ភ្លើងឆេះទូកុងតឺន័រ បង្កឱ្យក្លាយជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ និងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋនាំគ្នារាយការណ៍ទៅសមត្ថកិច្ច ដើម្បីសុំជំនួយ
រាជធានីភ្នំពេញ ៖ អគ្គិភ័យឆាបឆេះទូកុងតឺន័រ បង្កឱ្យក្លាយជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ និងសំឡេងផ្ទុះខ្លាំងៗ ធ្វើឱ្យការភ្ញាក់ផ្អើលដល់ពលរដ្ឋនាំគ្នារាយការណ៍ទៅសមត្ថកិច្ច ដើម្បីសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យភ្លាមៗផងដែរ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំមួយកន្លែង ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា «មុនពេលកើតហេតុ គេបានឮសូរសំឡេងផ្ទុះចេញពីចំណុចទូកុងតឺន័រមួយ ស្ថិតនៅក្បែររបងស័ង្កសីការដ្ឋានមួយកន្លែង។ បន្ទាប់ពីឮដូច្នេះហើយ អ្នកភូមិក៏នាំគ្នារត់ចេញពីផ្ទះមកខាងក្រៅ ដើម្បីមើល ហើយក៏ប្រទះឃើញអណ្តាតភ្លើងកំពុងតែឆាបឆេះទូកុងតីន័រយ៉ាងសន្ធោសន្ធៅតែម្ដង»។ ប្រភពដដែលបន្តថា «ភ្លាមៗនោះ ប្រជាពលរដ្ឋរស់នៅតំបន់នោះ មិនហ៊ានចូលទៅជួយពន្លត់ភ្លើងនោះទេ ព្រោះថា ករណីនេះឮសំឡេងផ្ទុះដូចជាមានហ្គាសនៅក្នុង និងមានឆ្លងចរន្តអគ្គិសនីថែមទៀតផង ទើបពលរដ្ឋនាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បា.ញ់ទឹកពន្លត់»។ បន្ទាប់ពីទទួលដំណឹងខាងលើនេះភ្លាម សមត្ថកិច្ចជំនាញបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យនៃខណ្ឌជ្រោយចង្វា និងរង់ចាំមន្ត្រី EDC អគ្គិសនីកម្ពុជា ធ្វើការផ្តាច់ចរន្តអគ្គិសនីសិន ទើបអាចបា.ញ់ទឹកពន្លត់បាន។ ក្រោយពេលបា.ញ់ទឹកពន្លត់ឱ្យរលត់ទាំងស្រុងរួចហើយ មន្ត្រីអគ្គិសនីកម្ពុជា ក៏បានបន្ថែមថា «នៅក្នុងហេតុការណ៍អគ្គិភ័យនេះ បានបង្កឱ្យការខូចខាតដល់ខ្សែភ្លើងរបស់ពលរដ្ឋ រួមទាំងអណ្ដាតភ្លើងធ្វើឱ្យខូចខាតចំនួន១ខ្សែថែមទៀតផងដែរ។ អាស្រ័យហេតុនេះ មន្ត្រីជំនាញក៏បានទាក់ទងទៅកម្លាំងរបស់ខ្លួន ដើម្បីធ្វើការជួសជុស និងដំឡើងថ្មីភ្លាមៗ ដើម្បីទុកឱ្យពលរដ្ឋមានអគ្គិសនីប្រើប្រាស់ដូចដើមវិញទាំងយប់តែម្ដង»។ ក្រោយពេលកើតហេតុ មន្ត្រីជំនាញ និងមន្ត្រីមូលដ្ឋាន មិនទាន់បានបញ្ជាក់អំពីមូលហេតុដែលបណ្តាលឱ្យមានកើតមានករណីអគ្គិភ័យឆាបឆេះខាងលើនេះនៅឡើយទេ៕ សម្រួលដោយ ទៀង បុណ្ណរី