សមត្ថកិច្ចជលផលបង្ក្រាបរថយន្តដឹកលៀស៤៥ ការុងនៅខេត្តកំពង់ឆ្នាំង
សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានចុះបង្ក្រាបការដឹកជញ្ជូនលៀសតូចៗ ចំណីសត្វចំនួន ៤៥ការុង ដែលត្រៀមមឡើងរថយន្ត ទៅលក់នៅប្រទេសវៀតណាម។ ករណីបង្ក្រាបនេះបានធ្វើឡើងនៅមាត់កំពង់ទឹក ក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខណៈប្រជាពលរដ្ឋសំណូមពរឱ្យរដ្ឋាភិបាលជួយទប់ស្កាត់បទល្មើសនេះផង។ លោក អ៊ូ សោភ័ណ្ឌ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងថ្ងៃអាទិត្យទី ១៤ ខែមករា នេះបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋលោកប្រធានមន្ទីរកសិកម្មខេត្ត និងលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានបញ្ជាឲ្យលោកដឹកនាំមន្ត្រីផ្នែករដ្ឋបាលផ្សារឆ្នាំង និងមន្ត្រីសង្កាត់ជលផលស្រុកបរិបូណ៌ ចុះពិនិត្យបទល្មើសនេសាទលួចដឹកលៀសល្អិតៗចំណីសត្វត្រៀមឡើងរថយន្តទៅលក់នៅប្រទេសវៀតណាម ដែលកើតមានឡើងនៅមាត់កំពង់ទឹក ក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ។ ពេលទៅដល់កន្លែងកើតហេតុសមត្ថកិច្ចបានពិនិត្យឃើញលៀសល្អិតៗសម្រាប់កិនធ្វើជាចំណីសត្វច្រកការុងចំនួន៤៥ការុងពណ៌ស រកម្ចាស់មិនឃើញសមត្ថកិច្ចក៏បានធ្វើការវះការុងលែងលៀសទាំងអស់នោះចោលក្នុងទឹកទន្លេវិញ។ ជាមួយគ្នានេះដែរនៅចំណុចជិតគ្នានេះសមត្ថកិច្ចក៏បានរកឃើញលៀលធំៗដែលគេសម្រាប់ហាលលក់ទីផ្សារក្នុងស្រុកចំនួន៥០ការុងផងដែរ ដែលច្បាប់បានអនុញ្ញាតឱ្យធ្វើការនេសាទ និងលក់ដូរក្នុងស្រុក។ ដោយឡែកមុនសមត្ថកិច្ចមកដល់នៅចំណុចមាត់កំពង់ទឹកភូមិសេះស្លាប់នេះ មានលៀសល្អិតៗប្រភេទលៀសចំណីសត្វមានចំនួន ១០០ ការុងដែលគេច្រកទុកនៅមាត់កំពង់ទឹកត្រៀមឡើងរថយន្តដឹកទៅលក់នៅប្រទេសវៀតណាម។ ប៉ុន្តែមុនពេលសមត្ថកិច្ចមកដល់មានរថយន្តបែនដឹកដីពណ៌សមួយបានលួចដឹកយកលៀសនេះចេញអស់៥៥ការុង ចេញទៅបាត់ហើយទើបសមត្ថកិច្ចមកដល់។ ប្រជាពលរដ្ឋនៅក្នុងភូមិសេះស្លាប់បានឱ្យដឹងថា មួយរយៈកន្លងមកនេះមានរថយន្តធុនធំ ៣គ្រឿង បានចូលមកដឹកលៀសប្រភេទលៀសចំណីសត្វនេះ ស្ទើរតែរៀង រាល់ថ្ងៃក្នុងមួយជើងៗរាប់រយតោន យកទៅលក់នៅប្រទេសវៀតណាម ដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចនោះឡើយ។ ប្រជាពលរដ្ឋបានរិះគន់ថា សមត្ថកិច្ចជលផលនៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ គេមិនបង្ក្រាបការនេសាទលៀសចំណីសត្វនេះទេ។ ហើយអ្នកនេសាទលៀសចំណីសត្វដែលច្បាប់ហាមឃាត់នេះ តែងលួចនេសាទនិងដឹកជញ្ជូនលៀ សមកលក់ឡើងរថយន្តនៅក្នុងភូមិសាស្ត្រឃុំឆ្នុកខេត្តកំពង់ឆ្នាំងយកទៅលក់នៅប្រទេសវៀតណាម។ ប៉ុន្តែនៅតាមផ្លូវជាតិរហូតដល់ប្រទេសវៀតណាមគេមិនដែលឃើញសមត្ថកិច្ចចាប់ឃាត់រថយន្តដឹកលៀសចំណីសត្វនេះឡើយ។ ករណីនេះប្រសិនបើសមត្ថកិច្ចច្រកទ្វារព្រំដែនមិនឲ្យលៀសចំណីសត្វនេះចេញទៅក្រៅបាននោះ ក៏គ្មានការនេសាទលៀសចំណីសត្វនេះនៅក្នុងបឹងទន្លេសាបយើងដែរ។ ករណីនេះប្រជាពលរដ្ឋសំណូមពរឱ្យរដ្ឋាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយទប់ស្កាត់ និងបង្ក្រាបករណីនេះឱ្យមានប្រសិទ្ធភាពផងចុះ ទើបយើងអាចរក្សាពូជពង្សលៀសចំណីសត្វនេះបានគង់វង្សនៅក្នុងបឹងទន្លេសាប ព្រោះលៀសចំណីសត្វនេះមានសារៈប្រយោជន៍សំខាន់ណាស់សម្រាប់ប្រព័ន្ធអេកូឡូស៊ីនៅក្នុងបាតទន្លេនៃបឹងទន្លេសាប៕ សម្រួលដោយ ទៀង បុណ្ណរី