រមណីយដ្ឋានទេសចរណ៍ក្នុងខេត្តស្ទឹងត្រែងមួយចំនួនទទួលភ្ញៀវចូលទៅលេងកម្សាន្តដោយផ្គើនការណែនាំរបស់មន្ទីរទេសចរណ៏ខេត្ត

TNM(ខេត្តស្ទឹងត្រែង) ៖ ទោះបីជាមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល បិទមិនឲ្យមានការជួបជុំគ្នា រួមនឹងការផឹកស៊ី ចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានចុះធ្វើការណែនាំ នៅតាមរមណីយដ្ឋានក្នុងខេត្តស្ទឹងត្រែងជាច្រើនកន្លែង តែការចុះណែនាំនេះឃើញថារមណីយដ្ឋានមួយចំនួននៅក្នុងខេត្តមិនគោរព នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាតាមការណែនាំរបស់មន្ទីរទេសចរណ៍ខេត្ត នៅតែបន្តឲ្យភ្ញៀវចេញចូលទៅកម្សាន្ត មិននាំគ្នាចូលរួម ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ19 ដ៏កាចសាហាវមួយនេះសោះ។សកម្មភាពនេះគ្រប់មជ្ឈដ្ឋាន ត្រូវបានគេមើលឃើញថា អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ មិនបានយកចិត្តទុកដាក់ រឹតបន្តឹង ចុះហាមឃាត់ទៅលើម្ចាស់បើកកន្លែងកំសាន្តឬក៏អ្នកគ្រប់គ្រងតាមរមណីយដ្ឋាននោះឡើយ។

លោកអ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ នេះថា រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍នៅតែមានភ្ញៀវទៅលេងកម្សាន្ត ដោយមានការប្រមូលផ្ដុំគ្នា នៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ទោះបីបានដាក់នៅបម្រាមហាមឃាត់រួចហើយក្តី។ លោកបន្តថា ម្ចាស់រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍មួយចំនួន ពុំបានអនុវត្តទាំងស្រុងតាមការណែនាំមួយនេះឡើយ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានរៀបរាប់ទៀតថា បើទោះបីជាមិនអនុញ្ញាតិឲ្យមានការជួបជុំគ្នា ដើម្បីជៀសវាងការប្រមូលផ្តុំយ៉ាងណាក៏ដោយ ក៏នៅតែមានអ្នកទៅកម្សាន្តជួបជុំ មិនព្រមស្ដាប់តាមការណែនាំរបស់មន្ទីរទេសចរណ៍ដែរ នេះហើយ គឺជាការព្រួយបារម្ភមួយយ៉ាងខ្លាំងផងដែរ ៕(ពុទ្ធា ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង