនេះ ចៅក្រម បានសម្រេចចោទប្រកាន់ និងឃុំខ្លួនអ្នកបើកឡានស្រវឹងនោះហើយ។ តាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងនេះ មានជនត្រូវចោទ ឈ្មោះ នាង សំអូន ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចោទប្រកាន់ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យរបួស និងសា្លប់អ្នកដទៃ» (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/L និងរបួសស្លាប់ មនុស្សច្រើននាក់) ប្រព្រឹត្តនៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក»។ សេចក្តីប្រកាស បន្តថា «បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ នាង សំអូន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី»។ មាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បង្ហាញថា «… អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១៥លានរៀល កាលបើអំពើនេះ បានប្រព្រឹត្ត ក្នុងករណីណាមួយ ដូចខាងក្រោម៖… ខ.ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ចាប់ពី ០,៤០ មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ។ គ.បណ្តាលឱ្យមានរបួសមនុស្សច្រើននាក់…»។ ចំណែកមាត្រា៨៥ កថាខណ្ឌ២ ចំណុច ខ និងគ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានចែងថា «… អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ ២៥លានរៀល កាលបើអំពើនេះ បានប្រព្រឹត្តក្នុងករណីណាមួយ ដូចខាងក្រោម៖… ខ.ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ចាប់ពី ០,៤០មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាម ក្នុងមួយលីត្រឈាម ឡើងទៅ។ គ.បណ្តាលឱ្យមានស្លា.ប់មនុស្សច្រើននាក់»៕ សម្រួលដោយ ទៀង បុណ្ណរី