រដ្ឋមន្រ្តីឧស្សាហកម្ម ជំរុញអ្នកផលិតអំបិលស្វែងរកទីផ្សារថ្មីៗ បន្ថែមលើទីផ្សារប្រពៃណី
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានលើកឡើងថា អំបិលជាទំនិញយុទ្ធសាស្ត្រមួយ ដែលត្រូវបានប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ការកែច្នៃផលិតផលផ្សេងៗ។ លោកបានលើកឡើងអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍អំបិល ឆ្នាំ២០២២-២០២៦ និងបានជំរុញឱ្យអ្នកផលិតអំបិលឱ្យស្វែងរកទីផ្សារថ្មីៗ ដែលមិនមែនជាទីផ្សារប្រពៃណី ដូចជាការប្រើប្រាស់អំបិលធ្វើជាក្ល័រ ដើម្បីប្រព្រឹត្តកម្មទឹកស្អាតជាដើម។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីបែបនេះ នៅពេលចុះពិនិត្យស្ថានភាពស្រែអំបិល និងជួបសំណេះសំណាលជាមួយអ្នកផលិតអំបិលមកពីខេត្តកំពត និងខេត្តកែប ដើម្បីពិភាក្សាអំពីការលើកកម្ពស់គុណភាព និងស្តង់ដារសម្រាប់ផលិតកម្មអំបិល កាលពីពេលថ្មីៗនេះ។ លោក ហែម វណ្ណឌី បានលើកទឹកចិត្តដល់អ្នកផលិតអំបិល និងអាជីវកម្មដែលមានសក្តានុពលក្នុងខេត្តទាំងពីរ ដូចជាអាជីវកម្មផលិតទឹកត្រី និងម្រេច ឱ្យសហការជាមួយក្រសួង សម្រាប់ការគាំទ្រទាក់ទងនឹងគុណភាព និងស្តង់ដារផលិតផល។លើសពីនេះទៀត លោកបញ្ជាក់ថា ក្រសួងកំពុងអនុវត្តកំណែទម្រង់មួយចំនួន រួមទាំងការកែសម្រួលថ្លៃ រយៈពេល និងសុពលភាពនៃសេវាសាធារណៈរបស់ខ្លួន ជាពិសេសកំពុងប្រែក្លាយមន្ទីរពិសោធន៍ជាតិទៅជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ក្នុងគោលបំណងផ្តល់សេវាប្រកបដោយវិជ្ជាជីវៈជូនដល់វិស័យឯកជនផងដែរ។ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាល បានគិតគូរពីការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក។ ក្នុងនោះ អាទិភាពមួយរបស់រាជរដ្ឋាភិបាលគឺការចលនា ដើម្បីលើកកម្ពស់ការផលិតក្នុងស្រុក ដោយផ្តោតលើគុណភាព ផលិតភាព និងភាពប្រកួតប្រជែងលើទីផ្សារ។ លោកស្រី ស៊ឹម ណារី ប្រធានស្តីទីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតមានកសិដ្ឋានផលិតអំបិលសរុបទំហំ ៣៤៨៩ ហិកតា មានឃ្លាំងស្តុកអំបិលចំនួន៥៦០កន្លែង ដែលផ្តល់ការងារដល់ប្រជាពលរដ្ឋចំនួន ១៤៧៤ នាក់ ហើយកសិដ្ឋានផលិតអំបិលក្នុងខេត្តដំណើរការបានរយៈពេល ៤ ទៅ ៦ ខែក្នុងមួយឆ្នាំ អាស្រ័យលើអាកាសធាតុ និងផ្តល់ទិន្នផលអំបិលប្រមាណ ១០ម៉ឺនតោនក្នុងមួយឆ្នាំ៕ សម្រួលដោយ ទៀង បុណ្ណរី