សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យសហភាពសហព័ន្ធយុវជនកម្ពុជា បន្តរៀបចំកម្មវិធី និងចូលរួមរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយអយុត្តិធម៌ ក្នុងជំនាន់ប៉ុល ពត
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា គោរពវិញ្ញាណក្ខន្ធជូនជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានលំឱនកាយ វាចា ចិត្ត គោរពដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋ យុទ្ធជន យុទ្ធនារីក្លាហានដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងដែលបានបូជាជីវិតដើម្បីបុព្វហេតុរំដោះជាតិមាតុភូមិ រហូតទទួលបានជ័យជំនះលើបនប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ លោកបានគូសបញ្ជាក់ថា ទោះបីអស់លោកទាំងឡាយបានចែកឋានអស់រយៈកាល ជាង៤៥ ឆ្នាំហើយក្តី ក៏យុវជនជំនាន់ក្រោយនៅតែនឹករលឹកដល់វិញ្ញាណក្ខន្ធជនរួមជាតិ ដែលបានស្លាប់យ៉ាងអយុត្តិធម៌ដោយសាររបបវាលពិឃាតនេះ។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានលើកទឹកចិត្តដល់ ស.ស.យ.ក. ឲ្យបន្តកិច្ចការនេះ ដែលជាកាយវិការបញ្ជាក់ពីការចងចាំនូវប្រវត្តិសាស្រ្តដ៏ជូរចត់ដែលប្រជាជនរបស់ខ្លួនបានឆ្លងកាត់ និងកាន់តែយល់ច្បាស់ពីតម្លៃ នៃសុខសន្តិភាពដែលថ្នាក់ដឹកនាំជំនាន់មុនបានពុះពារ និងលះបង់គ្រប់បែបយ៉ាងដើម្បីសម្រេចបាន។ លោកបានអះអាងថា ថ្ងៃស្អែក រាជរដ្ឋាភិបាលកម្ពុជា នឹងអបអរសាទរនូវជ័យជំនះលើរបបប្រល័យពូជសាសន៍ផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី