បុរសម្នាក់ពិតជាឆ្ងល់ខ្លាំង ចតរយន្តនៅព្រលានយន្តហោះ មិនដល់មួយថ្ងៃ ត្រឡប់មកវិញ ស្រាប់តែរថយន្តប្រឡាក់បែបនេះ លាងមិនជ្រះ ហើយកាន់តែជូតកាន់ព្រិល
ថ្មីៗនេះ បុរសជនជាតិថៃម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើល និងបង្កឲ្យមានការវែកញែករកពីមូលហេតុពិតព្រោងព្រាត បន្ទាប់ពីបុរសរូបនោះ បានធ្វើការបង្ហោះរូបភាពដ៏គួរឲ្យឆ្ងល់ ចតនៅអាកាសយានដ្ឋានដុនមឿង មិនដល់មួយថ្ងៃ ស្រាប់តែមានស្នាមប្រឡាក់ពណ៌សតោងជាប់ពេញរថយន្ត មិនអាចលាងសម្អាតបានទេ ហើយកាន់តែលុប វាកាន់តែព្រិល ទោះបីព្យាយាមជូតយ៉ាងណា ក៏មិនជ្រះដែរ។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Pantip បានបង្ហោះប្រធានបទដ៏ចម្លែកមួយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដោយចែករំលែកបទពិសោធន៍ នៃការចតរថយន្តនៅព្រលានយន្តហោះ មិនដល់មួយថ្ងៃ ប៉ុន្តែ ស្រាប់តែមានស្នាមប្រឡាក់ពណ៌សពេញរថយន្ត។ លើសពីនេះ វាតោងជាប់រហូតមិនអាចលាងបាន ដោយបានភ្ជាប់សំណួរបែបនេះថា «ថតរថយន្តនៅអាកាសយានដ្ឋានដនមឿង តើមានអ្នកណាធ្លាប់ជួបបែបនេះទេ?»។ ម្ចាស់គណនីខាងលើបានពន្យល់យ៉ាងលម្អិត៖ ឡើងយន្តហោះនៅម៉ោង ៧ និង ១៥ នាទីព្រឹក ហើយបានចតឡាននៅម៉ោង ៦ ព្រឹក នៅ Terminal 2 នៃអាកាសយានដ្ឋានដនមឿង។ ចតនៅលើដំបូល ដើម្បីធ្វើដំណើរទៅខេត្តផ្សេងៗ។ ប៉ុន្តែ ពេលត្រឡប់មកអាកាសយានដ្ឋានវិញនៅវេលាម៉ោង ១១ និង ៣០ នាទីយប់ ស្រាប់តែរកឃើញរថយន្តមានស្នាមប្រឡាក់ពណ៌ស ដូចជាធូលីដី ហើយជាប់នឹងឡានទាំងមូល។ កញ្ចក់រថយន្តមានសភាពព្រិលៗ ហើយមិនអាចលុបចេញបានទេ ពោលគឺជូតកាន់តែច្រើន វាកាន់តែព្រិល ទោះបីពីមុនមិនមានស្នាមប្រឡាក់បែបនេះក៏ដោយ។ នេះធ្វើឲ្យការបើកបរទៅផ្ទះមានគ្រោះថ្នាក់ខ្លាំងណាស់។ ម្ចាស់ការបង្ហោះបានបញ្ចប់ដោយនិយាយថា៖ ចង់ដឹងថាស្នាមប្រឡាក់បែបណា? គឺមិនអាចលាងវាដោយខ្លួនឯងបានទេ ដោយទាល់តែត្រូវទៅលាងសម្អាត និងប៉ូលា នៅហាង។ ហើយស្នាមប្រឡាក់បែបនេះពេញឡាន នៅពេលព្យាយាមកោសវាដោយដៃ វាក៏បង្កើតជាដុំរឹងតែម្តង។ យ៉ាងណាមិញ ទាក់ទងនឹងបញ្ហានេះ ឃើញថាមានអ្នកលេងបណ្តាញសង្គមភាគច្រើន បានចូលទៅបញ្ចេញមតិផ្តោតទៅលើស្នាមប្រឡាក់ពីទឹកសន្សើម ឬធូលីពុល PM 2.5 ដែលកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលនេះ។ តែទោះជាយ៉ាងណា ក៏នៅមានអ្នកខ្លះប្រកែកថា បើវាជាធូលី វាមិនគួរជាប់គាំងយ៉ាងនេះទេ។ លទ្ធភាពទំនងជាមានស្នាមប្រឡាក់ពីថ្នាំលាប aerosol ដោយសារតែរថយន្តរបស់គាត់ត្រូវបានបុកចំដោយថ្នាំបាញ់ពីទ្វារជាប់ក្បែរនោះ គឺវាអាចបែបនេះ៕ សម្រួលដោយ ទៀង បុណ្ណរី