អជ្ញាធរខេត្តត្បូងឃ្មុំចុះបង្ក្រាបអាជីវកម្មរ៉ែមាសខុសច្បាប់៣ទីតាំងបន្ថែមទៀតនៅស្រុកមេមត់
ខេត្តត្បូងឃ្មុំ៖ គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចខេត្តត្បូងឃ្មុំចុះបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់លួចលាក់បានចំនួន៣ទីតាំងបន្ថែមទៀតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ ក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីបានបើកប្រតិបត្តិការដោះស្រាយទ្រង់ទ្រាយធំ លើទីតាំងអាជីវកម្មរ៉ែមាសអនាធិបតេយ្យនៅភូមិសាស្ត្រ ភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៦ខែមករាឆ្នាំ២០២៤ ក្រសួងបានរកឃើញទីតាំងអាជីវកម្មរ៉ែមាសអនាធិបតេយ្យចំនួនបីទីតាំងបន្ថែមទៀតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្រោយចុះបង្ក្រាបកម្លាំងបានណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មរ៉ែមាសអនាធិបតេយ្យទាំងនោះអំពីនីតិវិធីច្បាប់ ផលប៉ះពាល់ធ្ងន់ធ្ងរលើសុវត្ថិភាព សុខភាព និងបរិស្ថាន។ បន្ទាប់ពីទទួលបានការណែនាំម្ចាស់ទីតាំងទាំងអស់បានស្ម័គ្រចិត្តរុះរើ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពអាជីវកម្មរ៉ែមាសខុសច្បាប់របស់ខ្លួន។ ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងបន្ត ថានឹងបន្តប្ដេជ្ញាបញ្ចប់នូវរាល់សកម្មភាពរ៉ែអនាធិបតេយ្យ និង ជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិ បង្កើតការងារ រួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម។ ជាមួយគ្នានោះ ក្រសួងរ៉ែ និងថាមពល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តចូលរួមសហការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យ៕ សម្រួលដោយ ទៀង បុណ្ណរី