ព្រះអង្គចន្ទ មុន្នី និមន្តធ្វើទស្សនកិច្ចអំពីវឌ្ឍនភាពពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងថ្វាយបច្ច័យ ១២៥០០$ ដល់សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី អភិវឌ្ឍន៍ពុទ្ធិកសិក្សា

រាជធានីភ្នំពេញ ÷ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានយាងដំណើរ និងនិមន្តព្រះអង្គធម្ម វនវាសី ចន្ទ មុន្នី ទស្សនកិច្ច និងមានព្រះរាជបន្ទូលសំណេះសំណាលពីវឌ្ឍនភាពរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ខណៈដែលព្រះអង្គ ចន្ទ មុន្ន ចូលបង្គំគាល់ និងថ្វាយបច្ច័យ ១២៥០០$ សម្រាប់ប្រើប្រាស់ក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។   ពិធីចូលក្រាបបង្គំគាល់សំណេះសំណាល និងថ្វាយបច្ច័យនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ដោយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានព្រះរាជានុញ្ញាតទទួល ព្រះអង្គធម្ម វនវាសី ចន្ទ មុន្នី ចូលថ្វាយបង្គំគាល់សម្តែងការគួរសម និងសំណេះសំណាលអំពីវឌ្ឍនភាពនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។    ក្នុងពិធីក្រាបបង្គំគាល់នេះ ព្រះអង្គ ចន្ទ មុន្នី បានសម្តែងការកោតសរសើរ និងសាទរពីភាពជោគជ័យ ដែលកើតចេញពីការយកព្រះទ័យទុកដាក់ ខិតខំអភិវឌ្ឍរបស់សម្តេចជាអម្ចាស់ មហាសង្ឃរាជ បួរ គ្រី , ហើយឆ្លៀតក្នុងឱកាសនេះ ព្រះអង្គចន្ទ មុន្នី មានសទ្ធាជ្រះថ្លា ថ្វាយបច្ច័យកសាងចំនួន ១០,០០០$ សម្រាប់បន្តការអភិវឌ្ឍន៍សាកលវិទ្យាល័យ និងបច្ច័យចំនួន ២,៥០០$ សម្រាប់ទិញកៅអីឱ្យនិស្សិតអង្គុយសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានេះ ដែលកំពុងមានការខ្វះខាតផងនោះ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង