អាសូរ​ពន់ពេក​! ក្មេង​ៗ១៩​នាក់​ឪពុក​ម្តាយ​ខ្វះ​ខាត​​ខ្លាំង ចង់បាន​សម្ភារៈ​ដើម្បី​សិក្សា

ខេត្តកំពង់ឆ្នាំង ៖ ជីវិត​អើយ​ជីវិត​! រស់នៅ​លើ​ផែនដី​តែ​មួយ តែ​វាសនា​ខុស​គ្នា អ្នកខ្លះ​ចង់​រៀន ប៉ុន្តែ​ឪពុក​ម្តាយ​មានការ​ខ្វះខាត​ក៏​នៅ​តែ​ត្រដាបត្រដួស​ប្រឹងប្រែង​ឱ្យ​កូន​រៀនសូត្រ ហើយ​អ្នកខ្លះ​ទៀត​មាន​សព្វគ្រប់​បែប​យ៉ាង បែរជា​មិនសូវ​ខំប្រឹង​ប្រែង​រៀនសូត្រ​ទៅ​វិញ​។   ជា​ការ​ពិត​ណាស់ កូន​គេ កូន​យើង ពិតជា​គួរ​ឱ្យ​អាណិត​ណាស់ ខណៈ​ក្មេង​ៗ​ចំនួន​១៩​នាក់ មានការ​ខ្វះខាត​យ៉ាង​ខ្លាំង ដោយ​ប្អូន​ម្នាក់​ៗ​សុទ្ធតែ​ចង់​រៀនសូត្រ​ឱ្យ​បាន​ខ្ពង់ខ្ពស់ ខណៈ​បច្ចុប្បន្ន​កំពុង​តែ​មានការ​ខ្វះខាត​យ៉ាង​ខ្លាំង ហើយ​ប្អូនសុំ​ត្រឹមតែ​សម្ភារៈ​សិក្សា​ដូច​ជា ប៊ិ​ច​សៀវភៅ កា​តាប និង​កង់​ដែល​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​នោះ​ទេ ព្រោះ​ផ្ទះ​របស់​ប្អូន​ៗ​ខ្លះ គឺ​នៅ​ឆ្ងាយ​ពីសា​លា ដូច្នេះ​ត្រូវ​មាន​មធ្យោបាយ​ធ្វើ​ដំណើរ ដើម្បី​បាន​ទៅ​រៀនសូត្រ​យកចំណេះ​ដឹង​នឹង​គេ​។   បើ​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ស្រេ​ន វុ​ធ​ថា បាន​លើក​ឡើង​ថា «​ពួក​គាត់​ចង់បាន​សម្ភារៈ​សិក្សា និង​ខោអាវ ពណ៌​ស ពាក់​ទៅ​សាលារៀន​ដូច​គេ ដោយ​អ្នកខ្លះ​ឪពុក​ម្ដាយ​ទៅ​ធ្វើការ​នៅ​ថៃ អ្នកខ្លះ​ទៀត​គ្រួសារ​ក្រីក្រ ពុក​ម៉ែ​មិន​មាន​លទ្ធភាព​នោះ​ទេ ដោយ​ពួក​គាត់​ចង់​រៀនសូត្រ ដូច្នេះ​សូម​បងប្អូន​ជួយ​បំពេញ​បំណង​ពួក​គាត់​ផង ពួក​គាត់​រស់នៅ​ក្នុងភូមិ​ត្បែងខ្ពស់ ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង​។ សូម​បងប្អូន​ជួយ​ដល់​ពួក​គាត់​ផង​»​។   តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក ស្រេ​ន វុ​ធ​ថា បាន​ប្រាប់​ឱ្យ​ដឹង​ថា «​មាន​បងប្រុស​ម្នាក់​សុំ​ឱ្យ​លោក​ជួយ ដោយសារ​មូលហេតុ​ក្មេង​ៗ​ទាំង​១៩​នាក់​នេះ ខ្វះខាត​សម្ភារៈ​សិក្សា ប៊ិ​ច​កា​តាប សៀវភៅ និង​កង់​ដែល​ជា​មធ្យោបាយ​ធ្វើ​ដំណើរ ហើយ​ពួក​គេ​រស់នៅ​ក្នុងភូមិ​ត្បែងខ្ពស់ ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង​»​។   លោក ស្រេ​ន វុ​ធ ដែល​ជា​តារា​សម្តែង ក៏​បាន​ប្រាប់​ឱ្យ​ដឹង​បន្ត​ថា «​ក្មេង​ៗ​ទាំង​អស់នេះ មានការ​ខ្វះខាត​យ៉ាង​ខ្លាំង ដោយ​ឪពុក​ម្តាយ​របស់​ពួក​គេ​ស៊ីឈ្នួល​គេ ខ្លះ​ធ្វើការ​សំណង់ ហើយ​ឪពុក​ម្តាយ​ក្មេង​ខ្លះ​ទៀត​ធ្វើការ​នៅ​ប្រទេស​ថៃ ដូច្នេះ​ពួក​គេ​ខ្លះ​រស់នៅ​ជាមួយ​ម្តាយ ខ្លះ​ក៏​រស់នៅ​ជាមួយ​ជីដូន និង​រស់នៅ​ជាមួយ​មីងមា សាច់ញាតិ​ជាដើម​»​។  លោក វុ​ធ​ថា បាន​បន្ត​ថា «​ហើយ​ចម្ងាយ​ពី​ផ្ទះ​ទៅ​សាលា គឺ​ឆ្ងាយ​គួរសម​ដែរ ដូច្នេះ​ពួក​គាត់​ត្រូវការ​មធ្យោបាយ​ធ្វើ​ដំណើរ ដូច​ជា ប្អូន​ខ្លះ​ក្នុង​ចំណោម​១៩​នាក់ គឺ​ចម្ងាយ​ពី​ផ្ទះ​ទៅ​សាលារៀន​ប្រមាណ​ជា​១០​គីឡូ​ឯណោះ និង​ក្មេង​ខ្លះ​ទៀត​ប៉ុន្មាន​គីឡូ​ប៉ុណ្ណោះ​»​។  គួរ​បញ្ជាក់​ផង​ដែរ​ថា ក្មេង​ៗ​ទាំង​១៩​នាក់ រស់នៅ​ជនបទ​ជួប​ប្រទះ​ការ​ខ្វះខាត​ជា​ច្រើន ហើយ​ក្មេង​ៗ​ប៉ងប្រាថ្នា​ត្រឹមតែ​សម្ភារៈ​សិក្សា និង​ការ​សិក្សា​មួយ​ដែល​ល្អ​ប្រសើរ​ប៉ុណ្ណោះ ខណៈ​គ្រួសារ​របស់​ពួក​គេ​ទីទ័ល​ខ្លាំង រក​ព្រឹក​ខ្វះ​ល្ងាច​៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង