ខឹងរឿងគេមិនព្រមផឹកជាមួយ ហៅគ្នាជិះម៉ូតូបុ.កចូលហាង តែចប់ត្រឹមម្ចាស់ហាងទាញទ្វារបិទចាប់ខ្លួន
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ផឹកស៊ីស្រវឹង រួចខឹងរឿងហៅគេទៅផឹកជាមួយ តែគេមិនព្រម ក៏នាំបក្សពួកជិះម៉ូតូប្រដាប់ដោយដាវ និងដំបង បុ.កចូលហាង ដើម្បីធ្វើសកម្មភាពបម្រុងវា.យ ប៉ុន្តែត្រូវម្ចាស់ហាងដឹងខ្លួនទាន់ ក៏ទាញទ្វារបិទ និងឃាត់ខ្លួនបានម្នាក់ភ្លាមៗ ហើយប្រគល់ទៅសមត្ថកិច្ច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចហាងយីហោ «ស៊ុបពពែរស្មីឯករាជ្យ២» ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមសេចក្តីរាយការណ៍បន្តថា ជនបង្កខាងលើនេះ ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០២២ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1JA-4329 ចំណែកវត្ថុតាងរួមមាន ៖ ដំបងមួយដើម ដែលជនសង្ស័យកា.ន់ក្នុងដៃ រួចយកមកបម្រុងធ្វើសកម្មភាពវា.យ។ យោងតាមប្រភពព័ត៌មានបញ្ជាក់ពីម្ចាស់ហាងខាងលើ បានប្រាប់ឱ្យដឹងថា «នៅមុនពេលកើត ជនសង្ស័យបានចូលមកផឹកស៊ីនៅក្នុងហាងរបស់គាត់ បន្ទាប់ពីផឹកស្រវឹង ជនសង្ស័យរូបនេះក៏សុំទៅជល់កែវជាមួយភ្ញៀវនៅតុផ្សេងក្បែរគ្នា រួចហៅអោយគេឱ្យទៅអង្គុយផឹកជាមួយ តែគេមិនព្រមជល់កែវ និងផឹកជាមួយនោះទេ»។ ម្ចាស់ហាងបន្តថា «ភ្លាមៗនោះ ជនសង្ស័យរូបនេះស្រាប់តែខឹងគេ បែរជាកូរគេឯងពេញក្នុងហាង ពេលនោះរូបគាត់ជាម្ចាស់ហាងក៏ធ្វើការសំរួលឱ្យចប់រឿងរួចរាល់ហើយ ស្រាប់តែជនសង្ស័យរូបនេះជិះម៉ូតូចេញទៅបាត់។ លុះមួយសន្ទុះក្រោយមក ក៏ទៅហៅបក្សពួកមួយក្រុមជិះម៉ូតូ៤គ្រឿង ប្រដាប់ដោយដាវ និងដំបង មកធ្វើសកម្មភាព ដោយជនសង្ស័យរូបនេះជិះម៉ូតូបុ.កចូលហាងតែម្នាក់ឯងមុនគេ។ ភ្លាមៗនោះ រូបគាត់ជាម្ចាស់ហាងក៏បានទាញទ្វារបិទទាន់ រួចនាំគ្នាចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗ ចំណែកឯបក្សពួកផ្សេងទៀត ក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនទៅបាត់អស់ទៅ»។ គួរបញ្ជាក់ថា នៅពេលឃាត់បានជនសង្ស័យខាងលើនេះហើយ ម្ចាស់ហាងក៏បានទាក់ទងប្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឱ្យចុះទៅអន្តរាគមន៍នាំខ្លួនជនសង្ស័យទៅសួរនាំភ្លាមៗ។ ក្រោយពេលកើតហេតុ បន្ទាប់ពីម្ចាស់ហាងបានមកបំភ្លឺ និងដាក់ពាក្យបណ្ដឹងរួច សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធីបន្តពេលក្រោយទៀត៕ សម្រួលដោយ ទៀង បុណ្ណរី