ឯកឧត្ដម ហ៊ុន ម៉ានី ៖ បេសកកម្មក្រសួងមុខងារសាធារណៈ កំពុងធ្វើពេលនេះ មិនមែនជារឿងបុគ្គលទេ
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា បេសកកម្មរបស់ក្រសួងមុខងារសាធារណៈ ដែលបាននិងកំពុងធ្វើនាពេលនេះ មិនមែនជារឿងបុគ្គល ឬ ជារឿងស្ថាប័នដោយឡែកនោះទេ។ ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។ នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា «គួរយើងទាំងអស់គ្នាគិតថា បេសកកម្មរបស់ក្រសួងមុខងារសាធារណៈ ដែលយើងទាំងអស់គ្នា បាន និងកំពុងធ្វើនាពេលនេះ មិនមែនជារឿងបុគ្គល ឬ ជារឿងស្ថាប័នដោយឡែកនោះទេ តែនេះជាបេសកកម្មដែលមានភាពប្រទាក់ក្រឡាគ្នា នៃសង្គមកម្ពុជា ត្បិតថាយើងកំពុងតែចូលរួមអភិវឌ្ឍន៍ កសាងពូនជ្រំអនាគតប្រទេសជាតិចេញពីវិស័យនេះ»។ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងបន្តថា យើងទាំងអស់គ្នា កំពុងធានាឱកាស នៃវិបុលភាពសម្រាប់អ្នកជំនាន់ក្រោយឲ្យបានកាន់តែល្អប្រសើរ។ ជារួមអាចនិយាយបានថា «យើងកំពុងបំពេញការងារផង និងកំពុងចូលរួមកសាងខឿនដឹកនាំប្រទេសសម្រាប់អ្នកជំនាន់ក្រោយ ចេញពីវិស័យមុខងារសាធារណៈផង»។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្តបន្ថែមថា ក្នុងតួនាទីបន្តបេសកកម្មរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្រសួងមុខងារសាធារណៈ កំពុងបំពេញបេសកកម្មលើរបត់ថ្មី ជាមួយរាជរដ្ឋាភិបាលអាណត្តិទី ៧ ទាំងការអនុវត្តការងារស្នូលប្រចាំថ្ងៃ និងការងារកែទម្រង់រដ្ឋបាលសាធារណៈដ៏ស្រួចស្រាវ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ។ ទន្ទឹមនោះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា កិច្ចការទាំងអស់នេះ ទាមទារឲ្យយើងទាំងអស់គ្នា សម្របខ្លួនឲ្យបាន ហើយឲ្យកាន់តែឆាប់រហ័សជាមួយល្បឿនការងារ ទំហំការងារដែលកាន់តែធំ ក៏ដូចជាស្តង់ដារ នៃរបៀបរបបវិជ្ជាជីវៈការងារកាន់តែខ្ពស់ ជាពិសេសស្របពេលចង្វាក់ នៃការប្រកួតប្រជែងជាសកល ទាំងកត្តាភូមិសាស្ត្រ ប្រជាសាស្ត្រ នយោបាយ សេដ្ឋកិច្ច និងបច្ចេកវិទ្យា កំពុងមានភាពពុះកញ្ជ្រោលខ្លាំង៕ សម្រួលដោយ ទៀង បុណ្ណរី