ទិញ​បន្លែ​ថែម​បទ​ចម្រៀង​! បុរស​ម្នាក់​កំពុង​អង្រួន​ចិត្ត​មហាជន​មួយ​ចំនួន​ស្លុង​អារម្មណ៍

រាជធានី​ភ្នំពេញ ៖ ទៅ​រក​ឯណា​បាន​បងប្អូន ទិញ​បន្លែ​ថែម​បទ​ចម្រៀង កំពុង​តែ​អង្រួន​ចិត្ត​មហាជន​យ៉ាង​ខ្លាំង ក្រោយ​ពេល​បុរស​ម្នាក់ ដែល​ជា​អ្នកលក់​បន្លែ​តាម​រុឺ​ម៉ក់​ច្រៀង​ភ្លេង​ការ​យ៉ាង​ពីរោះ សំខាន់​សំឡេង​ស្អក​ដូច​ខេ​ម ស្តាប់​មួយ​ភ្លែត​លន្លង់លន្លោច​ពីរោះ ស្តាប់​យូរ​ៗ​កាន់តែ​ជក់ចិត្ត​ដិតអារម្មណ៍​។  ជា​ការ​ពិត​ណាស់ បុរស​ដែល​ជា​លក់​បន្លែ​រូប​នេះ អាច​បន្ថែម​អាជីព​ជា​អ្នកចម្រៀង​បាន ក្រោយ​ពី​លក់​បន្លែ​បណ្តើរ ច្រៀង​បណ្តើរ អ្នកទិញ​ក៏​រើស អ្នកលក់​ក៏​ច្រៀង ដែល​អាច​និយាយ​បាន​ថា នេះ​គឺជា​ភាព​ទាក់ទាញ​ចំពោះ​លោក​ផ្ទាល់ ពោល​គឺ​កាលពី​កន្លង​ទៅ មានរ​បរជា​ច្រើន ដូច​ជា​បុកល្ហុង អ្នកលក់​លៀស និង​អ្នកលក់​ម៉ាំ​ជាដើម ដែល​សាង​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​បន្ថែម​អ្វី​ដែល​ប្លែក​នៅ​ក្នុង​របរ​របស់​ខ្លួន ក្នុង​ការ​សាង​ភាព​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​។  ក្នុង​នោះ​ផង​ដែរ តាម​រយៈ​បទ​ដែល​លោក​បកស្រាយ​នោះ ភាគច្រើន​គឺជា​ចម្រៀង​ភ្លេង​ការ អាច​ថា ជា​ការ​អភិរក្ស​ចម្រៀង​ភ្លេង​ការ​ខ្មែរ គាំទ្រ​ភ្លេង ដោយ​លោក​បាន​បកស្រាយ​ចម្រៀង​ដូច​ជា ៖ បទ​«សំពោង​សក់​ធំ​» និង​បទ​«​សម្រស់​ធីតា​ព្រៃ​ភ្នំ​» សុទ្ធសឹងតែ​ជា​ចម្រៀង​ភ្លេង​ការ​ខ្មែរ ស្តាប់​ហើយ​មិន​ជិនណាយ​អារម្មណ៍​នោះ​ឡើយ​។ ទន្ទឹម​នឹង​នោះ តាម​រយៈ​រូបភាព​វី​ដេ​អូ បុរស​ជា​អ្នកលក់​បន្លែ​រូប​នេះ លោក​មាន​លក់​បន្លែ​ដូច​ជា ស្ពៃក្តោប ការ៉ុត ត្រសក់ ខ្ទឹមបារាំង ស្ពៃ​បូ​គោ និង​បន្លែ​ជា​ច្រើន​ទៀត​។  តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន បងស្រី​ដែល​មាន​គណនី​ឈ្មោះ​ថា «​ណា​ណា​» ជា​អ្នក​ភូមិ និង​ជា​ម៉ូយ ដែល​តែងតែ​ជួយ​ទិញ​បន្លែ​ផង​នោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​បុរស​ដែល​ជា​អ្នក​បន្លែ​នេះ មានឈ្មោះ​ថា «​ពូ​ជ័យ​» លោក​លក់​បន្លែ​នេះ​ជា​យូរណាស់​មក​ហើយ ដោយ​លោក​នេះ ជួនកាល​ដាច់ ជួនកាល​ក៏​មិនសូវ​ដាច់​នោះ​ទេ ព្រោះ​កន្លែង​លោក​លក់​នោះ គឺ​នៅ​ជិត​ផ្សារ​»​។  ប្រភព​ដដែល​បន្ត​ថា «​ពូ​ជ័យ ដែល​ជា​អ្នកលក់​បន្លែ លោក​មិនមែន​ជា​អ្នកចម្រៀង​នោះ​ទេ ពោល​គឺ​លោក​គ្រាន់តែ​ស្រឡាញ់​ចូល​ចិត្ត​ចម្រៀង ហើយ​សំឡេង​របស់​លោក​ក៏​មិន​ចាញ់​តារាចម្រៀង​នោះ​ឡើយ ដោយ​មាន​មហាជន​ខ្លះ​និយាយ​ថា «​ពីរោះ​» ខ្លះ​ទៀត​ក៏​និយាយ​ថា «​ស្រ​ដៀង​នឹង​តារាចម្រៀង​លោក​ខេ​ម​»​។  បងស្រី ណា​ណា បាន​បន្ត​ថា «​លក់ដូរ​បន្លែ ជួនកាល​មិនសូវ​ដាច់​នោះ​ឡើយ ហើយ​ជួល​កាល​ពូ​ជ័យ និយាយ​ប្រាប់​ថា ថ្ងៃនេះ​លក់​បាន​២០០០​រៀល​»​។ បងស្រី ណា​ណា បន្ត​ថា «​កាលពី​កន្លង​ទៅ ឃើញ​លោក​ច្រៀង​លេង​តែ​ប៉ុណ្ណោះ គ្មាន​មេក្រូ​នោះ​ឡើយ ដោយ​មាន​តែ​បាស​ធម្មតា​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ចៃដន្យ​អ្វី​ថ្ងៃនេះ មាន​ទាំង​បាស មាន​ទាំង​មេក្រូ ដាក់​មួយ​ពីរ​បទ ពីរោះ​មិនធម្មតា​ឡើយ សូ​ម្បី​តែ​អ្នកទិញ​ផ្សេង​ទៀត​ក៏​ចង់​ទិញ​ដែរ​»​។  គួរ​បញ្ជាក់​ដែរ​ថា នេះ​គឺជា​ការ​កម្សាន្ត​លេង​តែ​ប៉ុណ្ណោះ អាច​និយាយ​បាន​ថា ទិញ​បន្លែ​បន្ថែម​ចម្រៀង ហើយ​ការ​ច្រៀង​ភ្លេង​ការ​នេះ ក៏​ជា​ការ​ចូលរួម​មួយ​ចំណែក​ដល់​ការ​គាំទ្រ​លើក​ស្ទួយ​វិស័យ​សិល្បៈ​ចម្រៀង​​ភ្លេង​ការ​ខ្មែរ​ផង​ដែរ​៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង