ប៉ូលិសចរាចរណ៍ម្នាក់ ជិះម៉ូតូល្មើសច្បាប់ពីរករណី រងការផាកពិន័យ១៤ម៉ឺនរៀល
រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលចរាចរណ៍ មួយរូបដែលបើកបរម៉ូតូ ល្មើសច្បាប់ចរាចរណ៍ផ្លូវគោក អត់ពាក់មួកសុវត្ថិភាព និងនិយាយទូរសព្ទ ត្រូវបានប្រធានអង្គភាព កោះហៅចូលមកផាកពិន័យតាមច្បាប់ បន្ទាប់ពីរូបភាពត្រូវបានចែកចាយនៅលើបណ្តាញសង្គម ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គម ទៅលើករណីមន្ត្រីនគរបាលចរាចរណ៍ ០១នាក់ បើកបរម៉ូតូលើដងផ្លូវសាធារណៈ នៅក្នុងខណ្ឌពោធិ៍សែនជ័យ មិនពាក់មួកសុវត្ថិភាព និងនិយាយទូរសព្ទ ភ្លាមៗនោះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្រាវជ្រាវរកមន្ត្រីបើកបរល្មើសច្បាប់ចរាចរណ៍ ដើម្បីឱ្យចូលមកផាកពិន័យតាមច្បាប់ ។ លោកអនុសេនីយ៍ឯក ព្រាប តារា មន្ត្រីនគរបាលចរាចរណ៍ ហើយនៅថ្ងៃដដែល ត្រូវបានចូលមកអង្គភាពការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីផាកពិន័យតាមច្បាប់ទី១, មិនពាក់មួកសុវត្ថិភាព ចំនួន៦០,០០០រៀល និងទី២, ប្រើប្រាស់ទូរសព្ទ ពេលបើកបរ ចំនួន៨០,០០០រៀល ៕ សម្រួលដោយ ទៀង បុណ្ណរី